
ខេត្តព្រះសីហនុ៖ អាជ្ញាធរខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី២៥ ខែកុម្ភៈ បានឃាត់ខ្លួនជនសង្ស័យ៧នាក់ មានជនជាតិចិន និងខ្មែរ ក្រោយពីបានត្រួតពិនិត្យ និងឃើញថា ពួកគេបានរក្សាទុកម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀន នៅគោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលចំនួន៤ទីតាំងផ្សេងគ្នានៅក្នុងក្រុងព្រះសីហនុ។

ប្រភពពីអាជ្ញាធរបានឱ្យដឹងបន្ថែមថា ជនសង្ស័យទាំង៧នាក់ដែលត្រូវបានឃាត់ខ្លួនមានជនជាតិខ្មែរ២នាក់ និងចិន៥នាក់ ហើយបច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានអាជ្ញាធរនាំយកទៅអនុវត្តតាមនីតិវិធីច្បាប់ដោយគ្មានការលើកលែងឡើយ។ គួរបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យទាំង៧នាក់ខាងលើធ្វើឡើយកំលុងពេលអាជ្ញាធរដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិអាកុលនៅ៤គោលដៅផ្សេងៗគ្នា ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយអាជ្ញាធរបានធ្វើការត្រួតពិនិត្យលើរថយន្តតូច និងធំចំនួន៦៧៧គ្រឿង ម៉ូតូនិងPassapp ចំនួន២៩៤គ្រឿង។ ក្នុងពេលត្រួតពិនិត្យអាជ្ញាធរ ក៏បានធ្វើតេស្ដជាតិអាកុលទៅលើអ្នកបើកបរចំនួន១៧នាក់ និងរកឃើញវិជ្ជមានលើជនជាតិចិនម្នាក់។ បន្ថែមលើនេះ អាជ្ញាធរក៏បានផាកពិន័យអ្នកបើកបរម៉ូតូគ្មានមួកសុវត្ថិភាពចំនួន៦នាក់ និងឃាត់រក្សាទុករថយន្ត១គ្រឿង និងម៉ូតូ៣គ្រឿងផងដែរ៕ រាយការណ៍ដោយ៖ ភ្នាក់ងារខេត្តព្រះសីហនុ






