
ខេត្តបាត់ដំបង៖ សមត្ថកិច្ចនគរបាលស្រុកបាណន់ បានចុះបង្រ្កាបករណីគ្រឿងញៀនមួយករណីនៅចំណុចភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ឃាត់ខ្លួនបានជនសង្ស័យប្រុស-ស្រីចំនួន០៧នាក់ ព្រមទាំងដកហូតបានម្សៅក្រាមពណ៌-សថ្លា សង្ស័យជាសារធាតុញៀនចំនួន៧១ថង់...។

ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅរសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា កាលពីវេលាម៉ោង១៥ៈ៣០នាទីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកវរសេនីយ៍ទោ សំ វីរៈ អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុក ធ្វើការបង្ក្រាបករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណីក្នុងបទល្មើសជាក់ស្តែង ដែលក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចចាប់ឃាត់ខ្លួនជនសង្ស័យបាន០៤នាក់រួមមាន៖ទី១-ឈ្មោះ ផាត ម៉ាប់ ហៅបូក ភេទប្រុស អាយុ២៣ឆ្នាំ, ទី២-ឈ្មោះ វណ្ណថន ទ្រីយ៉ានុត ភេទស្រី អាយុ២០ឆ្នាំ, ទី៣-ឈ្មោះ យ៉ន ហេង ភេទប្រុស អាយុ១៩ឆ្នាំ, និងទី៤-ឈ្មោះ ទេព មករា ភេទប្រុស អាយុ២០ឆ្នាំ។ ជនសង្ស័យទាំង០៤នាក់ មានទីលំនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ ម្សៅក្រាមពណ៌-សថ្លា សង្ស័យជាសារធាតុញៀនចំនួន៧១ថង់ ទូរសព្ទដៃចំនួន០៣គ្រឿង ថង់សម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បន្ថែមលើនេះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងបន្តថា តាមចម្លើយរបស់ជនសង្ស័យ និងដោយបានការសម្របសម្រួលលើនីតិវិធីពីលោក កែវ សុជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្ត ផងនោះ សមត្ថកិច្ចបានបន្តនីតិវិធីដោយធ្វើការឃាត់ខ្លួនមុខសញ្ញាបានចំនួន០៣នាក់ បន្ថែមទៀតរួមមាន៖ ទី១-ឈ្មោះ ស៊ូ សីហា ភេទប្រុស អាយុ៣២ឆ្នាំ, ទី២- ឈ្មោះ សែន ណន ភេទប្រុស អាយុ២៧ឆ្នាំ, ទី៣- ឈ្មោះ រើម ថៃ ភេទប្រុស អាយុ២៩ឆ្នាំ។ ទាំង០៣នាក់មានទីលំនៅភូមិបឹងក្រសាល ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដែលដកហូតបានមាន៖ ម៉ូតូចំនួន០២គ្រឿង ទូរសព្ទដៃចំនួន០២គ្រឿង សម្ភារពាក់ព័ន្ធសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ សរុបមុខសញ្ញាពាក់ព័ន្ធករណីគ្រឿងញៀននៅក្នុងមូលដ្ឋានដែលសមត្ថកិច្ចបង្រ្កាបបានមានចំនួន០៧នាក់។ បច្ចុប្បន្នជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនទៅផែនជំនាញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕


