
រដ្ឋធានីវ៉ាស៊ីនតោន៖ រដ្ឋការរបស់ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) បានស្នើច្បាប់មួយ ដើម្បីកំណត់ជាផ្លូវការនូវតម្លៃសេវាដ៏ចម្រូងចម្រាស សម្រាប់ការស្នើសុំទិដ្ឋាការការងារ ប្រភេទ H-1B ធ្វើដំណើរទៅកាន់សហរដ្ឋអាម៉េរិក ដោយកំណត់តម្លៃរហូតដល់ចំនួន ១០៣ ២៦៥ដុល្លារ សម្រាប់ការស្នើសុំទិដ្ឋាការប្រភេទនេះ នាពេលអនាគត។ នេះបើតាមបណ្ដាញទូរទស្សន៍ Al Jazeera របស់កាតា បានផ្សាយកាលពីថ្ងៃចន្ទ ទី២៤ ខែសីហា។

កម្រៃសេវាដែលបានស្នើឡើង សម្រាប់កម្មករជំនាញកម្រិតខ្ពស់របស់បរទេស ត្រូវបានចុះផ្សាយ នៅក្នុងព្រឹត្តិបត្រផ្លូវការរបស់រដ្ឋាភិបាលសហរដ្ឋអាម៉េរិក (US Federal Register) ហើយឥឡូវ នឹងត្រូវឆ្លងកាត់ រយៈពេល៣០ថ្ងៃ សម្រាប់ការទទួលមតិយោបល់ពីសាធារណជន។ បន្ទាប់ពីនេះ វិធាននេះ អាចនឹងត្រូវសម្រេចជាស្ថាពរ និងដាក់ឱ្យអនុវត្ត ដោយក្រសួងសន្តិសុខមាតុភូមិ (ក្រសួងមហាផ្ទៃ) ហៅកាត់ DHS។ ការផ្លាស់ប្តូរបែបនេះ នឹងធ្វើឱ្យតម្លៃទិដ្ឋាការការងារប្រភេទនេះ កើនឡើងយ៉ាងខ្លាំង ហើយទិដ្ឋាការប្រភេទនេះ ត្រូវប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងការជ្រើសរើសបុគ្គលិក សម្រាប់វិស័យបច្ចេកវិទ្យា អប់រំ និងការស្រាវជ្រាវ។

កាលពីឆ្នាំ២០២៥ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានដាក់ចេញជាបណ្ដោះអាសន្ននូវការបង់កម្រៃ ចំនួន ១០០ ០០០ដុល្លារអាម៉េរិក សម្រាប់កម្មវិធីទិដ្ឋាការប្រភេទនេះ ប៉ុន្តែបទបញ្ជានេះ ត្រូវបានរារាំង ដោយសេចក្តីសម្រេចរបស់តុលាការ។ សេចក្តីប្រកាសជាបណ្ដោះអាសន្ននោះ នឹងផុតកំណត់ នៅខែកញ្ញា ហើយសំណើថ្មីរបស់ក្រសួងសន្តិសុខមាតុភូមិ (DHS) នឹងជំនួសវិធានការចាស់ ព្រមទាំងកំណត់ឱ្យការបង់កម្រៃនេះ ក្លាយជាវិធានការអចិន្ត្រៃយ៍។

កាលពីខែមិថុនា ចៅក្រមសហព័ន្ធន៍មួយរូប បានសម្រេចថា ការបង់កម្រៃសេវាបែបនេះ គឺខុសច្បាប់ និងបានហាមឃាត់ដល់រដ្ឋបាលរបស់លោកប្រធានាធិបតី ត្រាំ មិនឱ្យប្រមូលប្រាក់បែបនេះឡើយ។ បច្ចុប្បន្ន តុលាការឧទ្ធរណ៍មួយ មានមូលដ្ឋាននៅទីក្រុង Boston កំពុងតែពិនិត្យមើលសេចក្តីសម្រេចនោះ ខណៈតុលាការមួយផ្សេងទៀត កំពុងតែពិចារណា ថាតើចៅក្រមនៅរដ្ឋធានីវ៉ាស៊ីនតោន (Washington, DC) បានសម្រេចត្រឹមត្រូវឬទេ ក្នុងការបដិសេធបណ្តឹងជំទាស់នឹងការបង់កម្រៃនេះ ដែលដាក់ដោយក្រុមធុរកិច្ចធំមួយៗ៕



