ក្រុមអ្នកវិភាគអាម៉េរិក ព្យាករពីតម្លៃស្បៀងអាហារ នឹងកើនឡើងខ្ពស់នៅឆ្នាំ២០២៧
S
Sinuon Nop
11 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រជាជនអាម៉េរិកាំង អាចនឹងជួបប្រទះនូវការឡើងថ្លៃយ៉ាងគំហុក នៃទំនិញជាម្ហូបអាហារក្នុងពេលឆាប់ៗនេះ ដោយសារតែការគំរាមកំហែងជាសកលចំនួនពីរ បានកើតឡើងដំណាលគ្នា ហើយវានឹងដាក់សម្ពាធលើការផ្គត់ផ្គង់ស្បៀងអាហាររបស់ពិភពលោកផងដែរ។ នេះបើតាមសារព័ត៌មានរបស់អង់គ្លេស Daily Mail បានផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី២៤ ខែសីហា។

ការវិភាគថ្មីមួយរបស់វិទ្យាស្ថានអាម៉េរិកាំង JPMorgan បានព្រមាន ថា តម្លៃស្បៀងអាហាររបស់ពិភពលោក អាចនឹងកើនឡើង ចំនួន៥ភាគរយ នៅក្នុងអំឡុងឆមាសទីមួយ នៃឆ្នាំ ២០២៧ ដោយសារតែការខ្វះខាតជីកសិកម្មកើនឡើង ស្របពេលជាមួយនឹងបាតុភូត El Niño ដែលអាចនឹងមានកម្រិតដ៏ខ្លាំងក្លា។ ការគំរាមកំហែងទី១ កំពុងតែកើតឡើង នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស (Persian Gulf) ដែលជាប្រភពផ្គត់ផ្គង់សារធាតុអ៊ុយរ៉េ ជាង៣៦ភាគរយ (Urea) ដែលជាជីកសិកម្ម មានជាតិអាសូតខ្ពស់ សម្រាប់នាំចេញទៅកាន់ពិភពលោក។

លោកស្រីបណ្ឌិត សារះ កាបនីក (Sarah Kapnick) ប្រធានប្រឹក្សាយោបល់ស្ដីបញ្ហាអាកាសធាតុសកលរបស់ JPMorgan បានលើកឡើង ថា ជម្លោះនៅប្រទេសអ៊ីរ៉ង់ បានធ្វើឱ្យការផលិតជីកសិកម្មថយចុះ ហើយការរំខានដល់ការដឹកជញ្ជូន នៅតាមច្រកសមុទ្រ Hormuz បានរឹតត្បិតដល់ការនាំចេញ និងធ្វើឱ្យតម្លៃកើនឡើង។ ស្របគ្នានេះ លោកស្រី បានព្រមាន ថា ការខ្វះខាតទាំងនោះ អាចនឹងចាប់ផ្តើមប៉ះពាល់ដល់ទិន្នផលដំណាំ ក្នុងរយៈពេលប៉ុន្មានខែខាងមុខ ដោយចាប់ផ្តើមពីដំណាំពោត នៅអាម៉េរិកខាងត្បូង នៅមុននឹងបន្តប៉ះពាល់ដល់ដំណាំស្រូវសាលី នៅសហរដ្ឋអាម៉េរិក និងប្រទេសផលិតធំៗផ្សេងៗទៀត ក៏ដូចជា ដំណាំស្រូវ នៅទូទាំងទ្វីបអាស៊ី …ជាដើម។

ស្របពេលគ្នានេះដែរ បាតុភូត El Niño ក៏អាចបង្កការរំខានដល់កម្រិតទឹកភ្លៀង និងសីតុណ្ហភាព នៅជុំវិញពិភពលោក ហើយវានឹងធ្វើឱ្យតំបន់កសិកម្មសំខាន់ៗ ប្រឈមមុខនឹងគ្រោះរាំងស្ងួត ទឹកជំនន់ និងកម្ដៅក្ដៅខ្លាំង។ រីឯបណ្ដាប្រទេស ស្ថិតក្នុងតំបន់ត្រូពិក ជាពិសេស ប្រេស៊ីល និងឥណ្ឌា គឺជាប្រទេសប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត ដោយសារប្រទេសទាំងនេះ ពឹងផ្អែកខ្លាំងលើជីកសិកម្ម មកពីតំបន់ឈូងសមុទ្រពែរ្ស ហើយក៏ស្ថិតក្នុងតំបន់ធ្លាប់រងផលប៉ះពាល់ពីការខូចខាតដំណាំ ដោយសារបាតុភូត El Niño ផងដែរ។

មួយវិញទៀត ទោះជាសហរដ្ឋអាម៉េរិក អាចនឹងគេចផុតពីផលប៉ះពាល់ដោយផ្ទាល់ដ៏ធ្ងន់ធ្ងរបំផុតយ៉ាងណាក៏ដោយ ក៏ប្រជាជនអាម៉េរិកាំង នៅតែអាចនឹងត្រូវចំណាយប្រាក់ កាន់តែច្រើន សម្រាប់ស្បៀងអាហារ ដោយសារទិន្នផលដំណាំសកលធ្លាក់ចុះ ហើយតម្លៃដំណាំ ជីកសិកម្ម និងទំនិញសំខាន់ៗ ដែលនាំចូល មានការកើនឡើងខ្ពស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត