
រាជធានីបាងកក៖ អាជ្ញាធរសន្តិសុខថៃ បានប្រកាសបម្រាមគោចរបន្ទាន់នៅទូទាំងខេត្តភាគខាងត្បូង រួមមានខេត្តប៉ាតានី ខេត្តនិរាធិវាស និងខេត្តជាល ឬយ៉ាឡា កាលពីយប់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីក្រុមប្រដាប់អាវុធមិនស្គាល់អត្តសញ្ញាណ បានបើកការវាយប្រហារសម្រុកក្នុងពេលតែមួយ ដោយបានដុតបំផ្លាញហាងទំនិញ អគាររដ្ឋបាលរបស់រដ្ឋ ផ្លុងគ្រាប់បែក និងដុតបង្គោលអង់តែនទូរសព្ទជាច្រើនកន្លែង។

ហេតុការណ៍ចលាចលនេះ បានចាប់ផ្តើមឡើងនៅវេលាម៉ោងប្រមាណ៨:៤៥នាទីយប់ នៅពេលដែលក្រុមប្រដាប់អាវុធលើសពី១០នាក់ ប្រដាប់ដោយកាំភ្លើងវែង-ខ្លី បាញ់គំរាម ដេញអតិថិជន និងបុគ្គលិកចេញ និងបានដាក់គ្រាប់បែកបំផ្ទុះ ដុតបំផ្លាញហាងទំនិញដ៏ល្បីមួយកន្លែងក្នុងស្រុកយ៉ារីង Yaring ខេត្តប៉ាតានី។ ក្នុងពេលដំណាលគ្នានោះ ក្រុមបង្កហេតុបានដុតកង់រថយន្តនៅលើផ្លូវសាធារណៈ ដើម្បីរារាំងការធ្វើដំណើររបស់សមត្ថកិច្ច។

មិនតែប៉ុណ្ណោះ នៅវេលាម៉ោងប្រមាណ១០:៣០នាទីយប់ ក្រុមប្រដាប់អាវុធឈុតខ្មៅមួយក្រុមទៀត បានសម្រុកចូលអគារសាលាក្រុងតាលូបាន Taluban ក្នុងស្រុកសៃប៊ូរី Saiburi ដោយបានចាប់ខ្លួនឆ្មាំសុវត្ថិភាព២នាក់ មុនពេលពួកគេដាក់គ្រាប់បែកបំផ្ទុះ និងដុតបំផ្លាញអគារសាលាក្រុងកម្ពស់៣ជាន់ បណ្ដាលឱ្យមានអគ្គិភ័យឆេះយ៉ាងសន្ធោសន្ធៅ។ ជាមួយគ្នានេះ នៅក្នុងខេត្តជាល ឬយ៉ាឡា ក្រុមប្រដាប់អាវុធក៏បានដុតបំផ្លាញបង្គោលអង់តែនទូរគមនាគមន៍ និងយានយន្តរបស់អង្គភាពរដ្ឋបាលមូលដ្ឋានផងដែរ។

ដើម្បីគ្រប់គ្រងស្ថានការណ៍ដែលកំពុងមានភាពតានតឹង កងកម្លាំងចម្រុះរបស់ខេត្តនរាធិវាស បានប្រកាសបម្រាមគោចរហាមឃាត់ប្រជាពលរដ្ឋមិនឱ្យចាកចេញពីផ្ទះ ចាប់ពីម៉ោង១០:១៥នាទីយប់ ដល់ម៉ោង៦ព្រឹកថ្ងៃទី២៣ ខែសីហា។ បច្ចុប្បន្ន ក្រុមពន្លត់អគ្គិភ័យ និងកងកម្លាំងសន្តិសុខ បានបិទខ្ទប់តំបន់កើតហេតុ ដើម្បីរុករកឧបករណ៍ផ្ទុះដែលនៅសេសសល់ និងកំពុងបើកការស៊ើបអង្កេត ដើម្បីតាមស្វែងរកមុខសញ្ញាដែលនៅពីក្រោយការវាយប្រហារដ៏ធំនេះ។

គួរបញ្ជាក់ថា តំបន់ភាគខាងត្បូងនៃប្រទេសថៃ (ជាពិសេសខេត្តប៉ាតានី ខេត្តនិរាធិវាស និងខេត្តយ៉ាឡា) បានប្រឈមមុខនឹងជម្លោះប្រដាប់អាវុធរ៉ាំរ៉ៃ អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដោយសារក្រុមបំបែកខ្លួន និងក្រុមសកម្មប្រយុទ្ធក្នុងស្រុកបានតស៊ូប្រឆាំងនឹងរាជរដ្ឋាភិបាលកណ្តាលរាជធានីបាងកក ដើម្បីទាមទារស្វ័យតភាព ឬឯករាជ្យភាព។ អំពើហិង្សានៅក្នុងតំបន់នេះតែងផ្ទុះឡើងជាបន្តបន្ទាប់ តាមរយៈការដាក់គ្រាប់បែកស្ទាក់វាយប្រហារ និងការបង្កចលាចលលើហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ដែលបានឆក់យកជីវិតមនុស្សរាប់ពាន់នាក់ ចាប់តាំងពីឆ្នាំ២០០៤មក៕




