
ខេត្តក្រចេះ៖ ជនសង្ស័យ២នាក់ដែលជាបងប្អូន បានសហការគ្នាលួចទូរសព្ទគេ ហើយត្រូវបានសមត្ថកិច្ចស្រុកចិត្របុរី ឃាត់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់តាមការផ្លូវច្បាប់។

សមត្ថកិច្ច បានឱ្យដឹងថា ករណីនេះ បានកើតឡើង កាលពីព្រឹក ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ នៅផ្ទះប្រជាពលរដ្ឋ ស្ថិតនៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ខណ:នោះ ម្ចាស់ផ្ទះបានចេញទៅហាត់ប្រាណ។ ឃើញឱកាសល្អបែបនេះ ជនសង្ស័យ ឈ្មោះ អ៊ាន សុខខៀវ ភេទប្រុស បានចូលលួចយកទូរសព្ទដៃ ចំនួន២គ្រឿង រួមមាន ម៉ាក iPhone ពណ៌មាស របស់ស្ត្រីឈ្មោះ មាន យី និងទូរសព្ទម៉ាក OPPO ពណ៌ស ជារបស់ចៅប្រុស។

ក្រោយទទួលបានបណ្ដឹង សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី ក៏បានចុះស្រាវជ្រាវភ្លាមៗ និងនាំខ្លួនជនសង្ស័យ មកសាកសួរ។ នៅចំពោះមុខប៉ូលិស ជនសង្ស័យបានឆ្លើយសារភាព ថា រូបគេពិតជាបានលួចទូរសព្ទរបស់ឈ្មោះ មាន យី និងឈ្មោះ ចន រដ្ឋា រួចយកទៅឱ្យបងប្រុស ជួយលាក់ទុក។ សមត្ថកិច្ចបន្ថែម ថា នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ សមត្ថកិច្ចបាននាំខ្លួនឈ្មោះ អ៊ាន បូលី មកសាកសួរ នៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី។ ជនសង្ស័យរូបនេះក៏បានឆ្លើយសារភាព ថា ខ្លួនពិតជាបានទទួលទូរសព្ទ ដែលប្អូនប្រុសលួចពីគេ យកមកលាក់ទុកប្រាកដមែន៕ រាយការណ៍ដោយ៖ លោក សារីណែត



