
ខេត្តបន្ទាយមានជ័យ៖ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃចន្ទ ទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជូនក្រុមក្មេងទំនើងមានគ្នា៧នាក់ ដែលបានធ្វើសកម្មភាពដេញកាប់មន្រ្តីយោធា ពេលកំពុងបំពេញភារកិច្ច ទៅកាន់សាលាដំបូងខេត្តហើយ ដើម្បីអនុវត្តតាមផ្លូវច្បាប់។

លោកវរសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា កាលពីថ្ងៃទី២១ ខែសីហា កម្លាំងសមត្ថកិច្ច បានចុះទៅដល់ចំណុចកំណាត់ផ្លូវកៅស៊ូ ស្ថិតក្នុងភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយបានឃាត់ខ្លួនជនសង្ស័យ ចំនួន៧នាក់ រួមមាន៖ ឈ្មោះ សុខា សុខន, សុទ្ធ គឹមសៀង, រួន រ៉ុង,តូ ស៊ីនាង,ហឿន រ៉ា, កួយ ធិង និងឈឿត ឆេន ដែលបានធ្វើសកម្មភាពជិះម៉ូតូ ហើយបានទាញយកកាំបិតខ្វែវ កាប់ទៅលើជនរងគ្រោះ ខណៈកំពុងចុះល្បាត តែសំណាងល្អ បានគេចផុតពីគ្រោះថ្នាក់។

ប្រតិបត្តិការនេះ មន្រ្តីជំនាញបានដកហូតវត្ថុតាង មានដូចជា កាំបិតខ្វែវចំនួន១, ម៉ូតូចំនួន៣គ្រឿង។ ស្របគ្នានោះ សមត្ថកិច្ចក៏បានធ្វើតេស្តទឹកនោម រកសារធាតុញៀននៅក្នុងខ្លួនរបស់ក្រុមក្មេងទំនើងទាំងនេះ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញម្នាក់ឈ្មោះ ឈឿត ឆេន មានផ្ទុកសារធាតុញៀន។ បន្ទាប់ពីសាកសួរ ក្រុមក្មេងទំនើងទាំងនោះ បានឆ្លើយសារភាព ថា ពួកគេពិតជាបានទាញយកកាំបិត កាប់ទៅលើជនរងគ្រោះប្រាដកមែន៕ រាយការណ៍ដោយ៖ លោក ឈុនមករា



