
ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦នេះ បានបញ្ជូនជនសង្ស័យចំនួន១០នាក់ ទៅសាលាដំបូង ពាក់ព័ន្ធនឹងករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន និងកាន់កាប់អាវុធ ដោយគ្មានការអនុញ្ញាត។

លោកអនុសេនីយ៍ឯក តិល តៃលីវ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថា កាលពីថ្ងៃទី២១ និង ថ្ងៃទី២២ ខែសីហាកន្លងទៅ មន្រ្តីជំនាញបានចុះបង្រ្កាបជនសង្ស័យទាំង១០នោះ នៅចំណុចភូមិអូរជ្រៅ ភូមិក្បាលកោះ សង្កាត់អូរជ្រៅ និងភូមិប្រជាធម្មលិច សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត មានដូចជា៖ ឌឿក សុផលនូវ, សំអ៊ុល, គិន ភ័ក្ត្រ, កែវ ថៃ, ណន សំណាង, ឌិង សារ័ត្ន, រឿន យ៉ាប់, រ៉េត ចំណាន,ឡាយ តុន, ចាន់ ពិសី។ ចំណែកវត្ថុតាងដែលដកហូតបាន រួមមាន៖ គ្រឿងញៀនប្រភេទម្សៅ ក្រាមពណ៌សថ្លា (ICE) ចំនួន៧០កូនថង់កិប ទម្ងន់២៧,៦១ក្រាម, គ្រឿងញៀន ប្រភេទថ្នាំគ្រាប់រាងមូលពណ៌ក្រហមក្បឿង (WY) ចំនួនមួយកូនថង់កិប ទម្ងន់០,៣២ក្រាម។ ក្រៅពីនេះ សមត្ថកិច្ច ក៏ដកហូតបានម៉ូតូចំនួន២គ្រឿង,ទូរសព្ទចំនួន៣គ្រឿង និងសម្ភារមួយចំនួនទៀត។

លោកមេបញ្ជាការបន្ថែម ថា ក្រោយសាកសួរ ជនសង្ស័យបានឆ្លើយសារភាព ថា ពួកគេពិតជាបានទិញគ្រឿងញៀន មករក្សាទុក ដើម្បីលក់ និងប្រើប្រាស់ប្រាកដមែន។ ចំណែកកាំបិត ដែលពួកគេដាក់តាមម៉ូតូនោះ គឺដើម្បីការពារខ្លួន៕ រាយការណ៍ដោយ៖ លោក ឈុនមករា



