កូរ៉េខាងជើងចេញមុខថ្កោលទោស សមយុទ្ធអាម៉េរិក–កូរ៉េខាងត្បូង
ហៀប ស៊ីថេត
មួយថ្ងៃមុន

រដ្ឋធានីព្យុងយ៉ាង៖ នៅថ្ងៃទី១៤ ខែសីហានេះ កូរ៉េខាងជើង បានថ្កោលទោសសមយុទ្ធយោធារួម «Ulchi Freedom Shield 2026» របស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ដែលគ្រោងធ្វើចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី២៧ ខែសីហា ដោយចាត់ទុកថា សកម្មភាពនេះ ជាការបង្កហេតុខ្លាំងជាងឆ្នាំមុន។ មេដឹកនាំរបបព្យុងយ៉ាង ថែមទាំងចោទប្រកាន់សមយុទ្ធនេះថា ជាកិច្ចសហប្រតិបត្តិការយោធាអន្តរត្រីកោណ រវាងសហរដ្ឋអាម៉េរិក ជប៉ុន និងកូរ៉េខាងត្បូង ដែលបាននិងកំពុងវិវត្តទៅជាសម្ព័ន្ធភាពនុយក្លេអ៊ែរ...។

សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង គ្រោងធ្វើសមយុទ្ធយោធារួមគ្នា Ulchi Freedom Shield 2026 ពីថ្ងៃទី១៧ដល់ថ្ងៃទី២៧ ខែសីហា ខណៈសមយុទ្ធឆ្នាំនេះ នឹងបញ្ចូលការហ្វឹកហាត់ប្រឆាំងនឹងការវាយប្រហារដោយដ្រូន ការរំខានប្រព័ន្ធ GPS និងការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិត ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃសមត្ថភាពយោធារបស់កូរ៉េខាងជើង។ ក្រសួងបង្រួបបង្រួមជាតិកូរ៉េខាងត្បូង បានបញ្ជាក់ថា នេះគឺជាលើកដំបូង ដែលកូរ៉េខាងជើងចេញសេចក្ដីថ្លែងការណ៍ផ្លូវការ ឆ្លើយតបចំពោះសមយុទ្ធដែលនឹងចាប់ផ្តើមក្នុងពេលឆាប់ៗខាងមុខដ៏ខ្លីនេះ។

ជាទម្លាប់ទៅហើយ កូរ៉េខាងជើង តែងចាត់ទុកសមយុទ្ធយោធារួមរបស់សហរដ្ឋអាម៉េរិក និងកូរ៉េខាងត្បូង ជាសកម្មភាពបង្កហេតុ និងជាការហ្វឹកហាត់សម្រាប់ការឈ្លានពានប្រទេសខ្លួន។ យ៉ាងណា រដ្ឋធានីសេអ៊ូល និងវ៉ាស៊ីនតោន អះអាងថា សមយុទ្ធនេះមានគោលបំណងពង្រឹងសមត្ថភាពការពារខ្លួន និងត្រៀមឆ្លើយតបចំពោះការគំរាមកំហែងដែលអាចកើតមាន។ ទោះជាយ៉ាងនេះក្ដី រដ្ឋធានីព្យុងយ៉ាង ព្រមានថា នឹងឆ្លើយតបចំពោះអ្វីដែលខ្លួនហៅថា «កម្រិតនៃការគំរាមកំហែងថ្មី»​ ខណៈប្រទេសប្រកាន់យករបបផ្តាច់ការមួយនេះ ក៏បានចោទសហរដ្ឋអាម៉េរិក កំពុងអនុវត្តយុទ្ធសាស្ត្រនុយក្លេអ៊ែរដែលអាចបង្កើនហានិភ័យនៃសង្គ្រាមប្រល័យលោក។ សូមជម្រាបផងដែរ ការព្រមាននេះ កើតឡើងបន្ទាប់ពីកូរ៉េខាងជើងបានបាញ់មីស៊ីលបាលីស្ទីក ចូលទៅក្នុងសមុទ្ទ កាលពីថ្ងៃទី១២សីហា ដែលជាការបាញ់មីស៊ីលលើកទី២ ក្នុងរយៈពេលមិនដល់មួយសប្តាហ៍ឡើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត