
រាជធានីឡុងដ៍៖ នៅក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ពួកហេកឃើរដែលគេសង្ស័យ មានទំនាក់ទំនងជាមួយនឹងប្រទេសអ៊ីរ៉ង់ បានចូលទៅវាយលុកតាមប្រព័ន្ធអ៊ិនធើរណេត រហូតធ្វើឱ្យរោងចក្រថាមពលអគ្គិសនីរបស់ចក្រភពអង់គ្លេស គាំងលែងដំណើរការនូវប្រតិបត្ដិការរបស់ខ្លួន អស់រយៈពេលជាច្រើនថ្ងៃ ប៉ុន្ដែសកម្មភាពរបស់ក្រុមនេះ មិនបានកាត់បន្ថយដល់ការផលិតអគ្គិសនីរបស់ប្រទេសមហាអំណាចលោកខាងលិចមួយនេះឡើយ។

សារព័ត៌មាន The Guardian បានផ្សាយ កាលពីថ្ងៃអាទិត្យ ទី២៣ ខែសីហា ថា ការវាយលុកតាមប្រព័ន្ធអ៊ិនធើរណេត បណ្ដាលឱ្យគាំងដល់ប្រតិបត្ដិការរោងចក្រអគ្គិសនីមួយរបស់ចក្រភពអង់គ្លេស លែងដំណើរការ អស់រយៈពេល៤ថ្ងៃ។ ឧប្បត្ដិហេតុនេះ បានបង្ហាញការកត់សម្គាល់អំពីការកើនឡើងកម្ដៅ ដែលជាការសងសឹករបស់រដ្ឋាភិបាលក្រុងតេហ៊ីរ៉ង់ ប្រឆាំងនឹងចក្រភពអង់គ្លេស អនុញ្ញាតឱ្យសហរដ្ឋអាម៉េរិក ប្រើប្រាស់មូលដ្ឋានកងទ័ពអាកាសនានារបស់ខ្លួន វាយប្រហារមកលើប្រទេសអ៊ីរ៉ង់។

ក្រុមហេកឃើរ (Hackers) ដែលមានទំនាក់ទំនងជាមួយប្រទេសអ៊ីរ៉ង់ ត្រូវបានគេចោទប្រកាន់ថា ជាអ្នកនៅពីក្រោយការវាយប្រហារតាមប្រព័ន្ធអ៊ិនធើរណេត បណ្តាលឱ្យរោងចក្រផលិតថាមពលមួយរបស់ចក្រភពអង់គ្លេស ត្រូវផ្អាកដំណើរការ ជាបណ្តោះអាសន្ន។ ប៉ុន្ដែបើតាមរដ្ឋាភិបាលចក្រភពអង់គ្លេស បានឱ្យដឹងថា ហេតុការណ៍នេះ ពាក់ព័ន្ធនឹងរោងចក្រផលិតថាមពលខ្នាតតូចមួយ ហើយវាមិនបានបង្កឱ្យមានហានិភ័យដល់ប្រព័ន្ធថាមពលទាំងមូលនោះឡើយ។ បើតាមសារព័ត៌មាន The Telegraph បានឱ្យដឹងថា រោងចក្រថាមពលនោះ បានបិទរយៈពេល៤ថ្ងៃ ដោយសារការវាយប្រហាររបស់ក្រុមហេកឃើរ។

អ្នកនាំពាក្យក្រសួងសន្តិសុខថាមពលចក្រភពអង់គ្លេស បានថ្លែងថា៖ «ព័ត៌មាននេះ និយាយអំពីហេតុការណ៍ ដែលប៉ះពាល់ដល់ឧបករណ៍ផលិតថាមពលខ្នាតតូចមួយ តែវាមិនបានបង្កហានិភ័យណាមួយ ដល់ប្រព័ន្ធថាមពលទាំងមូលនោះទេ។ ចក្រភពអង់គ្លេស មានប្រព័ន្ធថាមពលដែលមានភាពធន់ខ្ពស់។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយវិស័យថាមពល ដើម្បីការពារហេដ្ឋារចនាសម្ព័ន្ធ និងធានាឱ្យបាននូវស្តង់ដារសុវត្ថិភាពខ្ពស់បំផុត»។ ស្របគ្នានេះដែរ មជ្ឈមណ្ឌលជាតិសម្រាប់សន្តិសុខតាមអ៊ិនធើរណេត (NCSC) ដែលទទួលបន្ទុកដោះស្រាយបញ្ហាការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មិនបានទទួលរបាយការណ៍ អំពីការដាច់ចរន្តអគ្គិសនីណាមួយ ពីប្រតិបត្តិកររោងចក្រថាមពល ស្ថិតក្រោមការគ្រប់គ្រងនោះឡើយ៕



