ឃាត់ខ្លួនជនជាតិវៀតណាម៤​​នាក់ពាក់ព័ន្ធករណីគ្រឿងញៀន ដោយរឹបអូសបានជាង៣គីឡូក្រាម
យិត​​ ស្រីល័ក្ខ
01 មេសា 2024 10:27 AM

រាជធានីភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគឿងញៀន បានឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៤នាក់ និងរឹបអូសថ្នាំញៀនបានជាង៣គីឡូនិងសារធាតុគីមីផ្សំ៨គីឡូក្រាម​​ នៅសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។​​ នេះបើយោងតាមការឱ្យដឹងពីមន្ទីរប្រឆាំងគ្រឿងញៀន​​កាលពីយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤។

មន្ទីរប្រឆាំងគ្រឿងញៀន​​ បានគូសបញ្ជាក់ថា​ កាលពីវេលាម៉ោង២២:៣០នាទីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ​​ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបនៅចំណុច តាមបណ្តោយផ្លូវ៤៣២ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លទ្ធផលកម្លាំងជំនាញចាប់ខ្លួនជនល្មើស៤នាក់រួមមាន៖ ទី១ ឈ្មោះ ង្វៀង កាវយូយ ភេទប្រុស ជនជាតិវៀតណាម អាយុ២៨ឆ្នាំ។​​ ទី២.ឈ្មោះ ង្វៀង ម៉ាយសុងហៀន ភេទប្រុស ជនជាតិវៀតណាម ឆ្នាំកំណើត២២។​​ ទី៣.ឈ្មោះ ង្វៀង ហ៊យយី ភេទប្រុស ជនជាតិវៀតណាម អាយុ៣៤ឆ្នាំ។ ​​​​ទី៤.ឈ្មោះ ង្វៀង យីតាំ ភេទប្រុស ជនជាតិវៀតណាម អាយុ២៩ឆ្នាំ។​​ ប្រភពដដែលបានឱ្យដឹងបន្តថា​​ វត្ថុតាងដែលមន្រ្តីជំនាញរឹបអូសបានរួមមាន៖ គ្រឿងញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់១១៤៤ ក្រាម នីមេតាហ្សេប៉ាម (Nemetazepham) ទម្ងន់ ២០៣២ ក្រាម។ សរុបរួមសារធាតុញៀនទម្ងន់ (៣គីឡូ និង១៧៦ក្រាម)។​​

ក្នុងនោះមានសារធាតុគីមីផ្សំទម្ងន់ (៨គីឡូ ៤៥៨ក្រាម) និងឧបករណ៍កែច្នៃមួយចំនួនធំផងដែរ។  សូមជម្រាបថា​​ បច្ចុប្បន្នជនល្មើសទាំង ៤នាក់ និងវត្ថុតាងត្រូវបានកម្លាំងជំនាញ កសាងសំណុំរឿងបញ្ជូន ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ និងបន្តស្រាវជ្រាវ ដើម្បីតាមរកមេខ្លោង និងអ្នកពាក់ព័ន្ធផ្សេងទៀត មកផ្តន្ទាទោសតាមច្បាប់។​​ សូមរំឭកថា​ កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤ កន្លង​​មក មន្ទីរប្រឆាំងគ្រឿងញៀន បានបង្រ្កាបករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនចាប់ខ្លួនជនជាតិវៀតណាម២នាក់ និងរឹបអូសគ្រឿងញៀនបានជិត៧០០គីឡូក្រាម នៅរាជធានីភ្នំពេញ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត