
ក្រុងព្រះសីហនុ៖ យ៉ាងហោចណាស់មានជនជាតិវៀតណាមប្រមាណ១០នាក់ ត្រូវកម្លាំងកងរាជអាវុធខេត្តព្រះសីហនុចាប់ខ្លួន ពាក់ព័ន្ធករណីប្រើសប្រាស់គ្រឿងញៀន ប្រភេទថ្នាំក្រវី នៅចំណុចសេតេ ខាងក្រោយផ្ទះសូវៀត ស្ថិតនៅភូមិ២ សង្កាត់៣ ក្រុងព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៦មិថុនា ឆ្នាំ២០២៤ ។

មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងថា ប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋ លើកឡើងថា មានជនបរទេសមួយក្រុម កំពុងប្រមូលផ្តុំគ្នាប្រើប្រាស់ថ្នាំញៀននៅទីតាំងខាងលើ ទើបកម្លាំងជំនាញថនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បើកការស្រាវជ្រាវ រហូតឈាន់ដល់ការបង្ក្រាបជនជាតិវៀតណាមប្រមាណជិត១០នាក់ រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួន ព្រមទាំងរថយន្ត២គ្រឿង និងអាវុធខ្លីចំនួន២ដើមផងដែរ។

មន្ត្រីកងរាជអាវុធហត្ថ បានឱ្យដឹងបន្តថា បច្ចុប្បន្ន ជនសង្ស័យខាងលើ រួមនិងវត្ថុតាងត្រូវបាននាំខ្លួន និងយកទៅកាន់កងរាជអាវុធហត្ថខេត្តព្រះសីហនុ ដើម្បីសួរនាំ និង ស្រាវជ្រាវរកបក្ខពួកជនសង្ស័យផ្សេងទៀត ដើម្បីអនុវត្តបន្តទៅតាមនីតិវិធីច្បាប់...៕







