ឃាត់ខ្លួនជនជាតិចិនម្នាក់ ​​ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង២គីឡូក្រាម
យិត​​ ស្រីល័ក្ខ
28 កុម្ភៈ 2024 04:00 PM

រាជធានីភ្នំពេញ៖​​ កម្លាំងសមត្ថកិច្ចនៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ និងរឹបអូសសារធាតុញៀនសរុបបាន២០៨១,៤១ក្រាម នៅខណ្ឌមានជ័យ​​ និងខណ្ឌចំការមន រាជធានីភ្នំពេញ...។

មន្ទីរប្រឆាំងគ្រឿងញៀន បានគូសបញ្ជាក់ឱ្យដឹងនៅរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ថា កាលវេលាម៉ោង១៣ៈ៤០នាទីថ្ងៃទី២៥កុម្ភៈកន្លងទៅ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការបង្រ្កាបករណីជួញដូររក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន២គោលដៅផ្សេងគ្នារួមមាន៖​​ គោលដៅទី១.នៅមុខសណ្ឋាគារកាសា ផ្លូវបេតុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគោលដៅទី២.នៅខុនដូរ R&F ជាន់ទី២៩ បន្ទប់លេខ២៩០៦ ផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។​​ ប្រភពដដែលបានឱ្យដឹងបន្តទៀតថា​​ ជាលទ្ធផលនៃការបង្ក្រាបនេះ មន្រ្តីជំនាញឃាត់បានជនសង្ស័យម្នាក់ ជាជនជាតិចិន ឈ្មោះ តាក ជ័ង (DA ZHANG) ភេទប្រុស​​ អាយុ៣៤ឆ្នាំ។​​ ចំពោះវត្ថុតាងដែលដកហូតបានរួមមាន៖ គ្រឿងញៀនប្រភេទអ៊ិចស្តាស៊ី (MDMA) ទម្ងន់៤៥០,៩១ក្រាម គ្រឿងញៀនប្រភេទកេតាមីន (KETAMINE) ទម្ងន់១៦២៤,៥២ក្រាម​ គ្រឿងញៀនប្រភេទនីមេតាហ្សេប៉ាម (Nimetazepam) ទម្ងន់ ៥,៩៨ក្រាម។​​​​ បច្ចុប្បន្នជនសង្ស័យ រួមនិងវត្ថុតាងខាងលើ កម្លាំងជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញតាមនីតិវិធីហើយ។

គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤
គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤

សូមរំឭកថា​ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមក ​​សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបនៅខណ្ឌចំការមន​​ និងខណ្ឌបឹងកេងកង ឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់៣នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកសារធាតុញៀនដកហូតបានវត្ថុតាងរួមមាន៖​ សារធាតុញៀនអ៊ិចស្តាស៊ី (MDMA) ទម្ងន់១៦គីឡូ និង១៣៦,១២ក្រាម សារធាតុញៀនកេតាមីន(Ketamine) ៣៦០ក្រាម​​ សារធាតុញៀនអ៊ិនីមេតាហ្សេប៉ាម១,៩៨ក្រាម និងសារធាតុមិនច្បាស់ទម្ងន់៥៦២២ក្រាម។ រីឯសម្ភារផ្សេងៗទៀតដែលរឹបអូសបានមានដូចជាទូរសព្ទដៃ០៤គ្រឿង និងជញ្ជីងថ្លឹង៣គ្រឿងផងដែរ៕

គ្រឿងញៀនដែលសមត្ថកិច្ចរឹបអូសបានកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត