ប្រទេសណាហ៊ានគាំទ្រអ៊ីរ៉ង់ ដឹងតែរឿងធំជាមួយ ត្រាំ ហើយ
ហៀប ស៊ីថេត
15 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ នៅថ្ងៃទី២០ ខែសីហា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានព្រមានពីផលវិបាកសេដ្ឋកិច្ចធ្ងន់ធ្ងរប្រឆាំងនឹងប្រទេសទាំងហ្លាយណាដែលផ្តល់ជំនួយគាំទ្រ ឬហុចបំពង់អុកស៊ីសែនឱ្យអ៊ីរ៉ង់ដកដង្ហើម ខណៈរដ្ឋធានីវ៉ាស៊ីនតោនអះអាងស្វែងរកដំណោះស្រាយបញ្ចប់សង្គ្រាមដែលខ្លួនបានបង្កាត់ឡើងរួមគ្នាជាមួយអ៊ីស្រាអែល កាលពី៦ខែមុន។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

មនុស្សរាប់ពាន់នាក់ត្រូវបានសម្លាប់នៅក្នុងភ្នក់ភ្លើងសង្គ្រាមមជ្ឈិមបូព៌ា ដែលបានឆាបឆេះរាលដាលយ៉ាងឆាប់រហ័សដល់បណ្តាប្រទេសនានានៅឈូងសមុទ្ទពែក្ស ហើយទីផ្សារសេដ្ឋកិច្ចពិភពលោកត្រូវបានរង្គោះរង្គើ ខណៈអ៊ីរ៉ង់បានបង្ហាញសមត្ថភាពរបស់ខ្លួនក្នុងការត្រួតពិនិត្យការដឹកជញ្ជូនតាមផ្លូវទឹកតាមច្រកសមុទ្ទហ័រមូស្ស ជាកន្លែងដែលប្រេងពាណិជ្ជកម្មប្រហែល ១ភាគ៥ នៃពិភពលោកបានឆ្លងកាត់។ សហរដ្ឋអាម៉េរិក និងអ៊ីរ៉ង់បានប្រកាសកិច្ចព្រមព្រៀងបទឈប់បាញ់ចំនួន២លើករួចមកហើយ គឺនៅក្នុងខែមេសា និងខែមិថុនា ដើម្បីស្តាររំហូរនៃការដឹកជញ្ជូនដោយសេរីតាមច្រកសមុទ្ទហ័រមូស្ស ឱ្យវិលត្រឡប់ទៅកម្រិតមុនសង្គ្រាមវិញ រហូតឈានទៅរកការបញ្ចប់ជម្លោះ ប៉ុន្តែកិច្ចព្រមព្រៀងទាំង២ បានដួលរលំ និងបរាជ័យយ៉ាងឆាប់រហ័ស។

លោក ត្រាំ បានសរសេរលើបណ្តាញសង្គមថា៖«ប្រទេសណាក៏ដោយដែលអនុញ្ញាតឱ្យគ្រឹះស្ថានហិរញ្ញវត្ថុ អាជីវកម្ម អាកាសយានដ្ឋាន ឬអង្គភាពរដ្ឋាភិបាលរបស់ខ្លួន ផ្តល់ជំនួយ ឬច្រកដកដង្ហើមណាមួយដល់អ៊ីរ៉ង់ ប្រទេសនោះនឹងត្រូវប្រឈមមុខនឹងផលវិបាកសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរ»។ សូមជម្រាបថា ការព្រមាន និងការប្រកាសតាមបណ្តាញសង្គមរបស់លោក ត្រាំ មិនមែនសុទ្ធតែត្រូវបានអនុវត្តជាផ្លូវការ ឬជោគជ័យតាមអ្វីដែលបានសរសេរនោះទេ ហើយលោកក៏មិនបានបញ្ជាក់អំពីវិធានការជាក់លាក់ដែលសហរដ្ឋអាម៉េរិកនឹងចាត់ការប្រឆាំងនឹងប្រទេសទាំងនោះដែរ។ អ៊ីរ៉ង់បានស៊ូទ្រាំនឹងសម្ពាធទណ្ឌកម្មសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាបន្តបន្ទាប់ជិត ៥០ឆ្នាំមកហើយ ចាប់តាំងពីបដិវត្តន៍អ៊ិស្លាមឆ្នាំ១៩៧៩។

ថ្មីៗនេះ ប្រទេសអារ៉ាប់រួម ដែលជាទីតាំងមូលដ្ឋានយោធាដ៏ធំរបស់អាម៉េរិក បានប្រកាសផ្អាកសកម្មភាពពាណិជ្ជកម្ម ការផ្លាស់ប្ដូរពាណិជ្ជកម្ម និងប្រតិបត្តិការហិរញ្ញវត្ថុទាំងអស់ជាមួយអ៊ីរ៉ង់ រហូតដល់មានការជូនដំណឹងបន្ថែម។ ការប្រកាសនេះបានធ្វើឡើងបន្ទាប់ពីក្រសួងការពារជាតិអារ៉ាប់រួមបានអះអាងថា ខ្លួនបានរកឃើញមីស៊ីល២គ្រាប់ដែលបាញ់ចេញពីអ៊ីរ៉ង់ធ្លាក់ចូលទៅក្នុងសមុទ្ទ ប៉ុន្តែអ៊ីរ៉ង់បានបដិសេធថាគ្មានមូលដ្ឋានច្បាស់លាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត