
ខេត្តព្រះសីហនុ៖ កាលពីវេលាម៉ោង៣ទាបភ្លឺថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ មានករណីកាប់ចាក់គ្នារវាងជនជាតិចិនដូចគ្នា ធ្វើឱ្យមនុស្សម្នាក់ស្លាប់ និង០៤នាក់ទៀតរងរបួសធ្ងន់ នៅតាមបណ្ដោយផ្លូវលេខ៤០០ ត្រង់ចំណុចហាងបាយមួយកន្លែងទល់មុខកាស៊ីណូយ៉ាឌូលី រហូតទៅដល់មុខក្លឹបអូស្កា ស្ថិតក្នុងភូមិន៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ…។

យោងតាមប្រភពព័ត៌មានដែលបានឃើញហេតុការណ៍ បានឱ្យដឹងថា គេបានឃើញជនជាតិចិនចំនួនពីរក្រុម មានគ្នាជាច្រើន មានប្រុស-ស្រីដេញកាប់គ្នាទៅវិញទៅមកនៅលើផ្លូវលេខ៤០០ បណ្ដាលឱ្យបុរសជនជាតិចិនពីរនាក់ម្នាក់ដាច់ដៃ និងម្នាក់ទៀតដាច់ជើងចំណែកបក្ខពួកជាច្រើននាក់ទៀតបានរងរបួសធ្ងន់។ ភ្លាមៗ ឃើញមានសមត្ថកិច្ចចុះជួយអន្តរាគមន៍ឃាត់ខ្លួនពួកគេយកទៅសួរនាំផងដែរ។

ជុំវិញករណីខាងលើនេះតាមការបញ្ជាក់ពីសមត្ថកិច្ចជំនាញនគរបាលព្រហ្មទណ្ឌនៃស្នងការនគរបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ករណីហិង្សារវាងជនជាតិចិនដូចគ្នា ពួកគេបានចូលបរិភោគអាហារនៅក្បែរនោះ ពេលចេញមកវិញក៏បានកាប់គ្នាទៅវិញទៅមកក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះជួយអន្តរាគមន៍ និងឃាត់ខ្លួនបានចំនួន០៥នាក់ តែនៅក្នុងនោះមានម្នាក់ស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និង០៤នាក់ទៀតរងរបួសធ្ងន់ស្រាល។

អាជ្ញាធរឱ្យដឹងបន្តថា បច្ចុប្បន្នជនរងគ្រោះ និងជនសង្ស័យ អាជ្ញាធរកំពុងតែសួរនាំបន្តនៅស្នងការនគរបាលខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់។ ក្នុងករណីនេះនៅមិនទាន់ដឹងអំពីដំណើររឿងនៃដើមហេតុដែលធ្វើឱ្យមានការដេញកាប់គ្នានៅឡើយទេ ក្នុងករណីមានព័ត៌មានបន្ថែម ក្រុមការងារអង្គភាពសារព័ត៌មាន SBM News នឹងធ្វើបច្ចុប្បន្នភាពជូននៅពេលក្រោយ៕ រាយការណ៍ដោយភ្នាក់ងារ៖ ខេត្តព្រះសីហនុ



