
រាជធានីភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ កាលពីយប់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ពាក់ព័ន្ធនឹងករណីយកកាំបិតបុ័ងតោកាប់ទៅលើយុវជនម្នាក់បណ្ដាលឱ្យរងរបួសធ្ងន់ ព្រោះតែរឿងជិះម៉ូតូឆាបគ្នា នៅក្នុងភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ...។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ដែលឃាត់ខ្លួនបានរួមមាន៖ ទី១-ឈ្មោះ ភេន ផា ភេទប្រុស អាយុ១៨ឆ្នាំ, ទី២-ឈ្មោះហុង ន៉េង គ័ង ភេទប្រុស អាយុ១៧ឆ្នាំ, ទី៣-ឈ្មោះគង់ ពិសិទ្ធ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៤-ឈ្មោះសាក់ សារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ អ្នកទាំង៤ មានទីលំនៅភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិសែនជ័យ។ ដោយទ្បែក ជនរងគ្រោះមានឈ្មោះ គង់ ឌី អាយុ២០ឆ្នាំ មានលំនៅភូមិគោកព្រិច សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រងរបួសខ្លួន និងកែងដៃ។ បន្ថែមលើនេះ សមត្ថកិច្ចបន្តថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកាឆ្នាំ២០២៣ កន្លងទៅ ក្រុមជនសង្ស័យ និងជនរងគ្រោះបានជិះម៉ូតូឆាបគ្នា ឌឺដងដាក់គ្នាទៅវិញទៅមក ប៉ុន្តែពេលនោះពុំបានកាប់ចាក់គ្នាឡើយហើយក៏បែកផ្លូវគ្នាអស់ទៅ។ លុះដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ពេលដែលជនរងគ្រោះជិះម៉ូតូទៅទិញទឹកកក នៅក្នុងភូមិគោកព្រិច ក៏ត្រូវបានក្រុមជនសង្ស័យទាំង៤នាក់ខាងលើ ជិះម៉ូតូ១គ្រឿង ប្រដាប់ដោយកាំបិតប៉័ងតោដេញតាមកាប់បណ្ដាលឱ្យរងរបួស រួចនាំគ្នាជិះម៉ូតូគេចខ្លួនបាត់អស់។

ក្រោយពេលកើតហេតុ ជនរងគ្រោះបានទៅដាក់ពាក្យប្ដឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលសំរោងក្រោម បន្ទាប់មកកម្លាំង បានសហការជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យ ធ្វើការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្តិភាព និងដឹកជនរងគ្រោះស្វែងរកក្រុមជនសង្ស័យ។ បន្ទាប់មកក៏បានប្រទះឃើញជនដៃដល់ម្នាក់ឈ្មោះ ភេន ផា នៅក្នុងភូមិតិកូបញ្ញេ ក៏ឃាត់ខ្លួន និងឈានទៅឃាត់បានបក្ខពួក៣នាក់ទៀត សរុបទាំងអស់៤នាក់ និងបានដកហូតបានកាំបិតប៉័ងតោចំនួន២ដើម និងចំនួនម៉ូតូ0១គ្រឿង។ បច្ចុប្បន្នជនសង្ស័យរួម និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌពោធិសែនជ័យ ដើម្បីចាត់ការតាមច្បាប់ ក្នុងនោះជនសង្ស័យម្នាក់ ឈ្មោះគង់ ពិសិទ្ធ ជាអនីតិជនត្រូវបានព្រះរាជអាជ្ញាណែនាំធ្វើការអប់រំរួចដោះលែងវិញ៕



