
រាជធានីភ្នំពេញ៖ នៅចំពោះមុខមន្រ្តីយោធាថៃ លោកនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទកម្ពុជា បង្ហាញជំនឿថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការយូរអង្វែងរវាងកងទ័ព និងរវាងប្រទេសទាំងពីរ នឹងកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត។ មេទ័ពកម្ពុជា ថែមទាំងរម្លឹកទស្សនៈរួមរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ដែលចង់បានព្រំដែនសន្តិភាព និងការអភិវឌ្ឍ។

លោកវរសេនីយ៍ឯក កនវ៉ារ៉ានុន ក្លុនព្រំសុវណ្ណ ប្រធានការិយាល័យអនុព័ន្ធយោធានៃស្ថានទូតថៃប្រចាំកម្ពុជា បានដឹកនាំមន្រ្តីចូលជួបលោក វង្ស ពិសេន កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ ដើម្បីជូនពរលោកសម្រាប់ឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរនាពេលខាងមុខ។ លោក វង្ស ពិសេន បានអរគុណមន្រ្តីយោធានៃស្ថានទូតថៃចំពោះការជូនពរនេះ ហើយលោកចាត់ទុកថា ជាការបង្ហាញមនោសញ្ចេតនា ការស្រឡាញ់រាប់អាន ការពង្រឹងចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ថៃ ដែលជាអ្នកជិតខាងល្អនឹងគ្នា។

នៅថ្ងៃទី២៧ ខែមីនានេះ មន្រ្តីយោធាកម្ពុជា-ថៃ ក៏មានជំនួបជាមួយគ្នាផងដែរ នៅខេត្តស្រះកែវ ប្រទេសថៃ។ ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី សឹង្ហ ទុំ មេបញ្ជាការកងពលតូចថ្មើរជើងលេខ៥១ ហើយភាគីថៃដឹកនាំដោយឧត្តមសេនីយ៍ត្រី ប៊េន ចាផុន ដេតឆាតិវង្ស មេបញ្ជាការកងកម្លាំងបូព៌ា។ ជំនួបនេះ ធ្វើឡើងដើម្បីពិភាក្សាគ្នាលើបញ្ហាមួយចំនួន រួមមាន ដោះស្រាយបញ្ហាក្នុងតំបន់ បង្កើនកិច្ចសហប្រតិបត្តិការល្អ រួមគ្នាទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ បទល្មើសអនឡាញ ការជួញដូរមនុស្ស ឧក្រិដ្ឋកម្មឆ្លងដែន និងជួយគ្នាទៅវិញទៅមកក្នុងការកសាងព្រំដែនមិត្តភាព សន្តិភាព និងការអភិវឌ្ឍ។

មន្រ្តីយោធានៃប្រទេសទាំងពីរ ថែមទាំងបង្ហាញឆន្ទៈបន្តថែរក្សាទំនាក់ទំនងមិត្តភាពឱ្យកាន់តែរឹងមាំ និងបន្តរក្សាចំណងសាមគ្គីភាព មិត្តភាព និងការទុកចិត្តគ្នា។ គួរដឹងថា ថ្មីៗនេះ ភាគីកម្ពុជា-ថៃ មានរឿងរ៉ាងជាមួយគ្នាពាក់ព័ន្ធនឹងកោះគុត និងប្រាសាទតាមាន់ធំ។ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត លើកឡើងម្តងជាពីរដងថា រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់យកគោលការណ៍សន្តិវិធីក្នុងការដោះស្រាយបញ្ហាជាមួយប្រទេសជិតខាង៕



