
រាជធានីបាងកក៖ ជារឿងមួយដ៏គួរឱ្យអស់សំណើច! នៅក្នុងជំនួបរវាងអគ្គមេបញ្ជាការកងទ័ពថៃ លោក ឧកគ្រីត ប៊ុនតានន្ទ (อุกฤษฎ์ บุญตานนท์) និងអគ្គមេបញ្ជាការកងទ័ពភូមា លោក យេ វីនអ៊ូ (ရဲဝင်းဦး) កាលពីថ្ងៃទី១៩ ខែសីហា ភាគីថៃសម្ដែងនូវនយោបាយការទូតទន់ភ្លន់ ដោយបានលើកយកយន្តការគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) និងគណៈកម្មាធិការព្រំដែនថ្នាក់ក្រុង (TBC) ដាក់បន្តុបលើតុ ដើម្បីសុំកិច្ចសហប្រតិបត្តិការព្រំដែនពីភាគីភូមា។

កាលពីថ្ងៃទី៩ ខែសីហា អគ្គមេបញ្ជាការកងទ័ពថៃ លោក ឧកគ្រីត ប៊ុនតានន្ទ បានទទួលស្វាគមន៍ លោក យេ វីនអ៊ូ និងប្រតិភូ នៅទីបញ្ជាការដ្ឋានកងទ័ពថៃ ក្នុងរាជធានីបាងកក អមជាមួយកងឆ្មាំកិត្តិយសយ៉ាងអធិកអធម។ កំលុងពេលជួបពិភាក្សាការងារ លោក ឧកគ្រីត បានគូសបញ្ជាក់លើកសរសើរពីទំនាក់ទំនងដ៏យូរអង្វែង រវាងថៃ-ភូមា ដោយកត់សម្គាល់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំង២ និងកងទ័ព បានបន្តអភិវឌ្ឍជាលំដាប់។ មេដឹកនាំយោធាទាំង២ បានផ្លាស់ប្ដូរទស្សនស្តីពីការការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខ ការអប់រំ និងការបណ្ដុះបណ្ដាល ព្រមទាំងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន និងថាមពល។ អ្វីដែលគួរឱ្យចាប់អារម្មណ៍ អគ្គមេបញ្ជាការថៃ បានលើកយកយន្តការទ្វេភាគី ជាពិសេស គណៈកម្មាធិការព្រំដែនថ្នាក់ក្រុង (TBC) និងគណៈកម្មាធិការព្រំដែនថ្នាក់តំបន់ (RBC) ទៅដាក់លើតុជជែក ក្នុងចេតនាសម្របសម្រួលកិច្ចសហប្រតិបត្តិការសន្តិសុខ និងដោះស្រាយបញ្ហានានាតាមបណ្តោយព្រំដែន។

ការដែលថៃលើកយកយន្តការ RBC និងTBC ទៅនិយាយគ្នាបែបនេះ ត្រូវបានគេមើលឃើញថា ថៃខ្លួនឯងគ្មានសមត្ថភាពដោះស្រាយ និងគ្រប់គ្រងសន្តិសុខតាមព្រំដែនឡើយ។ ជាក់ស្តែង កន្លងមក គ្រាប់បែក គ្រាប់កាំភ្លើង និងដ្រូនអត្តឃាតរបស់យោធាភូមា តែងផ្លាត ផ្លោង ហោះរំលងព្រំដែនចូលដីថៃជារឿងៗ ដោយធ្វើឱ្យពលរដ្ឋថៃតាមបណ្តោយព្រំដែន រស់នៅទាំងភ័យខ្លាច និងអសុវត្ថិភាពបំផុត ប៉ុន្តែងាកទៅមើលយោធាថៃវិញ បានត្រឹមឱបដៃឈរមើល និងអង្វរឱ្យភាគីភូមាជួយដោះស្រាយដោយសន្តិវិធីតែប៉ុណ្ណោះ។ ទង្វើទាំងអស់នេះ បានបង្ហាញយ៉ាងច្បាស់ថា យោធាថៃកំពុងស្ថិតក្នុងស្ថានភាពទាល់តម្រិះ ដោយមិនអាចរកច្រកចេញ ក្រៅពីទាញយកយន្តការចាស់ៗ និងព្យាយាមបង្កើតទំនាក់ទំនងល្អជាមួយភូមាតែប៉ុណ្ណោះ៕




