អបអរសាទរ ក្រុមបាល់ទះឈុតAកម្ពុជា ដណ្តើមបានពានជើងឯកសម្តេចធិបតី លើកទី២ ខណៈក្រុមឈុតB ដណ្តើមបានមេដាយសំរឹទ្ធ

រាជធានីភ្នំពេញ៖ ក្រុមបាល់ទះឈុតA (វិសាខា) និងឈុតB (វិសាខា U-20) កម្ពុជា ធ្វើបានយ៉ាងល្អនៅក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទះដណ្តើមពានរង្វាន់សម្តេចធិបតី លើកទី២ (Samdech Thipadei Cup Season 2) នៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ដោយក្រុមឈុត A ដណ្តើមបានពានជើងឯក និងក្រុមឈុត B ឈ្នះមេដាយសំរឹទ្ធ...។

ក្រុមបាល់ទះយុវជនអាយុក្រោម២០ឆ្នាំកម្ពុជា (ឈុតB វិសាខា) បានយកឈ្នះ ក្លិបបាល់ទះដុងណៃ (Dong Nai) របស់វៀតណាម ដោយលទ្ធផល ៣សិតទល់១សិត ពោលគឺ សិតទី១.ក្រុមកម្ពុជាឈ្នះ ២៥-១១, សិតទី២.ក្រុមកម្ពុជាចាញ់ ២៥-២៧, សិតទី៣.ក្រុមកម្ពុជាឈ្នះ ២៥-២៣ និងសិតទី៤.ក្រុមកម្ពុជាឈ្នះពិន្ទុ ២៥-២០ ដណ្តើមបានមេដាយសំរឹទ្ធ។ ឈានដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្ររវាងក្រុមការពារតំណែងជើងឯកឆ្នាំចាស់ ក្រុមបាល់ទះឈុត A (វិសាខា) ជាមួយ ក្លិបបាល់ទះ MBSA មកពីប្រទេសម៉ាឡេស៊ី កាន់តែរំភើប និងញាប់ញ័របំផុត ដ្បិតក្រុមខ្លាំងទាំងពីរបានប្រកួតគ្នាយ៉ាងស្វិតស្វាញ និងជក់ចិត្តខ្លាំង។

សិតបើកឆាកដំបូង ក្រុមបាល់ទះឈុត A បានវាយបាល់នាំមុខលើ ក្លិបបាល់ទះ MBSA ជាបន្តបន្ទាប់ រហូតដល់បញ្ចប់ការប្រកួតសិតទី១ ក្រុមបាល់ទះឈុត A ឈ្នះក្លិបបាល់ទះ MBSA ក្នុងលទ្ធផល ២៥ទល់នឹង២៣។ សិតទី២ ក្លិបបាល់ទះ MBSA បានដាក់ការគាបសង្កត់លើក្រុមបាល់ទះឈុតA (វិសាខា)វិញយ៉ាងខ្លាំង ដោយការវាយសន្ធាប់ពីកីឡាករពាក់អាវលេខ១០ ម៉ាឌី អាហ្កាបាបាអ៊ី (Mahdi Aghababaei) និងកីឡាករពាក់អាវលេខ១ នីម៉ា ប៉ូអ៊ូឡាឌី (Nima Pouladi)របស់ក្លិបបាល់ទះ MBSA។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ កីឡាករស្មាត់ធំកម្ពុជា វឿន វាសនា, កីឡាករ គួន ម៉ុម និងកីឡាករ ពិន សារុណ នៅតែជាស្មាត់ពិឃាតដ៏ល្អរបស់កម្ពុជា ដោយបានវាយផ្តាច់ជាបន្តបន្ទាប់ ធ្វើឱ្យចប់សិតទី២ ក្រុមបាល់ទះឈុត A កម្ពុជា បន្តយកជ័យជម្នះលើក្លិបបាល់ទះ MBSA ក្នុងលទ្ធផល ២៥ទល់នឹង២២។

សិតទី៣ ជាសិតដែលកាត់សេចក្តីសម្រាប់ក្រុមបាល់ទះកម្ពុជា ឈុតA ប្រសិនបើឈ្នះសិតនេះទៀត នោះក្រុមការពារតំណែងជើងឯករដូវកាល២០២៤/២០២៥ មួយនេះនឹងគ្រងជើងឯកជាលើកទីពីរ ដែលនឹងទទួលបានប្រាក់រង្វាន់ធំ ដល់ទៅ១០០លានរៀលពីក្រុមហ៊ុនវើក។ ពិតដូចការរំពឹងទុក ក្លិបបាល់ទះ MBSA របស់ប្រទេសម៉ាឡេស៊ី នៅតែមិនអាចយកឈ្នះក្រុមបាល់ទះកម្ពុជា ឈុតA បានឡើយ និងកាន់តែធ្ងន់ធ្ងរជាងមុន ដោយក្រុមបាល់ទះកម្ពុជា បន្តនាំមុខដោយលទ្ធផល ២៥ទល់នឹង២២ ជាថ្មីម្តងទៀត ពោលគឺឈ្នះ៣សិត០ដាច់ភឹងតែម្តង និងបន្តគ្រងតំណែងជើងឯកពានរង្វាន់សម្តេចធិបតី លើកទី២ (Samdech Thipadei Cup Season 2) ពីររដូវកាលជាប់ៗគ្នា។

សូមជម្រាបផងដែរថា សម្រាប់ក្រុមឈ្នះពានជើងឯក សម្តេចធិបតី លើកទី២ ទទួលបានប្រាក់រង្វាន់៤០លានរៀល បូកនឹង(ប្រាក់រង្វាន់ពិសេសពីក្រុមហ៊ុនវើក៦០លានរៀលបន្ថែមទៀត), ចំណាត់ថ្នាក់លេខពីរ(មេដាយប្រាក់) ទទួលបានទឹកប្រាក់២០លានរៀល និងចំណាត់ថ្នាក់លេខបី(មេដាយសំរឹទ្ធ)ទទួលបានទឹកប្រាក់១២លានរៀល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត