
រាជធានីភ្នំពេញ៖ យោងតាមការឱ្យដឹងរបស់លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ថ្លែងប្រាប់សារព័ត៌មានក្នុងស្រុកថា អង្គភាព ACU នឹងបញ្ជូនលោក ថូ សំណាង និងបក្ខពួកពីរនាក់ទៀត ដែលមាន លោក ណុប រដ្ឋា និងលោក យស់ រ៉ាណេ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បន្តនីតិវិធីច្បាប់ នៅល្ងាចថ្ងៃទី២៣សីហានេះ បន្ទាប់ពីអង្គភាព ACU បញ្ចប់នីតិវិធីស៊ើបអង្កេតសំណុំរឿងលួចយកទិដ្ឋាការពិសេសឱ្យឧក្រិដ្ឋជនបរទេស[អនឡាញស្កេម]ប្រើប្រាស់ដោយខុសច្បាប់ រួចរាល់...។

សូមជម្រាបថា លោក ថូ សំណាង ដែលមានតួនាទីជា អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ត្រូវបាន សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី បញ្ចប់មុខតំណែង កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ ហើយត្រូវអង្គភាព ACU នាំខ្លួនទៅសាកសួរពាក់ព័ន្ធនឹងសំណុំរឿងបទល្មើសអនឡាញស្កេម (Online Scams) កាលពីពេលកន្លងទៅ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន លោកទេសរដ្ឋមន្រ្តី ឱម យ៉ិនទៀង បញ្ជាក់ថា៖ សំណុំរឿងលួចយកទិដ្ឋាការពិសេសប្រភេទ C និងប្រភេទ CEX ខុសច្បាប់ ដែលមានប្រមាណជាង៦០០០ពាន់សន្លឹក និងសន្លឹកទិដ្ឋាការនៅសល់ប្រមាណជា៤ពាន់សន្លឹកទៀត ដែលអង្គភាព ACU កំពុងតាមរក ហើយត្រូវ លោក ថូ សំណាង ប្រាប់ថា បានកម្ទេចចោលអស់នោះ ពេលនេះ ដល់ដំណាក់កាលត្រូវបញ្ជូនជនជាប់ចោទទាំង៣នាក់ទៅកាន់តុលាការបន្តនីតិវិធីហើយ ពោលគឺនៅវេលាម៉ោង១៦ៈ០០នាទីថ្ងៃអាទិត្យនេះតែម្ដង។

ប្រធានអង្គភាព ACU បានសង្កត់ធ្ងន់ថា៖« ACU បានរកឃើញសន្លឹកទិដ្ឋាការដែល[លោក ថូ សំណាង]បានបញ្ចេញ ត្រូវបានជនបរទេសអនឡាញស្កេម យកទៅប្រើប្រាស់ ដោយខុសច្បាស់»។ ជាមួយគ្នាផងដែរ ក្រៅពី លោក ថូ សំណាង ដែលត្រូវនាំខ្លួនទៅតុលាការ នៅមានមន្ត្រីក្រសួងការបរទេស និងសហរដ្ឋប្រតិបត្តិការអន្តរជាតិ ជាគូកន២នាក់ទៀត ដែលមាន ឈ្មោះ ណុប រដ្ឋា និងឈ្មោះ យស់ រ៉ាណេ ក៏ត្រូវបាន អង្គភាព ACU បញ្ជូនខ្លួនទៅកាន់តុលាការដូចគ្នាដែរ ដើម្បីបន្តនីតិវិធីជំនុំជម្រះ។ គួរជម្រាបផងដែរថា លោក ថូ សំណាង មានតួនាទីជា[អតីត]អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការច្បាប់ កុងស៊ុល និងព្រំដែន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ហើយត្រូវបានតែងតាំងតួនាទីបន្ថែម ជាទីប្រឹក្សាក្រសួងការបរទេស ដែលមានឋាន:ស្មើអគ្គនាយក។ លោកត្រូវបានអង្គភាព ACU ចាប់ខ្លួន កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ បង្កឱ្យមានការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដ្បិតក្រុមគ្រួសារលោក ថូ សំណាង ផ្ទាល់ បានប្រកាសរករូបលោក បន្ទាប់ពីបាត់ខ្លួនដោយស្ងាត់ៗ...៕



