លោកទេសរដ្ឋមន្ត្រី គន់ គីម និងអភិបាលខេត្តត្បូងឃ្មុំ ចុះជួបពលរដ្ឋរងគ្រោះដោយទឹកជំនន់

ក្រុងសួង៖ លោកទេសរដ្ឋមន្ត្រី គន់ គីម និងជាអនុប្រធានទី១ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អមដំណើរដោយលោក ប៉ែន កុសល្យ អភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពទឹកទន្លេមេគង្គ និងទីតាំងទួលសុវត្ថិភាព ដើម្បីត្រៀមផែនការអន្តរាគមន៍ និងជួយសង្គ្រោះពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា...។

យោងតាមរបាយការណ៍បច្ចុប្បន្នភាពរបស់ក្រសួងធនធានទឹក កម្ពស់ទឹកទន្លេមេគង្គនៅស្ថានីយកំពង់ចាម-ត្បូងឃ្មុំ កើនឡើងដល់១៣,៩៦ម៉ែត្រ នៅសល់តែ០,០៤ម៉ែត្រ ទៀតប៉ុណ្ណោះ នឹងឈានដល់កម្រិតត្រូវប្រុងប្រយ័ត្ន(១៤,០០ម៉ែត្រ) ខណៈកម្រិតប្រកាសអាសន្នផ្លូវការមានកម្ពស់១៥,២០ម៉ែត្រ។ នាឱកាសនោះដែរ គណៈប្រតិភូថ្នាក់ជាតិ និងមន្ត្រីប្រតិភូថ្នាក់ក្រោមជាតិអមដំណើរ បានផ្តោតលើការយកចិត្តទុកដាក់រៀបចំកងកម្លាំង សម្ភារបរិក្ខាសង្គ្រោះ និងមធ្យោបាយសង្គ្រោះបន្ទាន់ភ្លាមៗជូនដល់បងប្អូនប្រជាពលរដ្ឋទាំងហ្លាយណា ដែលមានតម្រូវការចាំបាច់ឱ្យអាជ្ញាធរជួយសង្គ្រោះបន្ទាន់។ ដូច្នេះ ក្នុងនាមជាអាជ្ញាធរសមត្ថកិច្ចជំនាញ ត្រូវតែត្រៀមខ្លួនឱ្យបានរួចរាល់២៤ម៉ោងលើ២៤ម៉ោង នៅតាមទីទួលសុវត្ថិភាពដែលបានកំណត់ ដើម្បីធានាសុវត្ថិភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ករណីបើមានទឹកជំនន់ជន់ឡើងជាយថាហេតុ។

សូមជម្រាបផងដែរថា លោកទេសរដ្ឋមន្ត្រី និងមន្ត្រីរដ្ឋបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យទីទួលសុវត្ថិភាពចំនួន៤ទីតាំង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ដើម្បីត្រៀមលក្ខណៈឆ្លើយតប បង្កើនការប្រុងប្រយ័ត្នខ្ពស់ ត្រូវអប់រំប្រជាពលរដ្ឋឱ្យចេះថែរក្សាសុខភាព រៀបចំទុកដាក់ឯកសារសំខាន់ៗឱ្យមានសុវត្ថិភាព និងត្រូវតាមដានការជូនដំណឹងរបស់អាជ្ញាធរមានសមត្ថកិច្ចជាប្រចាំ ដើម្បីដោះស្រាយការជួយសង្គ្រោះបានទាន់ពេលវេលា៕ រាយការណ៍ដោយ៖ សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត