
រាជធានីបាងកក៖ នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានប្រកាសអាសន្នដល់ខេត្តចំនួន៦១ រួមទាំងរាជធានីបាងកក ឱ្យត្រៀមលក្ខណៈប្រឈមមុខនឹងភ្លៀងធ្លាក់ខ្លាំង ទឹកជំនន់ភ្លាមៗ ដីបាក់ និងរលកសមុទ្ទខ្លាំងៗ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦ នេះ ដោយតំបន់មួយចំនួនអាចនឹងជួបប្រទះនូវភ្លៀងធ្លាក់ខ្លាំងកម្រិតធ្ងន់ធ្ងរ។

យោងតាមការព្យាកររបស់នាយកដ្ឋានឧតុនិយមថៃ បានឱ្យដឹងថា ប្រព័ន្ធសម្ពាធទាប ឬខ្យល់រដូវមូសុងដែលផ្លាស់ទីកាត់ភាគខាងជើងប្រទេសថៃ ឡាវ និងភាគខាងជើងវៀតណាម រួមផ្សំជាមួយខ្យល់រដូវមូសុងនិរតីដែលកំពុងបក់បោកខ្លាំងលើសមុទ្ទអាន់ដាម៉ាន់ និងឈូងសមុទ្ទ គឺជាដើមហេតុបង្កឱ្យមានភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេស។ ជាមួយគ្នានេះ កម្ពស់រលកសមុទ្ទនៅតំបន់អាន់ដាម៉ាន់ភាគខាងលើ អាចឡើងខ្ពស់ពី២ទៅ៣ម៉ែត្រ និងអាចខ្ពស់ជាង៣ម៉ែត្រ ក្នុងអំឡុងពេលមានខ្យល់កន្ត្រាក់។ អាជ្ញាធរថៃបានបែងចែកតំបន់ប្រឈមមុខជាច្រើន រួមមាន ខេត្តភាគខាងជើងចំនួន១៤ និងខេត្តភាគឦសានចំនួន១៨ ឱ្យស្ថិតក្រោមការឃ្លាំមើលយ៉ាងយកចិត្តទុកដាក់លើគ្រោះទឹកជំនន់ និងដីបាក់។ ចំណែកឯខេត្តនៅភាគកណ្តាល ភាគខាងកើត ព្រមទាំងខេត្តជាប់ឆ្នេរសមុទ្ទភាគខាងត្បូង និងតំបន់ជុំវិញរាជធានីបាងកក ក៏ស្ថិតនៅក្នុងបញ្ជីប្រកាសអាសន្នពីការលិចលង់ផងដែរ។

ដើម្បីឆ្លើយតបនឹងស្ថានការណ៍នេះ នាយកដ្ឋានឧតុនិយមថៃ បានបញ្ជាឱ្យអាជ្ញាធរខេត្តទាំងអស់ ត្រៀមលក្ខណៈ និងគ្រឿងចក្រនៅតាមតំបន់ប្រឈម ព្រមទាំងណែនាំឱ្យតាមដានកម្ពស់ទឹកភ្លៀង និងទឹកទន្លេឱ្យបានដិតដល់។ លើសពីនេះ អាជ្ញាធរក៏បានព្រមានអ្នកទេសចរឱ្យចៀសវាងពីការកម្សាន្តនៅតំបន់ទឹកធ្លាក់ និងរូងភ្នំ ហើយបានណែនាំឱ្យអ្នកនេសាទ និងអ្នកបើកបរនាវាទាំងអស់ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ឬអាចផ្អាកការធ្វើដំណើរតាមសមុទ្ទជាបណ្តោះអាសន្ន ប្រសិនបើអាកាសធាតុប្រែជាអាក្រក់ខ្លាំង៕





