
ក្រុងក្រចេះ៖ រដ្ឋបាលខេត្តក្រចេះ បានសម្រេចផ្អាកការដេញថ្លៃគម្រោងមូលនិធិឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ លើគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ កម្រាស់បេតុង១៥០មីលីម៉ែត្រ ដើម្បីស៊ើបអង្កេត ក្រោយបែកធ្លាយរឿងអាស្រូវជុំវិញការគប់គិតគ្នាជាប្រព័ន្ធ ដើម្បីក្រសោបយកថវិកាមូលនិធិឃុំកន្ទួត...។

តាមរដ្ឋបាលខេត្តក្រចេះ បានឱ្យដឹងថា កាលពីរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ រដ្ឋបាលខេត្តបានបើកកិច្ចប្រជុំថ្នាក់ខេត្ត ដើម្បីពិនិត្យ ពិភាក្សាបញ្ហានេះ ក្រោមការដឹកនាំរបស់លោកអភិបាលនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីអភិបាលរងខេត្តទទួលបន្ទុក នាយិការដ្ឋបាលសាលាខេត្ត នាយក នាយករងទីចាត់ការផែនការ និងវិនិយោគ មន្ត្រីជំនាញ អភិបាលស្រុកចិត្របុរី មេឃុំ ក្រុមប្រឹក្សាឃុំកន្ទួត និងស្មៀនឃុំកន្ទួត។ ជាលទ្ធផល អង្គប្រជុំបានសម្រេចធ្វើការផ្អាកគម្រោងដែលបានដេញថ្លៃរួចនេះ ជាបណ្តោះអាសន្ន ដើម្បីធ្វើការស្រាវជ្រាវបន្ត នឹងធ្វើការជូនដំណឹងពីលទ្ធផលនៃការស្រាវជ្រាវនៅពេលក្រោយ។

កិច្ចប្រជុំដែលឈានដល់ការផ្អាកគម្រោងបានដេញថ្លៃរួចនេះ ធ្វើឡើងបន្ទាប់មានការចុះផ្សាយព័ត៌មានក្នុងបណ្តាញសង្គម អំពីភាពមិនប្រក្រតីនៃការដេញថ្លៃគម្រោងមូលនិធិឃុំកន្ទួត លើគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹង ៥ម៉ែត្រ កម្រាស់បេតុង ១៥០មីលីម៉ែត្រ។ សូមជម្រាបថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ មានការដាក់ដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេចំនួន៣ខ្សែ ប្រវែង០,២៨៤គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងកម្រាស់ ១៥០មីលីម៉ែត្រ ដែលជាថវិកាមូលនិធិឃុំកន្ទួត។ ក្នុងនោះ មានក្រុមហ៊ុនចំនួន៤ បានចូលរួមដាក់សំណើដេញថ្លៃ ហើយជាលទ្ធផល ក្រុមហ៊ុន វ៉េង លាប ត្រូវបានប្រកាសជាអ្នកឈ្នះនៃការដេញថ្លៃលើគម្រោងស្ថាបនាផ្លូវបេតុងអាមេ ក្នុងតម្លៃទាបជាងតម្លៃប៉ាន់ស្មានត្រឹមតែ៥លានរៀលប៉ុណ្ណោះ។

មន្ត្រីក្នុងជួររដ្ឋបាលឃុំបានទម្លាយថា ក្រុមហ៊ុនដែលឈ្នះនេះ បានលួចទាក់ទង និងផ្តល់ប្រាក់ភាគលាភចំនួន២លានរៀល ទៅឱ្យក្រុមហ៊ុនដទៃទៀត ជាថ្នូរនឹងការមិនចូលមកប្រជែងដេញថ្លៃ ដើម្បីឱ្យខ្លួនងាយស្រួលទទួលបានគម្រោង ក្នុងតម្លៃជិតប៉ាន់ស្មានបំផុត។ ប្រភពពីក្រុមអ្នកដេញថ្លៃពិតប្រាកដ បានស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ច និងស្ថាប័នជំនាញ ចុះស៊ើបអង្កេតករណីនេះបន្ទាន់ ដើម្បីធានាតម្លាភាព សុក្រឹតភាព និងភាពយុត្តិធម៌ក្នុងការប្រើប្រាស់ថវិកាមូលនិធិឃុំ-សង្កាត់ ព្រមទាំងការពារគុណភាពសំណង់ផ្លូវថ្នល់ ឱ្យប្រើប្រាស់បានយូរអង្វែង ជៀសវាងការប្រព្រឹត្តអំពើពុករលួយ និងការកិបកេងថវិកាជាតិ៕



