អាជ្ញាធរដាក់ឱសានវាទត្រឹម ១ខែ​ ជាកំហិតឱ្យជនជាតិវៀតណាមរុះរើផ្ទះបណ្តែតទឹក ចេញពីតំបន់ការពារសត្វផ្សោតកាំពី
យិត​​ ស្រីល័ក្ខ
30 មករា 2023 04:15 PM

(ក្រចេះ)៖ មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ បានអញ្ជើញប្រជានេសាទជនជាតិវៀតណាម ចំនួន៦គ្រួសារ ដើម្បីរុះរើផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីចេញពីក្នុងតំបន់គ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតកាំពី នៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ដោយកំណត់ឱ្យរុះរើចេញយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣។ នេះបើយោងតាមកិច្ចសន្យាចំនួន៦ផ្សេងៗគ្នា ចុះនៅល្ងាចថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣។ 

ការណែនាំឱ្យជនជាតិវៀតណាម រុះរើផ្ទះផែបណ្តែតទឹក នៅស្រុកចិត្របុរី ក្រោយរដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានស្នើឱ្យខណ្ឌរដ្ឋបាលជលផលឱ្យពង្រឹងការងារអប់រំ ណែនាំ និងហាមឃាត់ប្រជានេសាទកុំឱ្យចូលទៅនេសាទនៅតំបន់ស្នូលដែលជាទីតាំងសត្វផ្សោតរស់នៅ និងផ្លាស់ទី ហើយក្រសួងនឹងខិតខំរកដៃគូអភិវឌ្ឍន៍មកជួយបង្វែរមុខរបរបងប្អូនប្រជានេសាទដែលរងផលប៉ះពាល់ពីការនេសាទដែលមានហានិភ័យដល់សត្វផ្សោត ទៅប្រកបមុខរបរផ្សេងវិញ។

នៅក្នុងកិច្ចសន្យាឱ្យរុះរើផ្ទះបណ្តែតទឹក និងបែរចិញ្ចឹមត្រីចេញពីក្នុងតំបន់គ្រប់គ្រង ការពារ និងអភិរក្សសត្វផ្សោតកាំពី ដែលដឹកនាំដោយលោក សៀន គិន អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល និងអាជ្ញាធរមូលដ្ឋាន បានអញ្ជើញប្រជានេសាទជនជាតិរៀតណាមទាំង៦គ្រួសារ រស់ក្នុងទន្លេ ស្ថិតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី មកសាលាឃុំ ទទួលការអប់រំ ណែនាំ និងធ្វើកិច្ចសន្យាឱ្យរុះរើផ្ទះផែបណ្តែតទឹកនេះចេញជាបន្ទាន់។

យោងតាមរបាយការណ៍របស់ខណ្ឌជលផលក្រចេះ បានបញ្ជាក់ឱ្យដឹងថា ក្រោយពីទទួលបានណែនាំរបស់សមត្ថកិច្ចជំនាញ ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ខណៈពេលនោះក្រុមប្រជានេសាទ បានស្នើសុំដល់សមត្ថកិច្ច និងអាជ្ញាធរសុំទុកពេលឱ្យពួកគាត់រយៈពេល៣ខែ ដើម្បីឱ្យពួកគាត់ស្វែងរកទីតាំងថ្មីរស់នៅ និងបំប៉នត្រីចិញ្ចឹមឱ្យធំបន្តិចទើបអាចលក់បាន។

ការស្នើសុំរបស់ក្រុមប្រជានេសាទជនជាតិវៀតណាម ត្រូវបានក្រុមការងារ មិនឯកភាពឡើយ គឺទុករយៈពេលឱ្យត្រឹមតែ១ខែប៉ុណ្ណោះ ដើម្បីឱ្យប្រជានេសាទទាំងនោះរុះរើផ្ទះផែបណ្តែតទឹក និងបែរចិញ្ចឹមត្រីចេញឱ្យអស់ពីទីតាំងរស់នៅបច្ចុប្បន្ន គឺកំណត់ឱ្យរុះរើចេញយ៉ាងយូរត្រឹមថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣៕

រាយការណ៍​ដោយ៖ លោក សារី ណែត

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត