
រដ្ឋធានីព្យុងយ៉ាង៖ កូរ៉េខាងជើង បានផ្ទុះកំហឹងយ៉ាងខ្លាំង ដោយបានប្រកាសថ្កោលទោស និងរិះគន់ឥតសំចៃមាត់លើ «សៀវភៅស អំពីការការពារជាតិ» របស់ជប៉ុន ដោយចោទចំៗថា «មិនខុសពីឯកសារបិទបាំងគំនិត ក្នុងការរៀបចំផែនការឈ្លានពានជាថ្មី» និងជាល្បិចដោះសាដើម្បីធ្វើឱ្យសង្គ្រាមរបស់ជប៉ុនមានភាពស្របច្បាប់។

ក្នុងបទវិភាគដ៏ក្ដៅគគុកមួយ ចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង អ្នកវិភាគនៅរដ្ឋធានីព្យុងយ៉ាង បានលើកឡើងថា ការដែលរាជធានីតូក្យូ ចោទកូរ៉េខាងជើងថាជា«ការគំរាមកំហែងដ៏ធំបំផុត»នោះ គឺគ្រាន់តែជាការបិទបាំងទង្វើខុសឆ្គង ដើម្បីយកលេសផលិតសព្វាវុធ និងពង្រីកកម្លាំងយោធារបស់ជ៉ប៉ុនប៉ុណ្ណោះ។ មែនទែនទៅ នេះជាលើកទី៧ហើយ ចាប់តាំងពីខែកក្កដាមក ក្នុងឆ្នាំ២០២៦នេះ ដែលកូរ៉េខាងជើងបានប្រើពាក្យធ្ងន់ៗ លើនយោបាយការពារជាតិរបស់ជប៉ុន។

កាលពីសប្តាហ៍មុន លោកស្រី គីម យូជុង (Kim Yo Jong) ប្អូនស្រីបង្កើតដ៏មានឥទ្ធិពលរបស់មេដឹកនាំ គីម ជុងអ៊ុន បានចេញមុខព្រមានយ៉ាងដាច់អហង្ការថា រដ្ឋធានីព្យុងយ៉ាងនឹងមិនឈរឱបមើលឡើយ ហើយនឹងប្រើប្រាស់ជម្រើសយោធាធ្ងន់ធ្ងរបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងជប៉ុនកំពុងព្យាយាមប្រែក្លាយខ្លួនទៅជាមហាអំណាចយោធាដ៏គ្រោះថ្នាក់ បន្ទាប់ពីជប៉ុនបានបាញ់សាកល្បងមីស៊ីល Tomahawk (ថូម៉ាហក) របស់អាម៉េរិក។ ទោះយ៉ាងណាក៏ដោយ មកដល់ពេលនេះ ជប៉ុននៅតែរក្សាឥរិយាបថខ្លួនដដែល គឺមិនទាន់បង្កជម្លោះប្រដាប់អាវុធជាមួយប្រទេសណាឡើយ៕



