ធឿន ធារ៉ា មិនប្រកួតវិញ្ញាសាអំបោះឆៅ មកពីខ្លាចចាញ់ដូចមុន ឬយ៉ាងណា..?
Chanmarady Chuon
2 ម៉ោងមុន

គុនខ្មែរ ព្រឹត្តិការណ៍ប្រកួត"Amboss Chhao Avenger Kun Khmer" នឹងរៀបចំឡើងនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ ស្ថិតក្នុងដីឡូតិ៍សង្កាត់រការក្រៅ ក្រុងដូនកែវ ខេត្តតាកែវ និងមានសមាសភាពកីឡាករមកពី៥ប្រទេសផ្សេងគ្នា មកតតាំងជាមួយអ្នកលេងគុនខ្មែរ។ ជុំវិញព្រឹត្តិការណ៍នេះ មហាជន និងអ្នកគាំទ្រគុនខ្មែរមួយចំនួន បានសម្ដែងការងឿងឆ្ងល់ជុំវិញអ្នកលេងពូថៅដៃពិឃាដ ធឿន ធារ៉ា មិនចូលរួមប្រកួតក្នុងវិញ្ញាសាអំបោះឆៅ តើមកពីខ្លាចចាញ់ដូចលើកមុន ឬយ៉ាងណា..?

ឆ្លើយតបនឹងការងឿងឆ្ងល់នេះ លោក MC វុត្ថា អ្នករៀបចំកម្មវិធីប្រដាល់ប្រចាំស្ថានីយទូរទស្សន៍ថោន បញ្ជាក់ប្រាប់ SBM News ថា កម្មវិធីនេះ មិនមែនតម្រូវឱ្យប្រកួតវិញ្ញាសាអំបោះឆៅទាំងអស់នោះទេ។ ការប្រកួតបើកឆាក (គូទី១) និងគូឯកប្រចាំព្រឹត្តិការណ៍ គឺជាការប្រកួតពាក់ហ្គង់ធំធម្មតា (រួមទាំងគូរបស់ ធឿន ធារ៉ា) ដោយឡែក ក្រុមអត្តពលិកគុនខ្មែរ៥រូបផ្សេងទៀត ទើបត្រូវតតាំងជាមួយកីឡាករបរទេសមកពី៥ប្រទេសផ្សេងគ្នា ដោយប្រកួតវិញ្ញាសាអំបោះឆៅ។ ចំណែកកីឡាករ ធឿន ធារ៉ា មិនចូលរួមប្រកួតក្នុងវិញ្ញាសាអំបោះឆៅ មិនមែនមានន័យថា អ្នកលេងពូថៅដៃរូបនេះ គ្មានលទ្ធភាពប្រកួត ឬខ្លាចចាញ់នោះទេ តែជាការចង់ផ្តល់ឱកាសដល់កីឡាករជំនាន់ក្រោយ។

លោក MC វុត្ថា បន្តថា លោកមិនហ៊ានសន្យាថា នឹងអាចបំបែកកំណត់ត្រាចាស់កាលពី៣ឆ្នាំមុន ដែលមានអ្នកទស្សនាផ្ទាល់លើហ្វេសប៊ុករហូតដល់៧៩០,៩K Views បានឬយ៉ាងណាទេ ប៉ុន្តែលោកជឿថា នេះជាទម្រង់ប្រកួតថ្មីសន្លាង និងប្លែក ដែលអាចបង្ហាញពីគុនខ្មែរអំបោះឆៅទៅកាន់ពិភពលោក ព្រមទាំងជួយពង្រឹងសមត្ថភាពកីឡាករខ្មែរ ឱ្យចេះបត់បែនគ្រប់វិញ្ញាសា។ ស្របពេលជាមួយគ្នា លោក ថមមី គីម ប្រធានស្ថាប័ន IPCC Kun Khmer ប្រចាំប្រទេសកម្ពុជា បានសម្ដែងការកោតសរសើរដល់កីឡាករគុនខ្មែរដែលហ៊ានចូលរួមប្រកួតអំបោះឆៅកម្រិតពិភពលោកនេះ។ លោកគូសបញ្ជាក់ថា៖«លើកនេះ កីឡាករចម្រុះជាតិសាសន៍ នឹងមកប្រកួតអំបោះឆៅជាមួយយើង មិនមែនជាការប្រកួតលក្ខណៈប្រទេសទល់នឹងប្រទេសដូចមុនទៀតឡើយ។ យើងចូលរួមផ្សព្វផ្សាយអំបោះឆៅ ដែលជានិមិត្តរូបដើមនៃគុនខ្មែរ ព្រោះកាលពីសម័យដូនតា ការប្រកួត គឺប្រើតែអំបោះឆៅប៉ុណ្ណោះ ទើបតែដល់សម័យបារាំងចូលស្រុក ទើបមានការកែទម្រង់ឱ្យពាក់ហ្គង់ដូចបច្ចុប្បន្ន»

សូមជម្រាបថា ការរៀបចំព្រឹត្តិការណ៍ «Amboss Chhao Avenger Kun Khmer» នៅខេត្តតាកែវ លើកនេះ មិនត្រឹមតែជាការបង្កើតទំព័រប្រវត្តិសាស្ត្រថ្មី និងជាការវាស់ស្ទង់សមត្ថភាពកីឡាករគុនខ្មែរលើគ្រប់វិញ្ញាសាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការដាស់ស្មារតីនៃការអភិរក្ស និងផ្សព្វផ្សាយទម្រង់ប្រកួតអំបោះឆៅ ដែលជាអត្តសញ្ញាណដើម ដ៏រឹងមាំរបស់ដូនតាខ្មែរ ឱ្យពិភពលោកបានស្គាល់កាន់តែច្បាស់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត