ចិន-កម្ពុជា រួមគ្នាបង្កើតសង្វៀនប្រដាល់គុនខ្មែរកម្រិតពិភពលោក
អាន ប៊ុនរ័ត្ននៈ
20 ឧសភា 2025 05:30 AM

គុនខ្មែរ៖ ជាដំណើរឆ្ពោះទៅរកវឌ្ឍនភាពកាន់តែល្អប្រសើរឡើងមួយកម្រិតទៀត នៃវិស័យប្រដាល់គុនខ្មែរ បន្ទាប់ពីស្ថាប័នប្រដាល់ចិនដ៏ធំមួយ ព្រមព្រៀងចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយសង្វៀនទូរទស្សន៍ថោន បង្កើតកម្មវិធីប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយ ដែលមានឈ្មោះថា «ស្តេចប្រដាល់កណ្តាប់ដៃមាស» គ្រោងនឹងរៀបចំឱ្យលេចចេញរូបរាងឆាប់ៗនេះ...។

បើតាមការឱ្យដឹងពីបុគ្គលិកបម្រើការងារនៅស្ថានីយទូរទស្សន៍ថោន បង្ហើបប្រាប់អង្គភាពសារព័ត៌មាន SBM News នៅព្រឹកថ្ងៃអង្គារទី២០ឧសភានេះ សង្វៀនថ្មីដែលមានឈ្មោះថា «ស្តេចប្រដាល់កណ្តាប់ដៃមាស» ដែលនឹងក្លាយជាសង្វៀនប្រដាល់គុនខ្មែរកម្រិតពិភពលោកមួយប្រចាំប្រទេសកម្ពុជា និងចិន ដ្បិតក្រុមអត្តពលិកចម្រុះជាតិសាសន៍ដែលត្រូវបានអនុញ្ញាតឱ្យប្រកួតលើសង្វៀននេះបាន លុះត្រាតែកីឡាករ-កីឡាការិនីនោះ ជាអត្តពលិកអាជីព នៃប្រដាល់គុនខ្មែរ គុនចម្រុះ គុនឃីកបុកស៊ីង ស្ថិតក្នុងកម្រិត A ឬ B ប្រចាំប្រទេសរបស់ខ្លួន មានប្រវត្តិប្រកួតល្អ ជោគជាំនៅលើសង្វៀនប្រដាល់ ទើបអាចបង្ហាញខ្លួនលើសង្វៀន​«ស្តេចប្រដាល់កណ្តាប់ដៃមាស» នេះបាន។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៨ឧសភា សហស្ថាបនិកក្រុមហ៊ុន ថោន គ្រុប លោក វ៉ា សុធា បានចុះអនុស្សរណៈនៃការយោគយល់គ្នា ជាមួយក្រុមហ៊ុន Beijing Jinda Material Trade Culture Co., Ltd លើការបង្កើតសង្វៀនប្រដាល់គុនខ្មែរដ៏ធំមួយ ដែលភាគីទាំងពីរប្រសិទ្ធនាមថា «ស្តេចប្រដាល់កណ្តាប់ដៃមាស» ដើម្បីជំរុញវិស័យប្រដាល់គុនខ្មែរឆ្ពោះទៅកាន់ឆាកអន្តរជាតិកាន់តែទូលំទូលាយ និងជាការផ្ទេរក្បាច់គុនមរតកដូនតាខ្មែរទៅកាន់កីឡាករ-កីឡាការិនីបរទេសចម្រុះជាតិសាសន៍ និយាយជារួម និងសម្រាប់កីឡាករ-កីឡាការិនីចិន និយាយដោយឡែក។ លោក លី ចុងហ្វី អគ្គនាយកក្រុមហ៊ុន ប៉េកាំង ជីងតា បានបង្ហាញការចាប់អារម្មណ៍ជាខ្លាំងលើក្បាច់គុនបុរាណខ្មែរ ដែលមានប្រវត្តិកកើតតាំងពីយូរលុងណាស់មកហើយ និងកំពុងមានការទទួលស្គាល់ជាអន្តរជាតិ ពីស្ថាប័ន International Combat Association (ICA) ផងដែរ។

លោកអគ្គនាយកក្រុមហ៊ុនឱ្យដឹងបន្តថា ចាប់ពីពេលនេះតទៅពាក្យគុនខ្មែរ (Kun Khmer) នឹងលេចវត្តមានលើខ្សែក្រវាត់របស់ស្ថាប័ន International Combat Association (ICA) ដែលជាសមាជិកថ្មីរបស់ (ICA) ហើយស្ថិតក្នុងចំណោមប្រទេសជាសមាជិកប្រមាណ៧៥ប្រទេសចូលរួម។ ក្រៅពីនេះ ICA ក៏មានកម្មវិធីផ្លាស់ប្ដូរបទពិសោធ លើការហ្វឹកហាត់ បណ្ដុះបណ្ដាលបច្ចេកទេសដល់កីឡាករទៅវិញទៅមកផងដែរ ហើយគុនខ្មែរនឹងត្រូវបង្ហាត់បង្ហាញទៅដល់ក្រុមអត្តពលិកដទៃទៀតដែលមិនមែនពលរដ្ឋកម្ពុជា។ ចំណែក វ៉ា សុធា បានបង្ហាញមោទកភាពក្នុងនាមជាកូនខ្មែរ ដែលបានបន្តរួមគ្នាលើកស្ទួយថែរក្សា អភិរក្ស និងអភិវឌ្ឍវិស័យប្រដាល់គុនខ្មែរ ឱ្យមានឈ្មោះបោះសំឡេងល្បីរន្ទឺជាសកលនាពេលនេះ។ លោកបន្ថែមថា នេះជាការវិវត្តថ្មីមួយទៀតសម្រាប់វិស័យគុនខ្មែរ ដែលទទួលបានការចាប់អារម្មណ៍ពីស្ថាប័នប្រដាល់កម្រិតអន្តរជាតិ រហូតឈានដល់រួមគ្នាសហការរៀបចំសង្វៀនប្រដាល់ដ៏ធំមួយនាពេលនេះ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត