អ្នកគាំទ្រគុនខ្មែរសោកស្ដាយ! អិនសេដូ ហ្គុមបា ទទួលអនិច្ចកម្ម ក្រោយមានជម្លោះនៅស្រុកកំណើត
Chanmarady Chuon
19 សីហា 2026 11:34 AM

គុនខ្មែរ៖ អ្នកគាំទ្រវិស័យកីឡាគុនខ្មែរនៅប្រទេសកម្ពុជា បានសម្ដែងការសោកស្ដាយជាខ្លាំង បន្ទាប់ពីទទួលបានដំណឹងមរណភាពរបស់កីឡាករប្រដាល់គុនខ្មែរ សញ្ជាតិអាហ្វ្រិកខាងត្បូង អិនសេដូ ហ្គុមបា (Ncedo Gomba) កាលពីព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ ខណៈដែលរូបគេធ្លាប់មកប្រកួតនៅទឹកដីកម្ពុជា រហូតទទួលបានកេរ្តិ៍ឈ្មោះល្បីរន្ទឺគួរសមក្នុងពិភពប្រដាល់គុនខ្មែរ…។

តាមប្រភពជិតដិតនឹងម្ចាស់ខ្សែក្រវាត់គុនខ្មែរពីរខ្សែរូបនេះ បានបញ្ជាក់ប្រាប់ SBM News ថា រូបគេពិតជាបានទទួលមរណភាពប្រាកដមែន ក្រោយមានការឈ្លោះប្រកែកគ្នានៅភោជនីយដ្ឋានមួយកន្លែង ក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ ប្រភពដដែលបានបន្តថា មុនពេលជួបគ្រោះថ្នាក់ដល់អាយុជីវិតបែបនេះ អិនសេដូ ហ្គុមបា ត្រូវមានភារកិច្ចចេញទៅប្រកួតនៅប្រទេសម៉ាឡេស៊ី និងចប់បេសកកម្មនៅម៉ាឡេស៊ីរួច រូបគេនឹងបន្តដំណើរមកកាន់ប្រទេសកម្ពុជា ដើម្បីហ្វឹកហាត់ត្រៀមខ្លួនឡើងប្រកួតក្នុងកម្មវិធីធំមួយ លើសង្វៀនគុនខ្មែរ។ អិនសេដូ ហ្គុមបា ជាកីឡាករគុនខ្មែរសញ្ជាតិអាហ្វ្រិកខាងត្បូង ដ៏មានគុណភាពមួយ ដែលបានសាងកេរ្តិ៍ឈ្មោះល្បីរន្ទឺក្នុងពិភពប្រដាល់គុនខ្មែរ ទាំងនៅប្រទែសកម្ពុជា និងសង្វៀនអន្តរជាតិផ្សងទៀត។ រូបគេតែងតែប្រម៉ូតគុនខ្មែរទៅកាន់មិត្តភក្តិបរទេសឯទៀតឱ្យមកហ្វឹកហាត់គុនខ្មែរនៅប្រទេសកម្ពុជា ព្រោះប្រដាល់គុនខ្មែរជាបិតារបស់មួយថៃ(Kun Khmer Father Of Mauythai)។ នេះជាសម្តី អិនសេដូ ហ្គុមបា កំលុងនៅមានជីវិត.

សូមជម្រាបជូនថា កីឡាករ អិនសេដូ ហ្គុមបា គឺជាអ្នកប្រដាល់គុនខ្មែរ និងឃីកបុកស៊ីង ដ៏មានសមត្ថភាពមួយរូបដែលធ្លាប់ដណ្ដើមជ័យជម្នះ និងពានរង្វាន់ធំៗជាច្រើន រួមមាន៖ ជើងឯកពិភពលោក WMC Global ៧សម័យ, ជើងឯកអាហ្វ្រិក WMO ២សម័យ, ជើងឯកគុនខ្មែរ២សម័យ, និងជើងឯកគុនថៃ កាលពីឆ្នាំ២០១៣។ កីឡាករចាស់វស្សារូបនេះ បានចាប់ផ្តើមប្រឡូកក្នុងវិស័យកីឡាប្រដាល់តាំងពីវ័យក្មេង និងធ្លាប់បានឡើងប្រកួតលើសង្វៀនល្បីៗជាច្រើន លើពិភពលោក ដូចជា សង្វៀនផ្ទះលេខ២ (មុនមកកម្ពុជា) សង្វៀននៅប្រទេសចិន និងអេមីរ៉េតអារ៉ាប់រួមផងដែរ។ ក្រៅពីអាជីពជាអ្នកប្រដាល់ បច្ចុប្បន្ន លោកក៏ជាគ្រូបង្វឹកក្បាច់គុន និងលំហាត់ប្រាណផងដែរ។ ទោះជាយ៉ាងណា ក្រោយពេលស្គាល់ និងយល់ដឹងច្បាស់អំពី«គុនខ្មែរ»ដែលជាក្បាច់គុនបុរាណមានឫសគុលចេញពីប្រទេសកម្ពុជា អិនសេដូ ហ្គុមបា ក៏បានសម្រេចចិត្តជ្រើសរើសយកប្រទេសកម្ពុជា ជាទីតាំងហ្វឹកហាត់រហូតប្រកួតឈ្នះជើងឯកជាបន្តបន្ទាប់។

ម្ចាស់ខ្សែក្រវាត់គុនខ្មែរ និងឃីកបុកស៊ីងទាំង៩ខ្សែរូបនេះ តែងព្យាយាមសិក្សា ឈ្វេងយល់ពីគុនខ្មែរ និងជួយផ្សព្វផ្សាយក្បាច់គុនខ្មែរទៅកាន់ប្រទេសរបស់គេជានិច្ច។ យ៉ាងណា ក្រោយទទួលបានដំណឹងដ៏រន្ធត់នេះ លោកស្រី អាណា រីតា មៀរីង (Anna Rita Meiring) ភរិយាអិនសេដូ ហ្គុមបា បានសម្ដែងក្ដីឈឺចាប់យ៉ាងក្រៃលែង ចំពោះការបាត់បង់ស្វាមី ទាំងវ័យក្មេង។ លោកស្រី បានរំឭកពីអនុស្សាវរីយ៍រយៈពេល៧ឆ្នាំកន្លះកន្លងមក ជាពិសេស គឺរូបភាពដ៏មានន័យនៅថ្ងៃដែលស្វាមីបីកូនប្រុសឈ្មោះ ម៉ាវើរីក (Maverick) ជាលើកដំបូង។ លោកស្រីសន្យាថា នឹងចិញ្ចឹមកូនប្រុសឱ្យបានល្អ ឱ្យមានអនាគតភ្លឺស្វាង និងប្រាប់កូនពីក្ដីស្រឡាញ់ដ៏ធំធេងដែលឪពុកមានចំពោះរូបគេ។ ជាមួយគ្នា លោកស្រីក៏បានបញ្ជាក់ក្នុងសារដ៏ចាក់ដោត ថា នឹងសងសឹកតាមរយៈការស្វែងរកយុត្តិធម៌ ចំពោះអ្នកដែលពាក់ព័ន្ធ នឹងការសម្លាប់ស្វាមីរបស់លោកស្រី៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត