
ក្រចេះ៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរស់នៅតាមតំបន់ងាយរងគ្រោះដោយទឹកជំនន់ ឱ្យបង្កើនការប្រុងប្រយ័ត្ន និងជម្លៀសសត្វពាហនៈទៅកាន់ទីទួលសុវត្ថិភាព ខណៈកម្ពស់ទឹកទន្លេមេគង្គ នៅបន្តកើនឡើង។

យោងតាមការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយម កម្ពស់ទឹកទន្លេមេគង្គក្រចេះ បានកើនឡើងដល់២១,៨ម៉ែត្រ ហើយអាចបន្តកើនដល់២២,៦ម៉ែត្រ ដែលខ្ពស់ជាងកម្ពស់ទឹកត្រូវប្រុងប្រយ័ត្នទៅទៀត។ តាមធម្មតា កម្ពស់ទឹក២២ម៉ែត្រ ជាកម្រិតដែលត្រូវប្រកាសឱ្យមានការប្រុងប្រយ័ត្ន។

នៅព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ លោក ម៉ែន វណ្ណា អនុប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ រួមជាមួយអាជ្ញាធរពាក់ព័ន្ធ បានចុះពិនិត្យស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលកំពុងមានទឹកជំនន់ និងពិនិត្យមើលទីទួលសុវត្ថិភាពចំនួន២កន្លែង រួមមាន ទួលតាឃីន ស្ថិតក្នុងឃុំបុសលាវ ស្រុកចិត្របុរី និងទួលម៉ៃសាក់ ស្ថិតក្នុងឃុំព្រែកប្រសព្វ ស្រុកព្រែកប្រសព្វ។

ជាមួយគ្នា ក្រុមការងារពិនិត្យឃើញផលដំណាំកសិកម្ម និងដំណាំរួមផ្សំមួយចំនួន ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ ខណៈប្រជាពលរដ្ឋមួយចំនួនបានប្រមូលផលទាន់ពេល។ ទឹកជំនន់ ក៏បានជន់លិចចូលដល់លំនៅឋានរបស់ប្រជាពលរដ្ឋនៅតំបន់មួយចំនួនផងដែរ។ លោក ម៉ែន វណ្ណា បានស្នើដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ ត្រូវបន្តតាមដានស្ថានភាពទឹកជាប្រចាំ ចុះពិនិត្យតំបន់ដែលងាយរងគ្រោះ ផ្សព្វផ្សាយព័ត៌មានជូនប្រជាពលរដ្ឋ រៀបចំទីទួលសុវត្ថិភាព និងត្រូវត្រៀមលក្ខណៈឱ្យហើយ ដើម្បីអាចជួយសង្គ្រោះ និងជម្លៀសប្រជាពលរដ្ឋ ព្រមទាំងសត្វពាហនៈបានទាន់ពេលវេលា ប្រសិនបើស្ថានភាពទឹកបន្តកើនឡើង។

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះសុវត្ថិភាពក្នុងការរស់នៅ មានអនាម័យក្នុងការហូបចុក និងការពារខ្លួនពីសត្វមានពិស។ ជាពិសេស ត្រូវយកចិត្តទុកដាក់ចំពោះ កុមារតូចៗ និងមនុស្សចាស់ជរា ដើម្បីជៀសវាងគ្រោះថ្នាក់ដោយការលង់ទឹក៕
រាយការណ៍ដោយលោក សារី ណែត ទីភ្នាក់ងារអង្គភាពសារព័ត៌មាន SBM News ប្រចាំខេត្តក្រចេះ









