
រាជធានីភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ បានក្រើនរំលឹកដល់សាធារណជនឱ្យបង្កើនការប្រុងប្រយ័ត្នចំពោះជំងឺពងបែកដៃ ជើង និងមាត់ ខណៈករណីជំងឺនេះ កើនឡើងក្នុងចំណោមកុមារអាយុក្រោម៥ឆ្នាំ។ ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងដែលបង្កឡើងដោយពពួកអង់តេរ៉ូវីរុស (Enteroviruses) ជាពិសេសវីរុសកុកសាគី (Coxsackie Virus)..។

ក្រសួងសុខាភិបាល លើកឡើងថា ជំងឺនេះអាចកើតលើទារក និងកុមារជាញឹកញាប់ ហើយមនុស្សពេញវ័យក៏អាចឆ្លងបានដែរ។ ចំពោះរោគសញ្ញាសំខាន់ៗ រួមមាន៖ គ្រុនក្ដៅ ដំបៅឈឺក្នុងមាត់ កន្ទួល ពងបែកក្រហមនៅបាតដៃ បាតជើង និងតំបន់គូទ។ ជាទូទៅ ជំងឺមានសភាពស្រាល ហើយអ្នកជំងឺភាគច្រើនអាចជាសះស្បើយក្នុងរយៈពេលប្រហែល៧ ទៅ១០ថ្ងៃ។ ទោះជាយ៉ាងណា ក្នុងករណីមួយចំនួន ជំងឺអាចបង្កផលវិបាកធ្ងន់ធ្ងរ។ ក្រសួងបញ្ជាក់ថា ប្រសិនបើកុមារប្រកាច់ កន្ត្រាក់ដៃជើង ពិបាកដកដង្ហើម ឬហត់ខ្លាំង ឪពុកម្តាយ និងអ្នកថែទាំត្រូវប្រញាប់នាំកុមារទៅកាន់មណ្ឌលសុខភាព ឬមន្ទីរពេទ្យដែលនៅជិតបំផុតដោយមិនត្រូវពន្យារពេលឡើយ។ ដើម្បីបង្ការការឆ្លង ឪពុកម្តាយ និងអ្នកថែទាំកុមារ ត្រូវលាងដៃជាមួយសាប៊ូ និងទឹកឱ្យបានញឹកញាប់ ជាពិសេសក្រោយប្រើប្រាស់បង្គន់ ក្រោយប្តូរទ្រនាប់គូទទារក ក្រោយសម្អាតកុមារ និងមុនរៀបចំ ឬបរិភោគអាហារ។

គួរសម្អាតផ្ទៃ និងវត្ថុដែលប្រឡាក់ដោយទឹក និងសាប៊ូ ហើយជៀសវាងការថើប ឱប ឬប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នាជាមួយកុមារដែលមានជំងឺ។ នៅពេលកុមារមានជំងឺ គួរឱ្យកុមារសម្រាកនៅផ្ទះ និងមិនទៅសាលារៀន ឬមណ្ឌលថែទាំកុមារ ដើម្បីកាត់បន្ថយការចម្លងទៅអ្នកដទៃ។ ជាមួយគ្នានេះ ឪពុកម្តាយ និងអ្នកថែទាំកុមារ គួរផ្តល់អាហារដែលមានជីវជាតិ និងទឹកឱ្យបានគ្រប់គ្រាន់ ហើយជៀសវាងការនាំកុមារទៅកន្លែងមានមនុស្សច្រើន។ ក្រសួង អំពាវនាវដល់ឪពុកម្តាយ និងអ្នកថែទាំកុមារ ឱ្យយកចិត្តទុកដាក់លើរោគសញ្ញា និងស្វែងរកការពិគ្រោះយោបល់ ឬពិនិត្យព្យាបាលនៅមូលដ្ឋានសុខាភិបាលឱ្យបានទាន់ពេលវេលា។ សម្រាប់ព័ត៌មានបន្ថែម សាធារណជន អាចទាក់ទង តាមលេខទូរសព្ទទាន់ហេតុការណ៍ ១១៥ ដោយឥតគិតថ្លៃ៕





