
រាជធានីភ្នំំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានបញ្ជូនបុរសជាជនសង្ស័យម្នាក់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់លើករណីលួចគ្រប់គ្រង (Hack) និងក្លែងបន្លំ)របស់អ្នកដទៃ រួចប្រើប្រាស់គណនីនោះទៅប្រព្រឹត្តក្នុងអំពើឆបោកប្រាក់....។

របាយការណ៍ បង្ហាញថា ដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កម្លាំងជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកកិច្ចប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរម្នាក់ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦។ តាមការស៊ើបអង្កេត បានឱ្យដឹងថា មានអ្នកលក់គណនីធនាគាររបស់ខ្លួន ឱ្យទៅជនអនាមិកជាថ្នូរនឹងប្រាក់កម្រៃ។ ក្រុមឧក្រិដ្ឋជន បានយកគណនីធនាគារនោះ ទៅប្រើប្រាស់ធ្វើជាមធ្យោបាយទទួលប្រាក់ ក្រោយពីបានធ្វើសកម្មភាពលួចគ្រប់គ្រង (hacked) និងក្លែងបន្លំគណនីតេឡេក្រាម ដើរបោកយកប្រាក់ពីជនរងគ្រោះជាបន្តបន្ទាប់។

នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំលឹក និងអំពាវនាវដល់សាធារណជនទាំងអស់ឱ្យប្រុងប្រយ័ត្ន ចំពោះការផ្សព្វផ្សាយផ្តល់ការងារតាមបណ្តាញសង្គម ដែលគ្មានប្រភពច្បាស់លាស់ ព្រោះអាចជាល្បិចកលអូសទាញឱ្យក្លាយជាឧបករណ៍បម្រើផលប្រយោជន៍ដល់ក្រុមឧក្រិដ្ឋជន។ អង្គភាពជំនាញមួយនេះ ក៏បានដាស់តឿនប្រជាពលរដ្ឋ ឱ្យជៀសវាងដាច់ខាតនូវការឱ្យខ្ចី ជួល លក់គណនីធនាគារ និងឯកសារអត្តសញ្ញាណបណ្ណផ្ទាល់ខ្លួន ទៅឱ្យបុគ្គលដទៃ ព្រោះសកម្មភាពទាំងនេះជាអំពើខុសច្បាប់ ដែលនាំឱ្យប្រឈមមុខនឹងការជាប់ទោសទណ្ឌ ក្នុងនាមជាអ្នកសមគំនិត ឬជាអ្នកទទួលផលនៃបទល្មើស៕





