
រាជធានីបាងកក៖ ស្របពេលប្រទេសឥណ្ឌូណេស៊ី កំពុងតែជំរុញឱ្យក្រុមហ៊ុនផលិតរថយន្ដដ៏ធំបំផុតមួយរបស់ជប៉ុន Toyota ចាកចេញពីប្រទេសថៃនោះ ឥឡូវនេះ មានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនលក់រាយរបស់ជប៉ុន Aeon បានខ្លួនចេញពីប្រទេសថៃ ហើយងាកទៅប្រកួតប្រជែងនៅប្រទេសវៀតណាម។

សារព័ត៌មានរបស់ហុងកុង South China Morning Post បានផ្សាយ កាលពីថ្ងៃទី២១ ខែសីហា ដោយផ្អែកលើក្រុមអ្នកជំនាញរបស់ក្រុមហ៊ុន Aeon ថា ការសម្រេចចិត្តក្នុងការលក់បណ្តាញហាងលក់ទំនិញខ្នាតតូច MaxValu នៅប្រទេសថៃ គឺជាឧទាហរណ៍ចុងក្រោយបំផុត បង្ហាញអំពីក្រុមហ៊ុនធំៗមានឥទ្ធិពលដ៏ខ្លាំងក្លាទៅលើអ្នកប្រើប្រាស់ជាជនជាតិថៃ។ ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តបែបនេះ ក៏ឆ្លុះបញ្ចាំង អំពីការផ្លាស់ប្តូរស្ថានភាពសេដ្ឋកិច្ច នៅក្នុងប្រទេសជិតខាង គឺវៀតណាម ដែលនៅទីនោះ ក្រុមហ៊ុនលក់រាយធំៗរបស់អាស៊ី រួមទាំង Aeon ផងដែរ កំពុងតែប្រកួតប្រជែងយ៉ាងខ្លាំងក្លា ដើម្បីដណ្តើមចំណែកទីផ្សារក្នុងចំណោមស្រទាប់មនុស្សវណ្ណៈកណ្តាល ដែលកំពុងតែមានកំណើនយ៉ាងឆាប់រហ័ស។

ហាង MaxValu ដែលជាហាងទទួលបានការពេញនិយម ពីប្រជាជនថៃយ៉ាងច្រើន ដោយសារតែតម្លៃសមរម្យ និងមានលក់ផលិតផលស្រស់ៗជាច្រើនមុខនោះ នឹងប្រគល់ហាងចំនួន៣០របស់ខ្លួន នៅក្នុងប្រទេសថៃ ទៅឱ្យក្រុមហ៊ុន Central Retail Corporation ដោយមានគម្រោងប្តូរឈ្មោះហាងទាំងនោះ ទៅជាម៉ាកយីហោ ហាងលក់ទំនិញខ្នាតតូច Tops វិញ។

Central Group ដែលជាក្រុមហ៊ុនអចលនទ្រព្យ និងលក់រាយដ៏ធំ គ្រប់គ្រងដោយគ្រួសារអ្នកមានបំផុតមួយរបស់ប្រទេសថៃ បានទិញយកបណ្តាញផ្សារទំនើប ដែលបង្កើតឡើងដោយក្រុមហ៊ុនបរទេសជាបន្តបន្ទាប់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ខណៈក្រុមហ៊ុន កំពុងតែពង្រីកឥទ្ធិពលរបស់ខ្លួន នៅលើទីផ្សារក្នុងស្រុក។ នៅឆ្នាំ២០២៣ Central Group បានទិញយកហាងប្រហែល២០០ ពីបណ្តាញ FamilyMart ដែលពីមុន បានគ្រប់គ្រងដោយក្រុមហ៊ុនជប៉ុន Itochu ហើយបានប្តូរឈ្មោះហាងទាំងនោះ ទៅជា Tops។

ការចាកចេញរបស់ MaxValu បានកើតឡើង បន្ទាប់ពីក្រុមហ៊ុនមួយនេះ បានជួបប្រទះនឹងការលំបាកអស់រយៈពេលជាច្រើនឆ្នាំ នៅក្នុងការដណ្តើមចំណែកទីផ្សារ ដែលបានគ្រប់គ្រងស្ទើរតែទាំងស្រុងដោយក្រុមហ៊ុនយក្ស ក្នុងស្រុកចំនួនពីរ រួមមាន៖ Central Group និង Charoen Pokphand (CP) Group។ ក្រុមហ៊ុនទាំងពីរនេះ បានចំណាយថវិកាច្រើនជាងគូប្រជែងរបស់ខ្លួន ដើម្បីគ្រប់គ្រងផ្នែកលក់រាយ ទាំងប្រភេទតម្លៃសមរម្យ និងប្រភេទថ្លៃ។ CP Group ជាក្រុមហ៊ុនចម្រុះដ៏មានឥទ្ធិពលបំផុតមួយនៅអាស៊ី គ្រប់គ្រងហាងហ្វ្រេនឆាយ 7-Eleven ដែលមានវត្តមាននៅគ្រប់ទីកន្លែងក្នុងប្រទេសថៃ រួមជាមួយនឹងបណ្តាញផ្សារ Makro និង Lotus’s (ដោយ Lotus’s បានទិញពីក្រុមហ៊ុនលក់រាយយក្សរបស់ចក្រភពអង់គ្លេស Tesco កាលពីឆ្នាំ ២០២០)។

Central Retail ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Central Group ដំណើរការហាង Tops ចំនួន ៧៣៤ និងជាម្ចាស់ Big C ដែលជាបណ្តាញផ្សារទំនើបខ្នាតធំ លក់ទំនិញតម្លៃសមរម្យ និងមានប្រជាប្រិយភាព ក្នុងចំណោមអ្នកទិញទំនិញក្នុងស្រុក និងភ្ញៀវទេសចរ។ ក្រុមហ៊ុនចម្រុះនេះ ដែលរកចំណូលបានជាង៧,៧ពាន់លានដុល្លារអាម៉េរិក កាលពីឆ្នាំ២០២៥ បានប្រកាសពីការទិញយក MaxValu ទៅកាន់ផ្សារហ៊ុនថៃ នៅដើមខែសីហា។ ក្រុមហ៊ុននេះ ក៏មានវត្តមានយ៉ាងសំខាន់ នៅក្នុងប្រទេសវៀតណាមផងដែរ ដោយប្រទេសនេះ រួមចំណែកប្រហែល១៧ភាគរយ សម្រាប់ការលក់សរុបរបស់ខ្លួន រហូតមកដល់ឆ្នាំ២០២៦នេះ៕



