
រដ្ឋធានីកៀវ៖ ស្របពេលសង្គ្រាមរបស់មេដឹកនាំវិមានក្រឹមឡាំង លោក វ៉្លាឌីមៀ ពូទីន បាននិងកំពុងតែបន្ដវាយប្រហារគ្នាទៅវិញទៅមកយ៉ាងសាហាវ នៅលើទឹកដីរបស់អ៊ុយក្រែននោះ កងទ័ពរបស់រដ្ឋាភិបាលក្រុងកៀវ តែងតែតែរិះរកគ្រប់មធ្យោបាយ ដើម្បីទប់ទល់ និងវាយបកទៅវិញ ហើយបានប្រើប្រាស់សំណាញ់ សម្រាប់ចាប់ដ្រូនរបស់រុស្ស៊ី។

សារព័ត៌មានរបស់កូរ៉េខាងត្បូង បានផ្សាយ កាលពីព្រឹក ថ្ងៃសៅរ៍ ទី២២ ខែសីហា ថា សំណាញ់ពណ៌សដ៏ធំ ត្រូវបានកងទ័ពអ៊ុយក្រែន ដំឡើងនៅតាមតំបន់មួយចំនួន។ ទោះជាមើលទៅ វាហាក់បីដូចជាពួកគេកំពុងតែជួសជុលសំណាញ់នេសាទក៏ពិតមែន ប៉ុន្តែទីនោះ មិនមែនជាសមុទ្រនោះឡើយ។

កងវរសេនាតូចគាំទ្រឯករាជ្យទី១២២១របស់អ៊ុយក្រែន កាលពីថ្ងៃទី ១៧ ខែសីហា បាននាំគ្នាជួសជុលសំណាញ់ការពារ ទប់ទល់នឹងដ្រូន នៅទីក្រុងស្លូវៀនស្ក៍ (Sloviansk) នៃតំបន់ដូណែតស្ក៍ (Donetsk) នាភាគខាងកើត ប្រទេសនេះ។ សំណាញ់ទាំងនោះ បានដើរតួជាខ្សែការពារចុងក្រោយ សម្រាប់រារាំង ទប់ទល់នឹងដ្រូនរបស់រុស្ស៊ី ប្រភេទ FPV កុំឱ្យវាចូលទៅជិតយានយន្ត និងបុគ្គលិកយោធារបស់ពួកគេ។

គ្រាប់បែកវាយប្រហារតាមអាកាសរបស់រុស្ស៊ី ប្រភេទ KAB ដែលអាចកំណត់គោលដៅ បានធ្លាក់ចំទីតាំងមួយ ស្ថិតក្នុងទីក្រុង Sloviansk ដោយបង្ករងការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់សំណាញ់ដែលមានស្រាប់។ ក្រុមទាហាន បានលាតសំណាញ់ថ្មីៗ ដែលរមូរដូចជាដុំក្រដាសរមូរ ហើយបានដាក់ពង្រាយវា នៅតាមដងផ្លូវ។ រីឯការជួសជុលសំណាញ់ដែលរហែកទាំងនោះ ក៏ដោយសារតែការវាយប្រហារនៅតាមអាកាស នៅតែបន្ត នៅតាមបណ្តោយខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន។


សំណាញ់ទប់ទល់ប្រឆាំងនឹងដ្រូន កំពុងតែត្រូវបន្តដំឡើង នៅតាមបណ្តោយផ្លូវនានា ដែលស្ថិតនៅជិតខ្សែត្រៀមជួរមុខរបស់អ៊ុយក្រែន។ បើតាមក្រសួងការពារជាតិអ៊ុយក្រែន បានឲ្យដឹង ថា គិតត្រឹមខែកក្កដា ឆ្នាំ២០២៦ សំណាញ់ការពារទប់ទល់នឹងដ្រូន បានដំឡើងគ្របដណ្តប់លើផ្លូវដឹកជញ្ជូនសំខាន់ៗ មានប្រវែងជាង ១ ១៨៤ គីឡូម៉ែត្រ។ ប៉ុន្ដែកាលពីខែកុម្ភៈ ក្រសួងការពារជាតិអ៊ុយក្រែន បានប្រកាសអំពីផែនការដំឡើងសំណាញ់បន្ថែមទៀត ដែលមានប្រវែង ៤ ០០០ គីឡូម៉ែត្រ នៅត្រឹមដំណាច់ឆ្នាំ២០២៦៕


