
រាជធានីភ្នំពេញ៖ របាយការណ៍ បង្ហាញថា រយៈពេល៦ខែ ឆ្នាំ២០២៦នេះ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបសរុបចំនួន១៤លើក ដោយដកហូតវត្ថុតាងខុសច្បាប់ជាច្រើន រួមមាន វ៉ែប (Vape) ឬបារីអេឡិចត្រូនិកជាង២៦ម៉ឺនគ្រឿង, ក្បាលជក់ជិត៧ម៉ឺនគ្រឿង, ម៉ាស៊ីនកិនកញ្ឆាជាង៤០០គ្រឿង ។ល។ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំពិធីកិនកម្ទេចចោលឧបករណ៍ និងវត្ថុទាំងអស់នេះចោល នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការដ៏ក្តៅកកុកនេះ ក្រៅពីវត្ថុតាង កងកម្លាំងរាជអាវុធហត្ថ ក៏បានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន១៦នាក់ ដោយក្នុងនោះ ១៤នាក់ត្រូវបានធ្វើកិច្ចសន្យាអប់រំ និង២នាក់ទៀតត្រូវបញ្ជូនទៅចាត់ការតាមនីតិវិធីច្បាប់នៅតុលាការ។ លោកស្រី តិមា វិច្ឆិកាល អភិបាលរងរាជធានីភ្នំពេញ បានគូសបញ្ជាក់យ៉ាងច្បាស់ថា ប្រតិបត្តិការបង្ក្រាប និងកម្ទេចចោលនេះ គឺជាវិធានការចាំបាច់បំផុត ដើម្បីទប់ស្កាត់ការរាលដាលនៃការប្រើប្រាស់ និងការចែកចាយផលិតផលដែលបំផ្លាញសុខភាព និងបង្កហានិភ័យធ្ងន់ធ្ងរដល់សុវត្ថិភាពសង្គម ជាពិសេស ដើម្បីការពារក្រុមយុវជន និងកុមារតូចៗ។

បន្ថែមពីនេះ សមត្ថកិច្ច ក៏បានបើកប្រតិបត្តិការបង្ក្រាបយ៉ាងចាស់ដៃលើផលិតផលថ្នាំជក់ក្លែងក្លាយ ដោយបារីក្លែងក្លាយជាង៤០០តោន ត្រូវបានដកហូត និងយកទៅបំផ្លាញចោល។ អាជ្ញាធរពាក់ព័ន្ធ បានធ្វើយុទ្ធនាការផ្សព្វផ្សាយអប់រំដោយផ្ទាល់តាមគ្រឹះស្ថានសិក្សានានា អំពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ដោយមានសិស្សានុសិស្សចូលរួមស្ដាប់ជាង៥ម៉ឺននាក់៕


ក្នុងន័យនេះ គឺជាសារអប់រំ និងការដាស់តឿនដល់សង្គមជាតិថា បារីអេឡិចត្រូនិក ឬ «វ៉ែប» មិនមែនជាឧបករណ៍ទាន់សម័យ ឬជាជម្រើសសុវត្ថិភាពជំនួសបារីធម្មតានោះឡើយ។ វាគឺជាអាវុធមុខពីរលាក់មុខ ដែលផ្ទុកទៅដោយសារធាតុគីមីពុល សារធាតុញៀននីកូទីន និងលោហៈធ្ងន់ ដែលអាចបំផ្លាញកោសិកាសួត បេះដូង និងអភិវឌ្ឍន៍ខួរក្បាលរបស់យុវវ័យយ៉ាងធ្ងន់ធ្ងរ។ ការលង់ខ្លួនប្រើប្រាស់បារីអេឡិចត្រូនិក មិនត្រឹមតែបាត់បង់ថវិកា និងសុខភាពផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាផ្លូវកាត់ឈានទៅរកការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ផ្សេងទៀតផងដែរ៕





