ក្រុងកំពង់ចាម ក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី»
អុន សម្ផស្ស
16 តុលា 2024 03:30 PM

ខេត្តកំពង់ចាម៖ ក្រុងកំពង់ចាម ត្រូវបានប្រកាសជាផ្លូវការ ក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ទទួលស្គាល់ពីក្រសួងទេសចរណ៍ និងដោយបណ្តាញទីក្រុងគ្មានផ្សែងបារីនៅតំបន់អាស៊ីប៉ាស៊ីហ្វិក (SCAN) សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ SEATCA ព្រមទាំងអង្គការសុខភាពពិភពលោក (WHO)។ នេះបើតាមការបញ្ជាក់របស់រដ្ឋបាលខេត្តកំពង់ចាមនៅថ្ងៃពុធនេះ...។

ពិធីប្រកាសជាផ្លូវការ ក្រុងកំពង់ចាមក្លាយជាជ័យលាភី «ទីក្រុងទេសចរណ៍គ្មានផ្សែងបារី» ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤ ដោយមានវត្តមាន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍​ លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងតំណាងអង្គការសុខភាពពិភពលោក នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។ ថ្លែងនាឱកាសនោះ លោក​ ហួត ហាក់ លើកឡើងថា​ ជ័យលាភីទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺជាប្រសិទ្ធនាមមួយដែលមានការទទួលស្គាល់ជាផ្លូវការពីក្រសួងទេសចរណ៍ ចំពោះបណ្តាក្រុង-ស្រុក-ខណ្ឌ ដែលបានអនុវត្តបរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍បានល្អប្រសើរ។ ជ័យលាភីនេះទៀតសោធ ក៏មានការទទួលស្គាល់ដោយបណ្តាញទីក្រុងគ្មានផ្សែងបារី នៅតំបន់អាស៊ីប៉ាស៊ីហ្វិក SCAN (Smoke-free Cities Asia Pacific Network) សម្ព័ន្ធត្រួតពិនិត្យថ្នាំជក់អាស៊ីអាគ្នេយ៍ SEATCA (Southeast Asia Tobacco Control Alliance) និង អង្គការសុខភាពពិភពលោក (WHO) ផងដែរ។

ទន្ទឹមនឹងការគូសបញ្ជាក់នេះ លោករដ្ឋមន្ត្រីទេសចេរណ៍ បានណែនាំពីវិធានការដែលអាជ្ញាធរតំបន់ត្រូវអនុវត្ត​ ដើម្បីធានាបាននិរន្តរភាពទីក្រុងទេសចរណ៍គ្មានផ្សែងបារី គឺត្រូវលើកកម្ពស់ការយល់ដឹងអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់ជាប្រចាំ នៅតាមវេទិកាសាធារណៈ។ ជំរុញឱ្យមានការអនុវត្តច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ការត្រួតពិនិត្យថ្នាំជក់ឱ្យបានទូលំទូលាយថែមទៀត​ ព្រមទាំងបន្តប្រតិបត្តិជាក្រុងគំរូ ដើម្បីលើកកម្ពស់គុណតម្លៃនៃវិស័យទេសចរណ៍ និងជាគោលដៅទេសចរណ៍ជម្រើសពេញនិយមរបស់ភ្ញៀវទេសចរ​។ លោក ហួត ហាក់ ថ្លែងថា៖«ថ្ងៃនេះក្រុងកំពង់ចាមសម្រេចបានជោគជ័យថ្មីមួយទៀត​ នៅក្នុងវិស័យទេសចរណ៍​ ដោយបានក្លាយជាជ័យលាភី [ទីក្រុងទេសចរណ៍គ្មានផ្សែងបារី] ដូចនេះត្រូវបន្តអនុវត្តជាប្រចាំនូវគោលការណ៍បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍​ ឱ្យសក្តិសមនឹងការទទួលបានជ័យលាភីនេះ»​ ។

ជាមួយនឹងការទទួលបានជ័យលាភីនេះដែរ លោក ​អ៊ុន​ ចាន់ដា​ ​ថ្លែងថា ការទទួលបានជ័យលាភីនេះនឹងជួយឱ្យខេត្ត និងក្រុងកំពង់ចាម កាន់តែលេចធ្លោ និងទាក់ទាញភ្ញៀវទេសចរបរទេស។ លើសពីនេះទៀត លោកថា ជ័យលាភីនេះមិនត្រឹមតែបង្កើនភ្ញៀវទេសចរប៉ុណ្ណោះទេ តែក៏ទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន ក្នុងន័យអភិវឌ្ឍន៍វិស័យទេសចរណ៍ និងការគិតគូរពីសុខភាពសាធារណៈ។ បន្ថែមលើនោះ លោកអភិបាលខេត្ត បាន​ប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍​ ដើម្បីបន្តជំរុញការអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងបរិស្ថានគ្មានផ្សែងបារីឱ្យបានប្រកបដោយជោគជ័យ​៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត