ឪពុកម្តាយសូមបង្កើនការប្រុងប្រយ័ត្ន! យុវជនវ័យក្មេង និងសិស្សសាលា កំពុងទទួលរងឥទ្ធិពលពីបារីអេឡិចត្រូនិច
ហាក់ អ៊ីឌី
17 មិថុនា 2024 03:00 AM

រាជធានីភ្នំពេញ៖ បារីអេឡិចត្រូនិច វេប ឬស៊ីសា កំពុងទទួលបានការពេញនិយមយ៉ាងខ្លាំងពីសំណាក់យុវវ័យ និងសិស្សសាលា បើទោះបីជាអាជ្ញាធរបានដាក់បម្រាមយ៉ាងតឹងរឹងលើផលិតផលដែលមានផ្ទុកដោយសារធាតុញៀន និងបង្កគ្រោះថ្នាក់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរក៏ដោយ ក៏គេសង្កេតឃើញថា ក្រុមយុវវ័យ និងសិស្សសាលា បាននាំគ្នាប្រើប្រាស់យ៉ាងផុលផុស...។

ក្នុងស្រទាប់យុវវ័យនាពេលបច្ចុប្បន្ន គេសង្កេត់ឃើញរាល់ការជួបជុំរបស់ពួកគេ តែងតែផ្សារភ្ជាប់ជាមួយឧបករណ៍ម្យ៉ាងក្នុងដៃរៀងៗខ្លួន ដែលគេហៅថា yooz ឬ បារីអេឡិចត្រូនិច ខណៈវត្ថុទាំងពីរខាងលើនេះបានជះឥទ្ធិពលយ៉ាងឆាប់រហ័សទៅកាន់កុមារដែលមានវ័យក្រោម១៨ឆ្នាំ ជាហេតុធ្វើឱ្យមហាជន ជាពិសេសអាណាព្យាបាល មានការព្រួយបារម្ភជាខ្លាំង។ ជាក់ស្តែង កាលពីវេលាម៉ោង១០:២០នាទីថ្ងៃទី១៥មិថុនា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក សហការណ៏ជាមួយលោកនាយកសាលាបឋមសិក្សាអនុវត្ត និងលោកចៅសង្កាតទឹកល្អក់៣ បានចុះប្រមូលសិស្សក្នុងសាលារៀនសរុប៥១នាក់ (ស្រី០៧នាក់) ដែលមានការសង្ស័យប្រើប្រាស់ (ជក់បារីអេឡិចត្រូនិច yooz)។

អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ គឺបន្ទាប់ពីការសាកសួរ អាជ្ញាធរ និងលោកនាយកសាលា បានរកឃើញសិស្សចំនួន០៨នាក់ ស្រីម្នាក់ (អាយុក្រោម១៤ឆ្នាំ) មានឧបករណ៍ជក់បារីអេឡិចត្រូនិច ខណៈជាមួយគ្នានោះ សមត្ថកិច្ចបានធ្វើការរដកហូតឧបករណ៍បារីអេឡិចត្រូនិចចំនួន០៩ដើម និងបានធ្វើការអប់រំពីផលប៉ះពាល់ចំពោះការជក់បារីអេឡិចត្រូនិចនេះទៅកាន់ប្អូនៗផងដែរ។ គួររំឭកថា ការប្រើប្រាស់បារីអេឡិចត្រូនិច ក្នុងចំណោមកុមារ និងមនុស្សវ័យជំទង់ មានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍខួរក្បាល ដែលនាំឱ្យកើតមានផលវិបាករយៈពេលវែង សម្រាប់ការអភិវឌ្ឍខួរក្បាល និងអាចធ្វើឱ្យប៉ះពាល់ដល់ការចងចាំ, ការសិក្សាធ្លាក់ចុះខ្សោយ, និងបង្កឱ្យមានជំងឺថប់បារម្ភ។

សូមបញ្ជាក់ថា ការសាកល្បងប្រើប្រាស់បារីអេឡិចត្រូនិច ជាផ្លូវនាំឱ្យយុវជនក្លាយជាអ្នកជក់បារីធម្មតា និងឈានទៅរកការប្រើប្រាស់គ្រឿងញៀនផ្សេងទៀតនាពេលអនាគត។ ដូច្នេះ សូមមាតាបិតា អាណាព្យាបាលលើយុវជន និងសិស្សានុសិស្ស មេត្តាជួយតាមដាន ដាសតឿន កូនៗ ក្មួយៗ ឬបុគ្គលដែលបានប្រើប្រាស់ឧបករណ៍ជក់បារីអេឡិចត្រូនិច វេប ឬស៊ីសា នេះ ឱ្យបោះបង់ចោលជាបន្ទាន់ ព្រោះការសេពបារីប្រភេទនេះ អាចនឹងនាំយុវជន និងសិស្សានុសិស្សប្រើប្រាស់គ្រឿងញៀននាពេលអនាគតដ៏ខ្លីខាងមុខ ដែលបង្កឱ្យអន្តរាយដល់សុខភាពផ្ទាល់ខ្លួន និងបង្កផលប៉ះពាល់ដល់សមាជិកក្រុមគ្រួសារបន្ថែមទៀតផងដែរ..៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត