
រាជធានីបាងកក៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា បានកំណត់រយៈពេលមួយខែត្រូវសម្រាប់ការបង្ក្រាបលើការនាំចូល និងលក់បារីអេឡិកត្រូនិក ឬvape ដោយខុសច្បាប់ ជាពិសេសនៅក្នុងតំបន់ជុំវិញស្ថាប័នអប់រំ។

នាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ បានសរសេរក្នុងសារបង្ហោះតាមបណ្តាញសង្គមបន្ទាប់ពីកិច្ចប្រជុំជាមួយភ្នាក់ងារទាំងនេះថា ប្រតិបត្តិការទូទាំងប្រទេសកំពុងត្រូវបានធ្វើរួមដោយប៉ូលិសភូមិន្ទថៃ ក្រសួងពាណិជ្ជកម្ម ក្រសួងមហាផ្ទៃ និងនាយកដ្ឋានគយ។ លោកស្រី បានរៀបរាប់ថា ក្រៅពីអាជ្ញាធររដ្ឋទាំងនេះ សាធារណជន ក៏ត្រូវបានលើកទឹកចិត្តឱ្យជួយតាមរយៈការរាយការណ៍អំពីការលក់ដូរបារីអេឡិចត្រូនិចខុសច្បាប់ផងដែរ។ បន្ថែមពីនោះ លោកស្រីនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ថា៖«ខ្ញុំសូមជំរុញឱ្យអ្នកគ្រប់គ្នាចូលរួមសហការការពារកុមារ និងយុវជនរបស់យើងពីការប្រើបារីអេឡិចត្រូនិចខុសច្បាប់។ សូមកុំស្ទាក់ស្ទើរក្នុងការរាយការណ៍អំពីការលក់បារីអេឡិចត្រូនិចណាមួយដល់យុវជនទៅកាន់ប៉ូលិស»។ លោកស្រីបន្ថែមថា អាជ្ញាធរនឹងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីបង្ក្រាបទាំងការនាំចូល និងលក់បារីអេឡិចត្រូនិចខុសច្បាប់ ខណៈអាជ្ញាធរក៏បាននិងកំពុងស្វែងរកកន្លែងលាក់ទុកផងដែរ។ ការអប់រំជាសាធារណៈអំពីហានិភ័យសុខភាពដែលអាចកើតមាននៃការជក់បារី ក៏នឹងកាន់តែខ្លាំងក្លាផងដែរ។

អគ្គស្នងការនគរបាលជាតិ លោក គីថារ័ត្ន ពិនឈិត (Kittharath Punchetch) បាននិយាយថា ប៉ូលិសខេត្តនឹងទទួលខុសត្រូវចំពោះការអនុវត្តនៅខាងក្រៅរាជធានីបាងកក។ កាលពីឆ្នាំមុន ប៉ូលិសបានវាយឆ្មក់រហូតដល់២០០០លើក លើហាងដែលលក់បារីអេឡិចត្រូនិចនៅជិតស្ថាប័នអប់រំ ដោយលោកបន្ថែមថា ប្រតិបត្តិការនៅតែបន្តនៅឆ្នាំនេះ ជាមួយនឹងការកើនឡើងនៃផ្តល់ព័ត៌មានពីសាធារណជន។ ប៉ូលិសភូមិន្ទថៃបានចេញការព្រមានកាលពីឆ្នាំមុនដល់មន្ត្រីប៉ូលិស និងមន្ត្រីរដ្ឋាភិបាលផ្សេងទៀតដែលពាក់ព័ន្ធនឹងការជួញដូរបារីអេឡិចត្រូនិចខុសច្បាប់ ដោយជំរុញឱ្យពួកគេបញ្ឈប់សកម្មភាព ឬប្រឈមនឹងការពិន័យកាន់តែធ្ងន់ធ្ងរជាងជនល្មើសស៊ីវិល។ លោកបន្តថា លោកស្រីនាយករដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងាររួមឱ្យរាយការណ៍ពីការវិវឌ្ឍរបស់ខ្លួនជូនលោក ជីរ៉ាផន ស៊ិនធូប្រាយ (Jiraporn Sinthuprai) រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រីក្នុងរយៈពេល១៥ថ្ងៃ៕




