
កីឡា៖ យោងតាមរូបភាពដែលបានចុះផ្សាយលើសារព័ត៌មានល្បីៗនៅអឺរ៉ុប នៅព្រឹកថ្ងៃទី២១ ខែសីហានេះ វីរបុរសបាល់ទាត់ពិភពលោក សញ្ជាតិប្រេស៊ីល រ៉ូណាល់ឌីញ៉ូ Ronaldinho ក្នុងវ័យ៤៦ឆ្នាំ បានធ្វើដំណើរទៅដល់ប្រទេសអ៊ីតាលីហើយ ដើម្បីចុះកិច្ចសន្យាជាមួយក្លិបរ៉េវេណា Ravenna ជាក្រុមប្រកួតប្រជែងក្នុងលីគលំដាប់ទី៣ របស់អ៊ីតាលី (Serie C)…។

អតីតម្ចាស់ពានរង្វាន់ Ballon d'Or រូបនេះ នឹងត្រូវបង្ហាញខ្លួនជាផ្លូវការនៅល្ងាចនេះក្នុងនាមជាកីឡាករថ្មីរបស់ក្លិប។ ការសម្រេចចិត្តវិលត្រឡប់មកចូលលេងបាល់ទាត់ឡើងវិញនេះ ធ្វើឡើងបន្ទាប់ពីលោកប្រកាសព្យួរស្បែកជើងអស់រយៈពេល១១ឆ្នាំ ពោលគឺតាំងពីឆ្នាំ២០១៥មកម្ល៉េះ។ រ៉ូណាល់ឌីញ៉ូ មានគោលដៅច្បាស់លាស់ចុងក្រោយមួយគត់ក្នុងការវិលត្រឡប់មកទីលានវិញ នោះគឺការរកគ្រាប់បាល់ឱ្យបានមួយគ្រាប់ចុងក្រោយ ក្នុងនាមជាកីឡាករបាល់ទាត់អាជីពវ័យជ្រែ។

គួររម្លឹកផងដែរថា រ៉ូណាល់ឌីញ៉ូ គឺជាកីឡាករតែមួយគត់ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលបានឈ្នះពានរង្វាន់ធំៗគ្រប់កម្រិត រួមមាន៖ FIFA World Cup (ឆ្នាំ២០០២), Copa América (ឆ្នាំ១៩៩៩), FIFA Confederations Cup (ឆ្នាំ២០០៥), UEFA Champions League (រដូវកាល ២០០៥-០៦), Copa Libertadores (ឆ្នាំ២០១៣) និងពានរង្វាន់បុគ្គល Ballon d'Or ឆ្នាំ២០០៥។ លើសពីនេះ លោកក៏ធ្លាប់លើកពាន La Liga ២លើកជាមួយ FC Barcelona (រដូវកាល ២០០៤-០៥, ២០០៥-០៦) និងពាន Serie A ១ លើកជាមួយ AC Milan (រដូវកាល ២០១០-១១) ព្រមទាំងឈ្នះពានកីឡាករល្អបំផុតរបស់ពិភពលោក FIFA World Player of the Year ២លើកជាប់ៗគ្នា នៅ(ឆ្នាំ២០០៤ និងឆ្នាំ២០០៥) និង UEFA Club Footballer of the Year មួយលើកផងដែរ។

ក្នុងអាជីពបាល់ទាត់ដ៏អស្ចារ្យនេះ លោកបានចូលលេងក្នុងប្រកួតផ្លូវការសរុបជាង៦៤០ប្រកួត រកបានគ្រាប់បាល់២៣០គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមទាត់បញ្ចូលទីបាន១៩១លើកនៅកម្រិតក្លឹប រួមទាំងបង្ហាញខ្លួនឱ្យក្រុមជម្រើសជាតិប្រេស៊ីលឈុតធំ បាន៩៧ប្រកួត និងទាត់បញ្ចូលទីបាន៣៣គ្រាប់ផងដែរ៕





