
រាជធានីភ្នំពេញ៖ កម្លាំងសមត្ថកិច្ចបានកសាងសំណុំរឿបញ្ជូនខ្លួនជនជាប់ចោទម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ពាក់ព័ន្ធករណីប្រើល្បិចកលធ្វើជាទិញម៉ូតូ ហើយសុំជិះសាកល្បង រួចជិះគេចខ្លួនបាត់ដោយសុវត្ថិភាព..។

យោងតាមរបាយការណ៍ពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅរសៀលថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះ បានឱ្យដឹងថា ក្រោយទទួលបានបណ្តឹងពីជនរងគ្រោះ កម្លាំងសមត្ថកិច្ចជំនាញ បានចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ តាមជំនាញបច្ចេកទេស រហូតកំណត់មុខសញ្ញា និងឈានទៅស្ទាក់ចាប់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ហេង វិចិត្រ អាយុ៤១ឆ្នាំ ត្រង់ចំណុចស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច ផ្លូវព្រះមុនីវង្ស សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

យ៉ាងណា បន្ទាប់ពីសាកសួរកត់កំណត់ហេតុរួច ជនល្មើសបានសារភាពថា នេះមិនមែនជាលើកទីមួយឡើយ ដោយកន្លងមករូបគេ បានធ្វើសកម្មភាពសម្រេចសរុបចំនួន៣លើករួចមកហើយ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ស្ថាប័នអយ្យការអមសាលាដំបូង ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ជាធរមាន។ រីឯ វត្ថុតាងម៉ូតូ២គ្រឿង ត្រូវបានសមត្ថកិច្ចសម្រេចប្រគល់ជូនជនរងគ្រោះវិញ៕



