កុំភ្លេចទៅទស្សនា! ឈុតព្រះមហាក្សត្រគ្រងរាជ្យ និងអគ្គមហេសី៥សម័យកាល កំពុងដាក់តាំងបង្ហាញនៅសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី
S
Soriya Sou
6 ម៉ោងមុន

ក្រុងសៀមរាប៖ ឈុតព្រះមហាក្សត្រគ្រងរាជ្យ និងអគ្គមហេសី៥សម័យកាល ត្រូវបានសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ក្រុងសៀមរាប រៀបចំដាក់តាំងពិព័រណ៌ជូនសាធារណជនចូលទស្សនា ឱ្យបានស្គាល់ និងសិក្សាស្វែងយល់…។

លោក សែន គឹមស៊ុន អ្នកគ្រប់គ្រងសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី បានបញ្ជាក់ថា ឈុតទាំង៥សម័យកាល ខាងលើរួមមាន៖ សម័យនគរភ្នំ, សម័យចេនឡា, សម័យអង្គរ, សម័យចតុម្មុខ, និងសម័យលង្វែក។ លើសពីនេះ ក៏មានឈុតអាពាហ៍ពិពាហ៍ព្រះថោងនាងនាគផងដែរ។ អ្នកគ្រប់គ្រងសារមន្ទីរពន្យល់ថា ឈុតសម្លៀកបំពាក់ទាំងនេះ ច្នៃឡើងដោយយោងលើរូបចម្លាក់នៅតាមប្រាសាទ និងសារមន្ទីរក្នុង និងក្រៅប្រទេស ដោយឆ្លងការសិក្សាល្អិតល្អន់ និងប្រើពេលវេលាយូរ។ គោលបំណង នៃការរៀបចំពិព័រណ៌នេះ គឺក្នុងគោលដៅបង្ហាញសាធារណជនឱ្យបានឃើញដោយផ្ទាល់ នូវសម្លៀកបំពាក់ទាំងហ្លាយ ដែលកន្លងមកមានតែនៅលើរូបបដិមាតែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ លោកអះអាងថា ការរៀបចំដំឡើងអាចមានការខុសតិចតួច ដ្បិត ការចម្លងពីរូបបដិមាមិនបានដូចទាំងស្រុងឡើយ ព្រោះវាអាស្រ័យលើរូបភាព និងសម្ភារដំឡើង។

នេះជាពិព័រណ៍មិនអចិន្រ្តៃយ៍មានរយៈពេល៣ខែ ចាប់ពីថ្ងៃទី១៩ ខែសីហា រហូតដល់ចុងខែវិច្ឆិកា ឆ្នាំ២០២៦ ដូច្នេះ សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ អាចចូលទស្សនា និងសិក្សាស្វែងយល់ពី​សម្លៀកបំពាក់ទាំងនេះបាន។ សូមជម្រាបថា កន្លងមកសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ី ធ្លាប់បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍​មួយចំនួនរួចមកហើយ ទាក់ទងនឹងសម្លៀកបំពាក់ អាវ សំពត់ សូត្របុរាណខ្មែរ ជាសមុច្ច័យទទួលបានពីប្រជាពលរដ្ឋនៅតាមបណ្តាខេត្តមួយចំនួន ដែលពួកគេរក្សាទុកតាំងពីសម័យមុនសង្រ្គាម។ ប៉ុន្តែនេះជាគម្រោងលើកដំបូង ដែលសារមន្ទីរបានរៀបចំឡើង ផ្តោតលើឈុតព្រះមហាក្សត្រគ្រងរាជ្យសម្បតិ្ត និងអគ្គមហេសីទាំង៥​សម័យកាល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត