
រាជធានីភ្នំពេញ៖ អាជ្ញាធរខណ្ឌចំការមន បានបើកប្រតិបត្តិការចុះឆ្មក់ត្រួតពិនិត្យទីតាំងសង្ស័យចំនួន២កន្លែង នៅក្នុងភូមិសាស្ត្រខណ្ឌចំការមន ដោយដកហូតស៊ីមកាតរាប់ម៉ឺនសន្លឹក និងទូរសព្ទដៃ រួមទាំងគ្រឿងអេឡិចត្រូនិកជិត២០០០គ្រឿង ដែលត្រៀមប្រព្រឹត្តសកម្មភាពល្មើសច្បាប់...។

ផ្អែកតាមរបាយការណ៍ពីរដ្ឋបាលខណ្ឌចំការមន នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦នេះបានឱ្យដឹងថា ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងជំនាញបានស្រាវជ្រាវ និងទទួលបានតម្រុយពីសកម្មភាពមិនប្រក្រតីនៅទីតាំងទាំង២ខាងលើ។ ជាលទ្ធផល សមត្ថកិច្ចបានរកឃើញ និងដកហូតវត្ថុតាងរួមមាន៖ ស៊ីមកាតបរទេសរាប់ម៉ឺនសន្លឹក ទូរសព្ទ រួមទាំងកុំព្យូទ័រ All-in-One សរុបជិត២០០០គ្រឿងផងដែរ។ ទោះយ៉ាងណា ក្រៅពីការរឹបអូសវត្ថុតាង សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនជាតិចិន នឹងខ្មែរសរុប៧នាក់។

សូមជម្រាបថា ការស្តុកទុកស៊ីមកាត និងឧបករណ៍បច្ចេកវិទ្យាក្នុងចំនួនច្រើនលើសលប់បែបនេះ ត្រូវបានសង្ស័យថា ជារបស់ក្រុមឧក្រិដ្ឋជនបច្ចេកវិទ្យា (Cybercrime) ដែលប្រើប្រាស់សម្រាប់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ការបង្កើតគណនីក្លែងក្លាយ (Fake Accounts) និងការផ្ញើសារឆបោកផ្សេងៗ។ បច្ចុប្បន្ន វត្ថុតាងទាំងអស់ ត្រូវបានកម្លាំងអាជ្ញាធរដកហូត និងរក្សាទុកជាបណ្តោះអាសន្ន ដើម្បីប្រគល់ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្តចាត់ការតាមនីតិវិធីច្បាប់៕










