តៃវ៉ាន់ បង្កើនកញ្ចប់ថវិកាទិញអាវុធ កើនឡើងដល់ជាង៣៥ពាន់លានដុល្លារអាម៉េរិក
S
Sinuon Nop
5 ម៉ោងមុន

ទីក្រុងតៃប៉ិ៖ ​ជាមួយនឹងការប្រឈមមុខ​នឹងសម្ពាធកាន់តែធ្ងន់ធ្ងរ ពី​មហាយក្សចិន ទាំងនយោបាយ ការទូត សេដ្ឋកិច្ច និងយោធា នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋបាលទីក្រុងតៃប៉ិ បានបង្កើនកញ្ចប់ថវិកា លើវិស័យការពារជាតិ កើនឡើងខ្ពស់បំផុត នៅក្នុងកំណត់ត្រារបស់ខ្លួន មិនធ្លាប់មានពីមុនមក...។

ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងកងទ័ពជើងទឹករបស់គាត់
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង និងកងទ័ពជើងទឹករបស់គាត់

ប្រព័ន្ធផ្សព្វផ្សាយដ៏ល្បីល្បាញមួយរបស់​​ពិភពលោក The Wall Street Journal​ បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ទី២០ ខែសីហាថា មេដឹកនាំកោះតៃវ៉ាន់ បានស្នើថវិកា សម្រាប់វិស័យការពារជាតិ ក្នុងកម្រិតខ្ពស់បំផុតមិនធ្លាប់មាន រហូតដល់១,១២ពាន់ពាន់លានដុល្លារតៃវ៉ាន់ ឬស្មើនឹងប្រហែល៣៥,១៥ពាន់លានដុល្លារអាម៉េរិក សម្រាប់ឆ្នាំ២០២៧។ តួលេខនេះ​​កើនឡើង១៨ភាគរយ បើធៀបនឹងឆ្នាំ២០២៦ ដែលនឹងធ្វើឱ្យការចំណាយលើវិស័យយោធា កើនលើសពីកម្រិតខ្ពស់​​ ចំនួន១ពាន់ពាន់លានដុល្លារតៃវ៉ាន់ ដែលបានស្នើឡើងកាលពី​ដំបូង។

ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ
ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-ថេ

សំណើថវិកាការពារជាតិរបស់កោះតៃវ៉ាន់ ក្លាយជាផ្នែកមួយនៃថវិការដ្ឋបាលកណ្តាល សរុប​៣,៩៣ពាន់ពាន់លានដុល្លារតៃវ៉ាន់ ដែលត្រូវបានអនុម័ត ដោយគណៈរដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍។ តួលេខសម្រាប់វិស័យការពារជាតិតៃវ៉ាន់ រាប់​​បញ្ចូលទាំងថវិកា សម្រាប់កងការពារឆ្នេរសមុទ្ទ ប្រាក់សោធននិវត្តន៍យោធា និងថវិកាពិសេស សម្រាប់ការទិញគ្រឿងសព្វាវុធទំនើបៗ។ ការបង្កើនថវិកាវិស័យការពារជាតិរបស់រដ្ឋបាលទីក្រុងតៃប៉ិ ធ្វើឡើងស្របពេល​កោះតៃវ៉ាន់ កំពុងប្រឈមមុខនឹងសម្ពាធយោធា កាន់តែខ្លាំងឡើង មកពីប្រទេសចិន និងការអំពាវនាវពី​រដ្ឋធានីវ៉ាស៊ីនតោន ជំរុញឱ្យក្រុងតៃប៉ិ ទទួលខុសត្រូវកាន់តែខ្លាំងលើការការពារខ្លួន ដោយយខ្លួនឯងផ្ទាល់។

កងទ័ពអាកាសតៃវ៉ាន់
កងទ័ពអាកាសតៃវ៉ាន់

បើ​តាមទីភ្នាក់ងារព័ត៌មានរបស់អង់គ្លេស​ ​Reuters ប្រធានាធិបតីតៃវ៉ាន់ លោក ឡៃ ឈីង-តេ ( Lai Ching-te) បានប្តេជ្ញាចិត្តថា នឹងរក្សាការចំណាយលើវិស័យការពារជាតិ ឱ្យលើសពី​៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប (ឬGDP) និងដំឡើង រហូតដល់៥ភាគរយ នៅឆ្នាំ២០៣០។ មេដឹកនាំតៃវ៉ាន់រូបនេះ ចាត់ទុកការចំណាយលើវិស័យយោធាកាន់តែខ្ពស់ គឺជាការវិនិយោគដើម្បីសន្តិភាព។ បើ​តាមកាសែត Wall Street Journal ថវិកាទាំងនេះ ក៏បង្ហាញអំពីបំណងរបស់តៃវ៉ាន់ ក្នុងការបង្កើនសមត្ថភាពយោធារបស់ខ្លួន រួមទាំងការចំណាយលើដ្រូន (ឬយន្តហោះគ្មានមនុស្សបើក) មីស៊ីល និងគ្រឿងសព្វា​វុធ ព្រមទាំងឧបករណ៍យោធាផ្សេងៗទៀត។ ស្របគ្នានេះ រដ្ឋបាលក្រុងតៃប៉ិ បានបញ្ជាក់ថា ខ្លួនកំពុងស្វែងរកការពង្រឹងសមត្ថភាព ក្នុងការរារាំងនូវការវាយប្រហារ ដែលអាចកើតមានពី​ប្រទេសមហាយក្សចិន។

កងទ័ពរំដោះប្រជាជនចិន
កងទ័ពរំដោះប្រជាជនចិន

បើ​តាម ​​Reuters សំណើនេះ អាចនឹងប្រឈមមុខនឹងការត្រួតពិនិត្យយ៉ាងម៉ត់ចត់ នៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ (Legislative Yuan) របស់តៃវ៉ាន់ ខណៈ​បច្ចុប្បន្ន​បានគ្រប់គ្រង ដោយគណបក្សប្រឆាំង។ ស្ថាប័ននេះ ធ្លាប់​ពន្យារពេលនូវការអនុម័តថវិកា កាលពីពេលកន្លងទៅ និងបានកាត់បន្ថយសំណើចំណាយមួយចំនួនរបស់រដ្ឋាភិបាល។ ជាឧទាហរណ៍ សមាជិកសភា ទើបតែបានអនុម័តថវិការដ្ឋបាលកណ្តាល សម្រាប់ឆ្នាំ២០២៦ កាលពីថ្ងៃទី១៤ ខែសីហា ​ពោលគឺប៉ុន្មានខែ បន្ទាប់ពី​បានដាក់ស្នើដំបូង។

ផែនការនេះ ក៏បានកើតឡើងស្របពេល​​កោះតៃវ៉ាន់ កំពុងស្វែងរកការពង្រឹងទំនាក់ទំនងសន្តិសុខ ជាមួយសហរដ្ឋអាម៉េរិក ដែលជាប្រភពផ្គត់ផ្គង់គ្រឿងយុទ្ធោ​បករណ៍​សំខាន់ៗរបស់ខ្លួន ទោះ​ជាការលក់អាវុធធំៗ ចាំបាច់ត្រូវមានការអនុម័តពីរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងណាក៏ដោយ។ ជាមួយគ្នា ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ (Donald Trump) ធ្លាប់បានលើកឡើងពីកញ្ចប់អាវុធ សម្រាប់កោះតៃវ៉ាន់ មានតម្លៃ ៤៤៥,៩៨ពាន់លានដុល្លារតៃវ៉ាន់ (ដែលកំពុងតែរង់ចាំការអនុម័ត) ថាជាឧបករណ៍​​អាចប្រើសម្រាប់ការចរចា ជាមួយប្រទេសចិន​ ដោយបន្ថែមពីភាពមិនច្បាស់លាស ជុំវិញការកំណត់ពេលទិញគ្រឿងសព្វាវុធ នាពេលអនាគត៕​

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត