វៀតណាម​ ដាក់​បញ្ចូលកម្មវិធីសិក្សា AI ​ចាប់ពីថ្នាក់បឋមសិក្សាឡើង
S
Sinuon Nop
11 ម៉ោងមុន

រដ្ឋធានីហាណូយ៖ សិស្សនៅតាមសាលារបស់វៀតណាម នឹងទទួលបានការបង្រៀន អំពីបញ្ញាសិប្បនិម្មិត (ឬAI) រយៈពេល​១២ម៉ោង ក្នុង​ឆ្នាំសិក្សានីមួយៗ ក្រោមក្របខ័ណ្ឌ ​ទើបនឹងចេញផ្សាយដោយក្រសួងអប់រំ និងបណ្ដុះបណ្ដាល។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋវៀតណាម VN Express ចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី២១ ខែសីហានេះ...។

ក្របខ័ណ្ឌនេះ មានគោលបំណងអភិវឌ្ឍសមត្ថភាពបញ្ញាសិប្បនិមិត្ត(AI) ដល់សិស្សានុសិស្ស និងរៀបចំផែនការអភិវឌ្ឍធនធានមនុស្សជាបណ្តើរៗ ដើម្បីឱ្យពួកគេ មានសមត្ថភាពសម្របខ្លួនទៅនឹងការរីកចម្រើនយ៉ាងឆាប់រហ័សនៃវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការប្រែប្រួល​តាមប្រព័ន្ធឌីជីថល។ ខ្លឹមសារ​អប់រំ​បញ្ញាសិប្បនិមិត្ត ​បានរៀបចំឡើង សម្រាប់វិស័យ​សំខាន់ៗចំនួនបួន ដែលឆ្លើយតបទៅនឹងសមត្ថភាពស្នូលរបស់​បញ្ញាសិប្បនិមិត្ត រួមមាន៖ ការគិតដោយផ្តោតលើមនុស្សជាគោល, ក្រមសីលធម៌ AI, បច្ចេកទេស និងការអនុវត្ត AI និងការរចនាប្រព័ន្ធ AI។ ការគិតដោយផ្តោតលើមនុស្សជាគោល និងក្រមសីលធម៌ AI ដើរតួជាគោលការណ៍ណែនាំ សម្រាប់ធានា ការប្រើប្រាស់បញ្ញាសិប្បនិមិត្ត AI ប្រព្រឹត្តទៅដោយសុវត្ថិភាព ប្រកបដោយការទទួលខុសត្រូវ និងស្របតាមតម្រូវការផ្នែកសីលធម៌ និងច្បាប់។​

ក្របខ័ណ្ឌនេះ គ្របដណ្ដប់លើដំណាក់កាលអប់រំចំនួនពីរ ​មានជាអាទិ៍៖ ការអប់រំមូលដ្ឋាន (រួមមានកម្រិតបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ) និងការអប់រំ​តម្រង់ទិសដៅឆ្ពោះទៅរកអាជីព នៅក្នុងកម្រិតមធ្យមសិក្សាទុតិយភូមិ។ នៅកម្រិតបឋមសិក្សា គឺសិស្សនឹងឈ្វេងយល់អំពីកម្មវិធីបញ្ញាសិប្បនិមិត្ត(AI)សាមញ្ញៗ និងទទួលបានការយល់ដឹង​បឋម អំពីតួនាទីរបស់AI នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងរៀនសូត្រ អំពីការការពារទិន្នន័យផ្ទាល់ខ្លួន និងសិទ្ធិរបស់អ្នកនិពន្ធ។ នៅកម្រិតមធ្យមសិក្សាបឋមភូមិ គឺសិស្សនឹងរៀនប្រើប្រាស់ឧបករណ៍ AI ដើម្បីបង្កើតផលិតផលឌីជីថល និងដោះស្រាយបញ្ហា ពាក់ព័ន្ធនឹងការសិក្សា ព្រមទាំងសិក្សាអំពីគោលការណ៍ជាមូលដ្ឋានរបស់​ AI និងការទទួលខុសត្រូវរបស់ពលរដ្ឋ នៅក្នុងសង្គមឌីជីថល។

នៅកម្រិតមធ្យមសិក្សាទុតិយភូមិ សិស្សនឹងត្រូវ​លើកទឹកចិត្តឱ្យឈ្វេងយល់ រចនា និងកែលម្អឧបករណ៍ AI សាមញ្ញៗ តាមរយៈការអនុវត្តគម្រោងនានា ដែលជួយអភិវឌ្ឍជំនាញ ដោះស្រាយបញ្ហា និងការច្នៃប្រឌិត ព្រមទាំងផ្តល់ឱកាសឱ្យពួកគេ ឈ្វេងយល់អំពីផ្លូវអាជីពដែលអាចទៅរួច នាពេលអនាគត។​​​ ក្របខ័ណ្ឌនេះ មានគោលបំណងកសាងសមត្ថភាពបញ្ញាសិប្បនិមិត្ត​ ដោយផ្អែកលើមូលដ្ឋាន នៃជំនាញព័ត៌មានវិទ្យា និងចំណេះដឹងផ្នែកវិទ្យាសាស្ត្រកុំព្យូទ័រ ស្របតាមកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យាបច្ចុប្បន្ន។ កម្មវិធីនេះ ក៏នឹងរួមចំណែកដល់ការអភិវឌ្ឍគុណភាព និងសមត្ថភាពទូទៅ ដែលមានចែងក្នុងកម្មវិធីសិក្សាចំណេះទូទៅឆ្នាំ២០១៨ ដោយជួយឱ្យសិស្សក្លាយ ជាពលរដ្ឋឌីជីថលសកម្ម មានសមត្ថភាពប្រើប្រាស់ និងចូលរួមបង្កើតផលិតផល ឬដំណោះស្រាយផ្អែកលើ AI ប្រកបដោយប្រសិទ្ធភាព ការច្នៃប្រឌិត និងការទទួលខុសត្រូវ។

កម្មវិធីអប់រំផ្នែក AI រួមមាន ខ្លឹមសារស្នូល និងខ្លឹមសារបន្ថែម។ ខ្លឹមសារស្នូល ​ត្រូវបានរៀបចំឡើងដើម្បីធានាឱ្យបាននូវលទ្ធផលសិក្សាសំខាន់ៗ សម្រាប់សិស្សទាំងអស់ នឹងត្រូវបង្រៀនតាមរយៈប្រធានបទអប់រំផ្នែក AI ដោយកំណត់យករយៈពេល​១២ម៉ោង សម្រាប់ថ្នាក់នីមួយៗក្នុង​ឆ្នាំសិក្សារយៈពេល១ឆ្នាំ។ ប្រធានបទទាំងនេះ នឹងត្រូវដាក់បញ្ចូលទៅក្នុងផែនការអប់រំរបស់សាលា និងកាលវិភាគបង្រៀនពីរវេន ក្នុងមួយថ្ងៃ តាមរបៀបដែលសមស្របទៅនឹងលក្ខណៈរបស់សិស្ស និងស្ថានភាពជាក់ស្តែងរបស់សាលា ដោយមិនបង្កជាសម្ពាធ ឬបន្ទុកការងារលើសកម្រិតនោះឡើយ។ ខ្លឹមសារពាក់ព័ន្ធនឹង AI ក៏អាចត្រូវ​បញ្ចូលទៅក្នុងមុខវិជ្ជា និងសកម្មភាពអប់រំផ្សេងៗទៀតផងដែរ ដើម្បីពង្រឹង និងអនុវត្តចំណេះដឹង និងជំនាញរបស់សិស្ស ដោយមិនផ្លាស់ប្ដូរ ឬបង្កើនលទ្ធផលសិក្សា ដែលតម្រូវសម្រាប់មុខវិជ្ជាទាំងនោះឡើយ។

ខ្លឹមសារបន្ថែម អាចត្រូវ​ផ្ដល់ជូនក្រៅពីកម្មវិធីស្នូល ដែលមានរយៈពេល១២ម៉ោងសិក្សានោះ ដោយអាស្រ័យលើតម្រូវការ និងសមត្ថភាពរបស់សិស្ស ក៏ដូចជាស្ថានភាពជាក់ស្តែងរបស់សាលា។ ខ្លឹមសារបន្ថែមទាំងនេះ រួមមាន ក្លiបសិក្សា គម្រោង សកម្មភាពផ្អែកលើបទពិសោធជាក់ស្តែង កម្មវិធីក្រៅម៉ោងសិក្សា និងការស្រាវជ្រាវ។ ការបង្រៀនជំនាញ AI នឹងផ្តោតសំខាន់លើបទពិសោធ ការអនុវត្តជាក់ស្តែង ការដោះស្រាយបញ្ហា និងការរៀនតាមរយៈគម្រោង ដែលសមស្របទៅនឹងវ័យរបស់សិស្ស។ បញ្ហាទាក់ទងនឹងក្រមសីលធម៌ ហានិភ័យដែលអាចកើតមាន និងការទទួលខុសត្រូវក្នុងការប្រើប្រាស់ AI អាចត្រូវ​លើកយកមកពិភាក្សា ជជែកដេញដោល សម្ដែងតួនាទី និងសិក្សាលើករណីជាក់ស្តែង។

ដំណើរការនៃការរៀនសូត្រ នឹងវិវឌ្ឍពីការសង្កេត និងបទពិសោធអនុវត្តជាក់ស្តែង នៅកម្រិតបឋមសិក្សា ទៅជាការឈ្វេងយល់ ការពន្យល់ និងការផ្ទៀងផ្ទាត់ នៅកម្រិតមធ្យមសិក្សាបឋមភូមិ និងឈានទៅដល់ការវិភាគ ការវាយតម្លៃប្រកបដោយការត្រិះរិះពិចារណា និងការបង្កើតដំណោះស្រាយ នៅកម្រិតមធ្យមសិក្សាទុតិយភូមិ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត