
រដ្ឋធានីណៃពិដោ៖ តាំងពីខែកក្កដា ឆ្នាំ២០២៦មកម្ល៉េះ រដ្ឋាភិបាលភូមា បានបញ្ជូនកងកម្លាំងយោធារាប់រយនាក់ ទៅរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលគាំទ្រដោយរុស្ស៊ី។ តំបន់សេដ្ឋកិច្ចពិសេសនេះ មានឈ្មោះថា ដាវ៉េ (Dawei) ដែលនឹងត្រូវរៀបចំបង្កើតកំពង់ផែសមុទ្ទទឹកជ្រៅ និងរោងចក្រថាមពល ជាដើម។

ពុំមែនរៀបចំបានស្រួលៗនោះទេ ព្រោះតំបន់នេះ មានប្រជាជនរស់នៅ ដូច្នេះ បញ្ហាធំក៏កើតឡើង ហើយនៅបន្តអូសបន្លាយមកដល់បច្ចុប្បន្ន។ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ Reuters បានចុះផ្សាយដោយផ្អែកលើសម្តីប្រជាជនម្ចាស់ភូមិឋានថា ក្រុមយោធា បានបណ្តេញប្រជាជនចេញ ឈូសឆាយដីធ្លី ហើយថែមទាំងដុតផ្ទះសម្បែងចោលទៀតផង។

ប្រជាជនមិនចុះចាញ់ងាយៗឡើយ ដោយរួមគ្នាតតាំងជាមួយកម្លាំងយោធា។ មានសេចក្តីរាយការណ៍ថា ដោយសារប្រជាជនតវ៉ាខ្លាំង កម្លាំងយោធាមួយចំនួន ក៏ត្រូវបង្ខំចិត្តដកថយមួយរយៈសិន។ មន្រ្តីសង្គមស៊ីវិល៣នាក់ ត្រូវបានចាប់ខ្លួនយកទៅឃុំ ហើយក្រោយមក ក៏មានដំណឹងថា ពួកគេបានបាត់បង់ជីវិត នៅថ្ងៃទី៩ ខែកក្កដា។ ពួកគេទាំង៣នាក់ បានទៅចូលរួមជួយ និងផ្តល់ជំនួយផ្សេងៗដល់ប្រជាជនដែលត្រូវបណ្តេញចេញពីលំនៅឋាន។

មន្រ្តីនៃអង្គការឃ្លាំមើលជម្លោះប្រដាប់អាវុធនៅភូមា (ACLED) អះអាងថា រដ្ឋាភិបាលភូមា មិនមែនតែប្រើតែកងកម្លាំងជើងគោកនោះទេ តែថែមទាំងប្រើកងកម្លាំងជើងអាកាស និងជើងទឹកបន្ថែម ដើម្បីជួយគាំទ្រដល់ប្រតិបត្តិការបណ្តេញប្រជាជនចេញ ហើយដើម្បីឈានទៅបង្កើតតំបន់សេដ្ឋកិច្ចពិសេសឱ្យបានសម្រេចតាមផែនការ។ ថ្មីៗនេះ លោក មីន អ៊ុងឡាំង (Min Aung Hlaing) ដែលវិវត្តខ្លួនពីមេយោធាដឹកនាំធ្វើរដ្ឋប្រហារ ទៅជាប្រធានាធិបតីភូមា ទើបនឹងបានទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី និងបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) កាលពីថ្ងៃទី១៨ ខែសីហា។ មានរឿងមួយ គួរឱ្យកត់សម្គាល់ គឺប្រធានាធិបតីប្រទេសទាំង២ ក៏បានជជែកគ្នាពីគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដាវ៉េ នេះដែរ។

សូមជម្រាបថា ប្រជាជនភូមា រស់នៅទាំងលំបាកវេទនាក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាង៥ឆ្នាំមកហើយ ពោលគឺ ចាប់តាំពីការធ្វើរដ្ឋប្រហារទម្លាក់លោកស្រី អ៊ុងសាន ស៊ូជី (Aung San Suu Kyi) ចេញពីអំណាច នៅដើមឆ្នាំ២០២១មក។ ជាង៥ឆ្នាំកន្លងផុតទៅ ភូមា ក៏បានរៀបចំការបោះឆ្នោតថ្នាក់ជាតិ និងឈានទៅបង្កើតស្ថាប័នជាតិឡើងវិញ នៅឆ្នាំ២០២៦។ ទោះយ៉ាងណា ស្ថានការណ៍នៅភូមា មិនទាន់ល្អប្រសើរនោះទេ គឺនៅតែបន្តមានសង្គ្រាមស៊ីវិល ពិសេសការប្រយុទ្ធគ្នារវាងយោធារដ្ឋាភិបាលរបស់លោក មីន អ៊ុងឡាំង និងក្រុមប្រដាប់អាវុធជនជាតិការ៉េន ដែលទើបនឹងបង្កើតរដ្ឋផ្ទាល់ខ្លួននៅតាមព្រំដែនជាប់ប្រទេសថៃ។

ម្យ៉ាងទៀត ការរៀបចំបោះឆ្នោតនៅភូមា មិនទទួលបានការសាទរពីសហគមន៍អន្តរជាតិឡើយ តែផ្ទុយមកវិញ មានតែការរិះគន់ប៉ុណ្ណោះ។ ការរាំងខ្ទប់គណបក្សរបស់លោកស្រី អ៊ុងសាន ស៊ូជី ជាគណបក្សប្រឆាំងធំជាងគេមិនឱ្យចូលរួមប្រកួតប្រជែង ជាមូលហេតុធំបំផុត ដែលសហគមន៍អន្តរជាតិ ចាត់ទុកការបោះឆ្នោត ថាមិនត្រឹមត្រូវ មិនយុត្តិធម៌ មិនស្មើភាព និងមិនមានតម្លាភាព៕



