
រដ្ឋធានីមូស្គូ៖ កងនាវារបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅមហាសមុទ្ទប៉ាស៊ីហ្វិក បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានបាញ់សាកល្បងមីស៊ីល នៅក្បែរប្រជុំកោះគូរីល ស្ថិតក្រោមការគ្រប់គ្រងរបស់រុស្ស៊ី ដែលជប៉ុនតែងតែទាមទារយកជាកម្មសិទ្ធិរបស់ខ្លួនវិញ ខណៈសកម្មភាពបែបនេះ ធ្វើឡើងចំពេលមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញទឹកដីដែលមានជម្លោះ បន្ទាប់ពីលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានទៅបំពេញទស្សនកិច្ចនៅទីនោះ ជាលើកដំបូង កាលពីសប្តាហ៍មុន។ នេះបើតាមសារព័ត៌មានរបស់ជប៉ុន Kyodo News ចេញផ្សាយនៅព្រឹកថ្ងៃសុក្រទី២១ ខែសីហានេះ...។

ថ្វីបើមិនទាន់មានភាពច្បាស់លាស់ ថា ការធ្វើតេស្តនេះ ត្រូវបានធ្វើឡើងនៅពេលណាក៏ដោយ ប៉ុន្តែសេចក្តីប្រកាសនេះ ធ្វើឡើងបន្ទាប់ពីក្រសួងការបរទេសរុស្ស៊ី កោះហៅលោក អាគីរ៉ា មូតូ (Akira Muto) ឯកអគ្គរាជទូតជប៉ុន ប្រចាំនៅរុស្ស៊ី សាកសួរអំពីការតវ៉ារបស់ជប៉ុន ជុំវិញដំណើរទស្សនកិច្ចរបស់លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន ទៅកាន់ប្រជុំកោះនោះ។ លោកប្រធានាធិបតី ពូទីន កាលពីថ្ងៃទី១៣សីហា បានធ្វើដំណើរទៅបំពេញទស្សនកិច្ចនៅកោះអេតូរ៉ូហ៊្វូ (Etorofu) ជាកោះធំជាងគេ ក្នុងចំណោមកោះចំនួនបួន ដែលជប៉ុន ហៅរួមគ្នាថា «ទឹកដីភាគខាងជើង» ខណៈរុស្ស៊ី ហៅប្រជុំកោះនោះថា«កោះគូរីលខាងត្បូង»។

កងទ័ពជើងទឹករុស្ស៊ី បានឱ្យដឹងបន្ថែមថា អង្គភាពមួយបំពាក់ដោយប្រព័ន្ធមីស៊ីល ប្រភេទ Bastion ជាអ្នកបាញ់សាកល្បង ហើយប្រព័ន្ធមីស៊ីលនេះ ត្រូវបានដាក់ពង្រាយ នៅកោះ Etorofu។ នាវាចម្បាំង ឈ្មោះ Varyag បំពាក់ដោយមីស៊ីលនាំផ្លូវ និងជាកប៉ាល់ទីបញ្ជាការ នៃកងនាវារបស់កងទ័ពជើងទឹករុស្ស៊ី ប្រចាំនៅមហាសមុទ្ទប៉ាស៊ីហ្វិក ក៏បានចូលរួមក្នុងការធ្វើតេស្តមីស៊ីលនេះផងដែរ ដោយរួមជាមួយនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ ឈ្មោះ Omsk។ ការធ្វើតេស្តនេះ ជាការបង្ហាញសេណារីយ៉ូ វាយប្រហារទៅលើនាវារបស់សត្រូវ ហើយបានទទួលជោគជ័យ ក្នុងការបាញ់ចំគោលដៅ ក្នុងរយៈចម្ងាយយ៉ាងហោចណាស់៣០០គីឡូម៉ែត្រ។

ដោយឡែក លោក តូស៊ីមីតស៊ូ ម៉ូតេហ្គិ (Toshimitsu Motegi) រដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន បានប្រាប់ដល់ក្រុមអ្នកសារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអូម៉ង់ថា៖«យើងមិនអាចទទួលយកបាន ចំពោះសកម្មភាពរបស់រុស្ស៊ី នៅក្នុងការបង្កើនកម្លាំងយោធា នៅលើកោះភាគខាងជើងទាំងបួន ព្រោះវាផ្ទុយទៅនឹងគោលជំហររបស់ប្រទេសយើង ទាក់ទងនឹងដែនដីទាំងនោះ»។ ទន្ទឹមគ្នា ក្រសួងការបរទេស បានដាក់លិខិតតវ៉ាទៅកាន់រុស្ស៊ី បន្ទាប់ពីរដ្ឋធានីមូស្គូបានជូនដំណឹងដល់រាជធានីតូក្យូ ថា ខ្លួននឹងធ្វើសមយុទ្ធបាញ់មីស៊ីលនេះ៕




