នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី បង្ហាញគោលជំហរគាំទ្រចិន ប្រឈមមុខនឹង​បច្ចេកវិទ្យារបស់តៃវ៉ាន់
S
Sinuon Nop
7 ម៉ោងមុន

រាជធានីគួឡាឡាំពួរ៖ ​នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក អាន់វ៉ា អ៊ីប្រាហ៊ីម បានបង្ហាញនូវការគាំទ្រយ៉ាងមុតមាំរបស់ខ្លួន ចំពោះគោលជំហររបស់រដ្ឋាភិបាលរដ្ឋធានីប៉េកាំង ជុំវិញ​បញ្ហាកោះ​តៃវ៉ាន់ ហើយសកម្មភាពរបស់គាត់ បានទទួលការកោតសរសើរ និងបង្ហាញសុច្ឆន្ទៈការទូតទៅរកចិនដីគោក ប៉ុន្ដែ​រាជរដ្ឋាភិបាលរាជធានីគូឡាឡាំពួរ អាចប្រឈមមុខ នឹងការប៉ះទង្គិច ​កាន់តែខ្លាំងឡើង លើការទាក់ទាញការវិនិយោគលើឧបករណ៍អេឡិកត្រូនិករបស់តៃវ៉ាន់​។​ នេះបើតាមសារព័ត៌មានរបស់ហុងកុង South China Morning Post ចេញផ្សាយនៅថ្ងៃសុក្រទី២១ ខែសីហា...។

នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (ពាក់មួក) ចាប់ដៃប្រធានាធិបតីចិន លោក ស៊ី ជិនពីង
នាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លោក អានវ៉ា អ៊ីប្រាហ៊ីម (ពាក់មួក) ចាប់ដៃប្រធានាធិបតីចិន លោក ស៊ី ជិនពីង

លោកនាយករដ្ឋមន្រ្ដី អាន់វ៉ា បាន​ថ្លែងនៅក្នុងបទសម្ភាសជាមួយបណ្តាញទូរទស្សន៍កាតារ Al Jazeera ដែល​បានផ្សព្វផ្សាយកាលពីប៉ុន្មានថ្ងៃមុ ដោយបានប្រកាសថា៖ «ខ្ញុំចាត់ទុកតៃវ៉ាន់ ជាផ្នែកមួយរបស់ប្រទេសចិន គឺមានតែប៉ុណ្ណឹងឯង»។ ប៉ុន្ដែនៅពេលគេ​សួរដេញដោល អំពីស្ថានភាព នៃការ​គ្រប់គ្រងខ្លួនឯងរបស់កោះនោះ លោកនាយករដ្ឋមន្រ្ដី អាន់វ៉ា បញ្ជាក់ថា៖«យើងអាចនឹងមានទស្សនៈខុសគ្នា ហើយក៏អាចមានចំណុចខ្លះ ដែលហួសហេតុផងដែរ។ ជាការពិតណាស់ អ្នកអាចបញ្ចេញមតិយោបល់របស់អ្នកបាន។ ប៉ុន្តែវា​ជាគោលការណ៍ចិនតែមួយ ហើយវាជារឿងដែលត្រូវបានទទួលស្គាល់ ដោយគ្រប់ភាគីទាំងអស់»

ស្របគ្នានោះដែរ ក៏មាន​ការសួរចោទសួរទៀតថា តើលោកនឹងថ្កោលទោសរដ្ឋធានីប៉េកាំងដែរឬទេ ប្រសិនបើចិនប្រើប្រាស់កម្លាំងយោធា វាយលុកលើតៃវ៉ាន់? លោកនាយករដ្ឋមន្រ្ដី អាន់វ៉ា ​បានលើក ដោយយកករណីរបស់ប្រទេសម៉ាឡេស៊ី មកប្រៀបធៀប ជាមួយនឹងការ​បញ្ជាក់ថា ខ្លួនលោកផ្ទាល់ ក៏នឹងប្រើប្រាស់កម្លាំង ដើម្បីរក្សាសាមគ្គីភាពរបស់ប្រទេសផងដែរ ប្រសិនបើមានរដ្ឋណាមួយក្នុងចំណោមរដ្ឋនានារបស់ខ្លួន ព្យាយាមចង់បំបែកខ្លួនចេញពីម៉ាឡេស៊ី។

ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៅលើពិភពលោករបស់តៃវ៉ាន់
ក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតនៅលើពិភពលោករបស់តៃវ៉ាន់

ដោយឡែក ក្រុមអ្នកវិភាគ បានលើកឡើងថា ការធ្វើអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្រ្ដី អាន់វ៉ា មិនបានផ្លាស់ប្ដូរគោលនយោបាយចិនតែមួយ ដែលមានជាយូរមកហើយរបស់ប្រទេសម៉ាឡេស៊ីនោះឡើយ។ ប៉ុន្តែសំឡេង​មិនធម្មតារបស់លោកនាយករដ្ឋមន្រ្ដីម៉ាឡេស៊ី លើសពីការបង្កើតធម្មតា ហើយវាអាចពង្រឹងការយល់ឃើញ អំពីការតម្រឹមកាន់តែជិតស្និទ្ធ ជាមួយរដ្ឋធានីប៉េកាំង។ ការដោះដូរដ៏មានសក្តានុពលជាក់ស្តែងជាងនេះ អាចជាពាណិជ្ជកម្ម ជាពិសេស នៅពេល​ប្រទេសម៉ាឡេស៊ី ប្រកួតប្រជែង សម្រាប់ការវិនិយោគលើបច្ចេកវិទ្យាខ្ពស់របស់តៃវ៉ាន់ នាពេលអនាគត អាចប្រឈមមុខនឹងបញ្ហាកាន់តែខ្លាំង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត