
រាជធានីបាងកក៖ ផលវិបាកនៃការចាកចេញរបស់ពលករកម្ពុជា រ៉ាប់សិបម៉ឺននាក់ បន្ទាប់ពីជម្លោះព្រំដែនកាលពីឆ្នាំមុន បានធ្វើឱ្យសេដ្ឋកិច្ចរបស់ប្រទេសថៃប្រឈមមុខនឹងការខ្វះខាតកម្លាំងពលកម្មយ៉ាងធ្ងន់ធ្ងរ ដោយបង្ហាញយ៉ាងច្បាស់ពីការពឹងផ្អែកយ៉ាងខ្លាំងលើកម្លាំងពលករឆ្លងដែន...។

ផ្អែកតាមទិន្នន័យពីគណៈកម្មាធិការរួមពាណិជ្ជកម្ម ឧស្សាហកម្ម និងធនាគារថៃ បានបង្ហាញថា ចំនួនពលករកម្ពុជាស្របច្បាប់ថយចុះយ៉ាងគំហុកពី៥៥០ ០០០នាក់ មកត្រឹមតែ ១៩៤ ០០០នាក់ប៉ុណ្ណោះ។ ការបាត់បង់កម្លាំងពលកម្មដ៏ធំធេងនេះ បាននិងកំពុងអង្រួនដល់សកម្មភាពសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ កសិកម្មតាមរដូវ ការប្រមូលផលផ្លែឈើ ខ្សែសង្វាក់ផលិតកម្មរោងចក្រ ឧស្សាហកម្មសំណង់ និងវិស័យទេសចរណ៍ ជាពិសេសនៅក្នុងខេត្តជាប់ព្រំដែនភាគខាងកើត មិនឱ្យដំណើរការទៅមុខដោយរលូនបានឡើយ ប្រសិនបើគ្មានញើសឈាម និងកម្លាំងពលកម្មដ៏ស្មោះត្រង់របស់ពលករខ្មែរ។ ភាគីថៃ ធ្លាប់ចាត់ទុកពលករឆ្លងដែនជាកម្លាំងងាយស្រួលជំនួស ប៉ុន្តែតថភាពបច្ចុប្បន្នបានបង្រៀនឱ្យឃើញថា ពលករកម្ពុជាមានជំនាញ ភាពស៊ាំនឹងវប្បធម៌ និងការយល់ដឹងពីការងារដែលគ្មានពលករជាតិផ្សេងទៀតអាចមកជំនួសបានភ្លាមៗនោះទេ។

ដើម្បីទប់ទល់នឹងវិបត្តិនេះ រាជរដ្ឋាភិបាលថៃ បានសម្រេចពន្យារពេលអនុញ្ញាតឱ្យពលករដែលមានស្រាប់ ជាពិសេស ពលករភូមា ឡាវ និងវៀតណាម អាចស្នាក់នៅ និងធ្វើការក្នុងប្រទេសខ្លួនរហូតដល់ចុងឆ្នាំ២០២៧។ ទោះជាយ៉ាងណា ក្រុមអ្នកវិភាគ និងអង្គការអន្តរជាតិខាងការងារ បានគូសបញ្ជាក់ថា វិធានការពន្យារពេលនេះ គ្រាន់តែជាថ្នាំស្ពឹកបណ្តោះអាសន្នប៉ុណ្ណោះ ប៉ុន្តែមិនអាចជំនួសកម្លាំងពលករកម្ពុជា ដែលបាត់បង់បានឡើយ។ ទន្ទឹមនោះ ការនាំចូលពលករផ្លូវការពីប្រទេសដទៃ ដូចជាស្រីលង្កា បង់ក្លាដែស ឬឥណ្ឌូណេស៊ី កំពុងជួបឧបសគ្គដោយសារចំណាយសំបុត្រយន្តហោះ និងការដឹកជញ្ជូន ដែលនិយោជកថៃមិនប្រាថ្នារ៉ាប់រង ខណៈការនាំចូលពលករពីប្រទេសភូមា ក៏ជួបការលំបាកដោយសារសង្គ្រាមស៊ីវិល ច្បាប់កែនទាហាន និងតម្លៃមេខ្យល់ ដែលកើនឡើងរហូតដល់២០០០ដុល្លារអាម៉េរិក ក្នុងពលករម្នាក់។

ព្រឹត្តិការណ៍នេះ បានផ្ញើសារយ៉ាងច្បាស់ទៅកាន់រាជធានីបាងកក ថា កម្ពុជាលែងជាប្រភពផ្គត់ផ្គង់«ពលករតម្លៃថោក»ទៀតហើយ។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងស្រុក ការពង្រីករោងចក្រ និងឱកាសការងារថ្មីៗនៅប្រទេសកម្ពុជា ប្រជាពលរដ្ឋខ្មែរជាច្រើន បានសម្រេចចិត្តបន្តរស់នៅ និងធ្វើការក្នុងស្រុក ជំនួសឱ្យការត្រឡប់ទៅរងសម្ពាធនយោបាយ ឬការរើសអើងនៅបរទេស៕



