
ខេត្តបន្ទាយមានជ័យ៖ កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរថៃ បានធ្វើសកម្មភាពបែងចែកដីធ្លីមួយជុំថ្មីទៀតដល់ពលរដ្ឋថៃ ស្ថិតនៅចន្លោះបង្គោលព្រំដែនលេខ៤៥ និង៤៧ ក្នុងភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា។ កម្ពុជា ប្រកាសតវ៉ាជាផ្លូវការប្រឆាំងនឹងការបន្តរំលោភបំពានដោយប្រទេសថៃលើអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាតាមបណ្តោយព្រំដែននេះ។

តាមរយៈសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ ខែសីហា ក្រសួងការបរទេសកម្ពុជា បញ្ជាក់ថា សកម្មភាពរដ្ឋបាលខុសច្បាប់របស់ភាគីថៃនេះ គឺជាការប៉ុនប៉ងយ៉ាងជាក់ច្បាស់ ដើម្បីធ្វើឱ្យស្របច្បាប់នូវកាន់កាប់ខុសច្បាប់របស់ថៃនៅក្នុងតំបន់នេះ ខណៈថៃបែរជាហ៊ានបដិសេធសិទ្ធិក្នុងការវិលត្រឡប់របស់ប្រជាជនកម្ពុជាជាម្ចាស់ទៅវិញ។ ក្រសួងចាត់ទុកសកម្មភាពបែងចែកដីធ្លីរបស់អាជ្ញាធរថៃនេះ ថាធ្វើឱ្យប៉ះពាល់ដល់ដំណើរការការងារកំណត់ខណ្ឌសីមាព្រំដែនប្រទេសទាំងពីរ ហើយបានរំលោភលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការវាស់វែង និងការកំណត់ខណ្ឌសីមាព្រំដែនគោកឆ្នាំ២០០០។

មិនត្រឹមតែប៉ុណ្ណឹងទេ សកម្មភាពកងកម្លាំងថៃ ក៏រំលោភលើកំណត់ហេតុកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោគ (JBC) និងសេចក្តីប្រកាសរួមរបស់គណៈកម្មាធិការព្រំដែនទូទៅ (GBC)។ កម្ពុជា បង្ហាញជំហរជាថ្មីថា មិនទទួលយកការកំណត់ខ្សែព្រំដែនជាឯកតោភាគីដោយប្រទេសថៃ។ ផ្ទុយមកវិញ កម្ពុជាជំរុញឱ្យភាគីថៃ បញ្ឈប់ការបន្តធ្វើសកម្មភាពនៅក្នុងតំបន់ដែលបានរៀបរាប់ខាងលើ ក៏ដូចជាតំបន់ផ្សេងទៀតដែលកងកម្លាំងប្រដាប់អាវុធថៃ បានកាន់កាប់ដោយខុសច្បាប់ ចាប់តាំងពីចុងឆ្នាំ២០២៥ ដើម្បីលើកកម្ពស់ទំនុកចិត្តគ្នាទៅវិញទៅមក និងសម្រួលដល់ការដោះស្រាយជម្លោះដោយសន្តិវិធី។

ថ្មីៗនេះ អង្គការសិទ្ធិមនុស្សលីកាដូ (LICADHO) ទើបនឹងបានចេញផ្សាយរូបភាពផ្កាយរណប ដែលថតកាលពីខែមីនា ឆ្នាំ២០២៦ អំពីសកម្មភាពកងកម្លាំងយោធាថៃឈូសឆាយផ្ទះសម្បែងរបស់ប្រជាពលរដ្ឋកម្ពុជាយ៉ាងតិច៦២៧ខ្នង និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលជាច្រើនផ្សេងទៀតក្នុងភូមិចំនួន៣ តាមបណ្តោយព្រំដែន។ ការវិភាគនោះ ផ្អែកលើរូបភាពពីផ្កាយរណប Sentinel-2 របស់ទីភ្នាក់ងារអវកាសអឺរ៉ុប និងរូបភាពដែលបានធ្វើបច្ចុប្បន្នភាពដោយ Apple Maps។ រូបភាពទាំងនេះ បានបង្ហាញឱ្យឃើញពីការខូចខាតនៅភូមិជោគជ័យ២៧០កន្លែង តំបន់បឹងត្រកួន២៩៩កន្លែង និងភូមិព្រៃចាន់៥៨កន្លែង៕






