
បទបរិយាយ៖ ការសាកល្បងដ្រូនប្រឆាំងការរំខានសញ្ញា GPS របស់ក្រុមហ៊ុនអ៊ីស្រាអែល Aeros Sentinel នៅជិតព្រំដែនថៃ-កម្ពុជា កាលពីថ្មីៗ កំពុងតែរំឭកពលរដ្ឋកម្ពុជា ឱ្យនឹកឃើញដល់នូវទង្វើឈ្លានពានរបស់យោធាថៃ មកលើដែនអធិបតេយ្យភាពកម្ពុជាជាថ្មីម្ដងទៀត ខណៈរបួសនៃដំបៅបេះដូងមួយនេះ នៅមានទាន់ជាសះស្បើយនៅឡើយ។ តើអ៊ីស្រាអែលមានផែនការអ្វីឱ្យប្រាកដ ចំពោះទង្វើឈ្លានពានរបស់យោធាថៃ ទើបបានជាមកឆ្កឹះក្រម៉ដំបៅនេះឱ្យពលរដ្ឋខ្មែរឈឺចុកចាប់ពើតផ្សាឡើងវិញ...?

យោធាថៃ បានប្រើប្រាស់អាវុធកាចសាហាវ ព្រៃផ្សៃ និងអននុស្សធម៌ជាច្រើនប្រភេទ រាប់ទាំងការប្រើដ្រូនអត្តឃាតទម្លាក់បំផ្ទុះ សម្លាប់វីរកងទ័ពកម្ពុជាអស់ជាច្រើននាក់ ទម្រាំបទឈប់បាញ់ថ្ងៃទី២៧ធ្នូ ឆ្នាំ២០២៥ ប្រសូតឡើង និងកំពុងស្ថិតក្នុងភាពផុយស្រួយនៃការផ្ទុះជម្លោះប្រដាប់អាវុធជុំទី៣ឡើងវិញ។ សកម្មភាពរបស់អ៊ីស្រាអែល បាននិងកមពុងបង្ហាញពិភពលោកយ៉ាងច្បាស់ថា ពួកគេគាំទ្រលទ្ធិវាទីនិយម ដូចដែលបានធ្វើលើរដ្ឋប៉ាឡេស្ទីន តាមរយៈការសម្លាប់រង្គាលនៃជនស៊ីវិលប៉ាឡេស្ទីនរាប់ម៉ឺននាក់រួចមកហើយ។ តើការផ្ទេរបច្ចេកវិទ្យាយោធារបស់អ៊ីស្រាអែល ឱ្យមកយោធាថៃ និងការសាកល្បងដ្រូននៅតាមបណ្តោយព្រំដែន គឺជាចុតហ្មាយមច្ចុរាជ គំរាមសន្តិសុខ និងសន្តិភាពរបស់កម្ពុជាមែនទេ…?

មែនទែនទៅ ការសាកល្បងដ្រូនប្រឆាំងការរំខានសញ្ញា GPS របស់ក្រុមហ៊ុនអ៊ីស្រាអែល នៅព្រំដែនកម្ពុជា-ថៃ មិនមែនជាការបង្ហាញបច្ចេកវិទ្យាយោធាធម្មតាទេ។ មិនធម្មតា..ក៏នៅត្រង់ថា ការសាកល្បងនេះ គឺជាសញ្ញាមួយនៃការបង្កើនសមត្ថភាពយោធាសម័យទំនើបរបស់ថៃ ក្នុងការប្រើប្រាស់ឧបករណ៍យោធាមានបច្ចេកវិទ្យាខ្ពស់ និងទាន់សម័យ ក្រោមការជួយគាំទ្របន្ថែមពីអ្នកជំនាញអ៊ីស្រាអែល។ ក្រុមហ៊ុន Aeros Sentinel ត្រូវបានរាយការណ៍ថា បានបង្ហាញសមត្ថភាពដ្រូនដែលអាចបន្តហោះ និងធ្វើប្រតិបត្តិការបាន ទោះបីសញ្ញា GPS ត្រូវបានរំខានក៏ដោយ។ ការប្រើប្រាស់ Visual Navigation នេះ មានន័យថា ដ្រូនអាចពឹងផ្អែកលើព័ត៌មានពីកាមេរ៉ា និងប្រព័ន្ធចាប់សញ្ញាផ្សេងទៀត ដើម្បីឱ្យវានៅតែអាចបន្តត្រដាងស្លាបធ្វើការពីលើអាកាស ទោះជាប្រព័ន្ធ GPS ត្រូវបានកាត់ផ្តាច់ក៏ដោយ។

ទោះយ៉ាងណា ការសាកល្បងដ្រូនរបស់អ៊ីស្រាអែលរបស់យោធាថៃ នៅតាមបណ្តោយព្រំដែនជាប់កម្ពុជា ហាក់កំពុងរំឭកអំពីទង្វើឈ្លានពានរបស់ខ្លួនមកលើកម្ពុជាស្រស់ៗ កាលពីកំលុងចុងឆ្នាំ២០២៥។ មែនទែនទៅ បច្ចេកវិទ្យាយោធារបស់អ៊ីស្រាអែល បានដើរតួនាទីជាយុទ្ធសាស្ត្រ នៅក្នុងស្រមោលនៃសង្គ្រាមឈ្លានពានរបស់ថៃ លើកម្ពុជា។ គេនៅចាំបានថា ការប្រយុទ្ធគ្នាដ៏សាហាវ កាលពីពេលកន្លងទៅ ប្រទេសថៃបានពឹងផ្អែកខ្លាំងលើប្រព័ន្ធការពារជាតិទំនើបៗ ដែលអភិវឌ្ឍដោយអ៊ីស្រាអែល ដើម្បីច្បាមយកឧត្តមភាពប្រយុទ្ធ និងមានប្រៀបលើកងទ័ពកម្ពុជា។ នាពេលនោះ យោធាថៃ បានបំពាក់ដោយអាវុធអ៊ីស្រាអែលចម្រុះ រួមទាំង៖ កាំភ្លើងធំស្វ័យប្រវត្តិ ដ្រូនស៊ើបការណ៍ និងឧបករណ៍យោធាផ្សេងទៀត។ ហេតុអ្វី ដ្រូនស៊ើបការសម្ងាត់របស់អ៊ីស្រាអែល ជាកែវភ្នែកទី៣របស់យោធាថៃ…?

នៅព្រឹកព្រលឹមថ្ងៃទី២៥ ខែកក្កដា យោធាឈ្លានពានថៃ បានចាប់ផ្តើមយុទ្ធនាការវាយប្រហារតាមអាកាសយ៉ាងកំរោល ដោយបានប្រើប្រាស់ទាំងយន្តហោះចម្បាំង F-16 និងដ្រូនប្រយុទ្ធផលិតក្នុងស្រុក។ ប៉ុន្តែអ្វីដែលគេកត់សម្គាល់នោះ គឺថា មុនពេលបើកប្រតិបត្តិការឈ្លានពាន ថៃបានប្រើដ្រូនស៊ើបការណ៍អ៊ីស្រាអែល មកកំណត់ទីតាំងកាំភ្លើងធំ ឃ្លាំងអាវុធ និងប្រព័ន្ធញ់រ៉ុក្កែតចល័តរបស់កម្ពុជា។ នេះបើតាមការចុះផ្សាយដោយកាសែត Jerusalem Post។ សូមជម្រាបថា ប្រទេសថៃ បានពឹងផ្អែកលើដង្ហើមបច្ចេកវិទ្យាការពារជាតិពីអ៊ីស្រាអែល តាំងពីទសវត្សរ៍ឆ្នាំ១៩៧០មកម្ល៉េះ ហើយទំនាក់ទំនងយោធារវាងប្រទេសទាំង២ កាន់តែស្អិតល្មួត ដូចទឹក និងត្រី ក្រោមកិច្ចព្រមព្រៀងយោធា និងការផ្ទេរចំណេះដឹង ផលិតប្រព័ន្ធអាវុធរបស់កងទ័ពភូមិន្ទថៃ។

ជាទឡ្ហីករណ៍ រាជធានីបាងកកមានកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Rafael Advanced Defense Systems ដោយចាប់ផ្តើមផលិតប្រព័ន្ធមីស៊ីលនាំផ្លូវ Spike NLOS និង ER នៅក្នុងស្រុក សហការជាមួយវិទ្យាស្ថានបច្ចេកវិទ្យាការពារជាតិរបស់ថៃ។ លើសពីនេះ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Rafael គឺ Aeronautics Ltd. ក៏បានលក់យន្តហោះគ្មានមនុស្សបើក Dominator ទៅឱ្យក្រសួងការពារជាតិថៃផងដែរ ដោយដ្រូនប្រភេទនេះ អាចផ្ទុកទម្ងន់បានរហូតដល់១៩០០គីឡូក្រាម រួមទាំងកាមេរ៉ា រ៉ាដា និងគ្រាប់បែក ហើយអាចហោះហើរលើអាកាសបានរហូតដល់ ២០ម៉ោង។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនផលិតអាវុធតូចៗរបស់អ៊ីស្រាអែលផ្សេងទៀត ក៏បានលក់កាំភ្លើងវែង និងខ្លី រាប់ពាន់ដើម ទៅឱ្យស្ថាប័នរាជរាជរដ្ឋាភិបាលថៃ រួមទាំងការបង្កើតរោងចក្រផលិតអាវុធធុនតូចនៅប្រទេសថៃផ្ទាល់តែម្ដង។

ទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់អ៊ីស្រាអែលនៅពេលនេះ បានបង្រៀនឱ្យយើងយល់យ៉ាងច្បាស់ថា ការស្វែងរកភាពត្រឹមត្រូវ ឬការស្រែករកភាពយុត្តិធម៌ពីក្រុមប្រទេសមាននិន្នាការឈ្លានពានទឹកដីអ្នកដទៃ វាមិនអាចទៅរួចទេ មានតែការប្រឹងប្រែងពង្រីកសមត្ថភាពយោធារបស់ខ្លួនឱ្យខ្លាំងដូចជាអ៊ីរ៉ង់ ទើបអាចមានទុនទៅចរចា ឬធ្វើឱ្យបច្ចាមិត្តកោតក្រែងយើង ដូចមហាអំណាចសហរដ្ឋអាម៉េរិក ដកថយពីសង្គ្រាមផ្តួលរំលំមេដឹកនាំសាសនានៅអ៊ីរ៉ង មិនបានសម្រេចដូច្នោះដែរ។ តើ..កម្ពុជាគួរការពារខ្លួនបែបណា..? ហើយថា..តើត្រូវពង្រឹងសមត្ថភាពការពារខ្លួនឱ្យដល់កម្រិតណា ទើបអាចទប់ស្កាត់មហិច្ឆតាឈ្លានពានរបស់ប្រទេសជិតខាងខ្លួនបាន ខណៈប្រទេសជាប់របងផ្ទះភាគខាងលិចមួយនេះ នៅតែចិញ្ចឹមចិត្តចង់លេបយកទឹកដី កេរមរតក វប្បធម៌ អក្សរសាស្ត្រ ប្រពៃណី ទំនៀមទម្លាប់ ប្រាសាទបុរាណ ក្បួនច្បាប់របស់ដូនតាខ្មែរធ្វើជារបស់ខ្លួន មិនមានថ្ងៃលោះនោះ? ចំពោះចម្លើយនៃសំណួរខាងលើនេះ យើងខ្ញុំសូមឱ្យយុវជន-យុវនារីខ្មែរជំនាន់ថ្មី ក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរនៅទូទាំងពិភពលោក ចូលរួមឆ្លើយទាំងអស់គ្នា ដ្បិតអី ពួកយើងគឺជាកោសិការួមនៃការរក្សាពូជសាសន៍មួយនេះ នៅលើភពផែនដីបន្តទៀត...៕




