ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យស៊ើបអង្កេតសមាគមបាល់ទាត់បន្ទាន់ ក្រោយក្រុមជម្រើសជាតិហាលអាវត្រឹមវគ្គសន្សំពិន្ទុ
N
Nary Vann
29 មិថុនា 2026 12:15 PM

រដ្ឋធានីសេអ៊ូល៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក លី ជេម្យុង (Lee Jae Myung) បានចេញបញ្ជាដាច់ខាត់ឱ្យក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ បើកការស៊ើបអង្កេតទ្រង់ទ្រាយធំ ជុំវិញការធ្លាក់ចេញពីព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក World Cup 2026 ត្រឹមវគ្គសន្សំពិន្ទុរបស់ក្រុមជម្រើសជាតិ ខណៈគ្រូបង្វឹកលោក ហុង ម្យុងបូ (Hong Myung-bo) បានប្រកាសលាលែងពីតំណែង ដើម្បីទទួលខុសត្រូវ...។

លោក លី ជេម្យុង
លោក លី ជេម្យុង

លោកប្រធានាធិបតី លី ជេម្យុង បានសម្ដែងការខកចិត្តយ៉ាងខ្លាំងតាមរយៈបណ្តាញសង្គម X ដោយលោកបានប្រើពាក្យធ្ងន់ៗថា លោកមានអារម្មណ៍ «ភាន់ភាំង និងស្រឡាំងកាំងជាពន់ពេក» ចំពោះលទ្ធផលដ៏អន់នេះ។ លោកបានរិះគន់ចំៗទៅលើសមាគមបាល់ទាត់កូរ៉េខាងត្បូង (KFA) ជុំវិញដំណើរការជ្រើសរើសគ្រូបង្វឹកកាលពីឆ្នាំ២០២៤ ដោយលោកបានចោទប្រកាន់ថា សមាគម មិនបានផ្ដោតលើសមត្ថភាពពិតប្រាកដជាអាទិភាពឡើយ ហើយមានការលាយឡំរវាងផលប្រយោជន៍បុគ្គល និងផលប្រយោជន៍រួម។ លោកបានសង្កត់ធ្ងន់ថា ដោយសារតែការចូលរួមប្រកួត World Cup នេះ ត្រូវប្រើប្រាស់កញ្ចប់ថវិកាពន្ធដារដ៏ច្រើនសន្ធឹកសន្ធាប់របស់ប្រជាពលរដ្ឋ ដូច្នេះ រដ្ឋាភិបាលត្រូវតែស៊ើបអង្កេតរកខុសត្រូវ និងធ្វើកំណែទម្រង់រដ្ឋបាលកីឡាទូទាំងប្រទេស ដើម្បីកុំឱ្យរឿងបែបនេះកើតឡើងទៀត។

កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានហាលអាវត្រឹមវគ្គសន្សំពិន្ទុ បន្ទាប់ពីរកបានត្រឹម៣ពិន្ទុប៉ុណ្ណោះ ពីការប្រកួតចំនួន៣លើក ដោយឈ្នះសាធារណរដ្ឋឆែក ប៉ុន្តែចាញ់ក្រុមម្ចាស់ផ្ទះម៉ិកស៊ិក និងអាហ្វ្រិកខាងត្បូង ដែលធ្វើឱ្យពួកគេមិនអាចសូម្បីតែជាប់ឈ្មោះជាក្រុមលេខ៣ល្អបំផុតទាំង៨ក្រុម។ ភ្លាមៗបន្ទាប់ពីបរាជ័យនេះ លោក ហុង ម្យុងបូ វ័យ៥៧ឆ្នាំ ដែលជាអតីតខ្សែការពារល្បីឈ្មោះម្នាក់របស់អាស៊ី បានប្រកាសដើរចេញពីតំណែង ដោយថ្លែងថា លោកខិតខំអស់ពីសមត្ថភាពហើយ៕

លោក ហុង ម្យុងបូ
លោក ហុង ម្យុងបូ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត